(ភ្នំពេញ)៖ ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជា ទៅកាន់ប្រទេសចិន អាចនឹងកើនឡើង ចាប់ពីខែតុលា ឆ្នាំ២០២១នេះ រហូតដល់ខែឧសភា ឆ្នាំ២០២២ ដោយសារតែការប្រមូលផលផ្លែស្វាយចូលដល់។

កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារចិន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ហើយរហូតមកដល់ពេលនេះ ការនាំចេញស្វាយទើបសម្រេចបាន ២០០តោនប៉ុណ្ណោះ។ ប៉ុន្តែអ្នកនាំចេញមើលឃើញថា ចាប់ពីខែតុលា ឆ្នាំ២០២១តទៅកម្ពុជា នឹងនាំចេញផ្លែស្វាយ ទៅកាន់ប្រទេសចិនបានច្រើន។

ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីចហ្វាម អេស៊ា ដែលជាវិនិយោគលើចម្ការស្វាយ និងជាអ្នកនាំចេញស្វាយទៅប្រទេសចិន បានបញ្ជាក់ថា «ចាប់ពីពាក់កណ្ដាលខែតុលា ឆ្នាំ២០២១ រហូតដល់ខែឧសភា ឆ្នាំ២០២២ ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជា ទៅកាន់ប្រទេសចិននឹងកើនឡើង ដោយសារតែពាក់កណ្ដាលខែតុលាដល់ខែធ្នូ ឆ្នាំ២០២១ ជាពេលដែលប្រមូលផលផ្លែស្វាយខុសរដូវ ហើយខែមករា ដល់ខែឧសភា ឆ្នាំ២០២២ ជាពេលដែលរដូវកាលផ្លែស្វាយមកដល់ ដូច្នេះនឹងមានការប្រមូលសម្អាត និងនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន»

លោកបានបន្ដថា ការនាំចេញផ្លែស្វាយគិតមកដល់ពេលនេះ មានត្រឹមតែ២០០តោនប៉ុណ្ណោះ ដោយសារតែកិច្ចព្រមព្រៀង នាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅចិន ទើបតែបានបើកជាផ្លូវការ ក្នុងអំឡុងខែឧសភា ឆ្នាំ២០២១ ដូច្នេះចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២១នេះ មិនមែនជារដូវកាលផ្លែស្វាយនោះទេ ជាហេតុធ្វើឲ្យមានផ្លែស្វាយប្រមាណតែ ២០០តោនបាននាំចេញទៅចិន។ ចំពោះស្វាយដែលត្រូវបាននាំចេញនេះ ជាស្វាយដែលនៅសេសសល់ ពីការប្រមូលផលនូវរដូវកាលចាស់។

មានផលរំខាន់តិចតួចក្នុងការនាំចេញផ្លែស្វាយ ទាក់ទិននឹងតម្លៃប្រកួតប្រជែង ដោយសារតែប្រទេសចិន មិនបាននាំចូលផ្លែស្វាយពីកម្ពុជាតែមួយទេ គឺនាំចូលពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត ពិសេសពីប្រទេសវៀតណាម, ថៃ និងឥណ្ឌាជាដើម។ បញ្ហាសំខាន់មួយទៀត គឺតម្លៃដឹកជញ្ជូន។ ការដឹកជញ្ជូនរបស់កម្ពុជា មានតម្លៃខ្ពស់ខ្លាំង បើធៀបនឹងបណ្ដាប្រទេសផ្សេងៗទៀត។

លោកឧកញ៉ាថា «កត្តាសំខាន់ក្នុងការនាំចេញផ្លែស្វាយស្រស់នេះបានតិច ឬច្រើន គឺអាស្រ័យលើតម្លៃប្រកួតប្រជែង ប៉ុន្ដែនិយាយពីគុណភាពផ្លែស្វាយរបស់កម្ពុជា គឺត្រូវបានទទួលស្គាល់យ៉ាងច្រើនពីប្រជាជនចិនថា មានរសជាតិឆ្ងាញ់ដោយសារតែ ផ្លែស្វាយមានជាតិម្សៅ និងមានឱជារសជូរអែមមានជាតិ ធ្វើឲ្យប្រជាជនចិនពេញនិយម និងចូលចិត្តជាខ្លាំងក្នុងពេលប៉ុន្មានឆ្នាំនេះ ពិសេសគឺផ្លែស្វាយកែវរមៀត»

មិនមានត្រឹមតែប្រជាជនចិនទេ ប្រជាជនកូរ៉េក៏ចូលចិត្តផ្លែស្វាយកែវរមៀតរបស់កម្ពុជាដែរ ដោយសារតែកម្ពុជាមានពូជស្វាយកែវរមៀត ដែលមានរសជាតិពិសេសមួយ គឺរសជាតិជូរអែម។

ផ្លែស្វាយស្រស់កម្ពុជា ជាផ្លែឈើស្រស់ទី២ បន្ទាប់ពីផ្លែចេកស្រស់ ដែលអាចនាំចេញ ទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និងចិន។

កម្ពុជាមានផ្ទៃដីដាំដុះស្វាយចំនួន ១៣ម៉ឺនហិកតា ផ្ទៃដីប្រមូលផលស្វាយជាង ៩ម៉ឺនហិកតា ក្នុងបរិមាណទិន្នផលជាង ១៥តោនក្នុង១ហិកតា ស្មើនឹងទិន្នផលសរុបជិត ១.៤លានតោនក្នុងមួយរដូវ៕