(ភ្នំពេញ)៖ កម្ពុជា-កូរ៉េ ប្ដេជ្ញាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ឲ្យបាននៅក្នុងខែតុលា ឆ្នាំ២០២១នេះ។ នេះបើយោងតាមលក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

លោក ប៉ែន សុវិជាតិ បានអះអាងថា កម្ពុជា-កូរ៉េ បានប្ដេជ្ញាចិត្តក្នុងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ឲ្យបានក្នុងខែតុលា ឆ្នាំ២០២១នេះ ទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩យ៉ាងណាក្ដី។

លោកថា ប្រសិនបើស្ថានភាពនៃជំងឺកូវីដ១៩ បានធូរស្បើយរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នឹងអញ្ជើញទៅចុះហត្ថលេខា ដោយផ្ទាល់ក្នុងប្រទេសកូរ៉េ ប៉ុន្ដែប្រសិនបើស្ថានភាពមិនអំណោយផល ការចុះហត្ថលេខានឹងរៀបចំឡើងតាមប្រព័ន្ធអនឡាញ។

ថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ លោក ប៉ែន សុវិជាតិ បានយ៉ាងដូច្នេះថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចុះហត្ថលេខាផ្លូវការនៅក្នុងខែតុលា ឆ្នាំ២០២១នេះ ប៉ុន្ដែមិនទាន់មានកាលបរិច្ឆេទ ច្បាស់លាស់នៅឡើយទេ។ តាមការគ្រោងទុកភាគីទាំងពីរប្តេជ្ញា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ឲ្យបានទាន់ពេលវេលាដែលកំណត់ក្នុងខែតុលានេះ»។

លោកបានបន្ថែមថា ការចុះហត្ថលេខាអាចធ្វើតាមប្រព័ន្ធអនឡាញ ប្រសិនបើស្ថានភាពនៃជំងឺកូវីដ១៩ មិនអំណោយផល ប៉ុន្ដែបើស្ថានភាពល្អប្រសើរ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មលោកនឹងអញ្ជើញចុះទៅដោយផ្ទាល់។

ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េ បាននិងកំពុងដំណើរការយ៉ាងរលូន។ ជាក់ស្ដែងគិតត្រឹម៨ខែ ឆ្នាំ២០២១នេះ ពោលចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ សម្រេចបានចំនួនជាង៥១៤លានដុល្លារ កើនឡើង១១.៥២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

រយៈពេល៨ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញទៅកូរ៉េ ក្នុងទំហំទឹកប្រាក់ជាង១២៩លានដុល្លារ ខណៈការនាំចូលពីកូរ៉េវិញ មានទំហំទឹកប្រាក់ជាង៣៨៥លានដុល្លារ។

ទំនិញដែលកម្ពុជានាំចេញទៅកូរ៉េមានដូចជា៖ សំលៀកបំពាក់ គ្រឿងអេឡិកត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ និងក្រដាសកាតុង ជាដើម -ល-។

ខណៈទំនិញដែលកម្ពុជា នាំចូលពីកូរ៉េច្រើនបំផុតមានដូចជា៖ ក្រណាត់ត្បាញ រថយន្តដឹកទំនិញ ភេសជ្ជៈ គ្រឿងអេឡិកត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិក ជាដើម -ល-។

គូសបញ្ជាក់ថា ពេញមួយឆ្នាំ២០២០កន្លងទៅទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េ សម្រេចបានសរុបចំនួន៧២៩.១៣លានដុល្លារអាមេរិក កើនឡើង១៧.៣១ភាគរយ បើបៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន៨៨១.៧៦លានដុល្លារ។

សូមជម្រាបថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ មានគោលបំណងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគី ឲ្យកាន់តែទំលំទូលាយ ដោយផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំង២។

កិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត លើទំនិញដែលធ្លាប់នាំចេញ នាពេលកន្លងមក មានដូចជា៖ ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។

សម្រាប់សាធារណរដ្ឋកូរ៉េ ក៏អាចជួយលើកកម្ពស់ ការនាំចេញរបស់ខ្លួនបន្ថែមទៀត មកកាន់ប្រទេសកម្ពុជា រួមមាន៖ យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និងផលិតផលផ្លាស្ទិក៕