(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) បានគូសបញ្ជាក់ថា កម្ពុជាត្រូវពង្រឹងការផលិត និងការនាំចេញ ដោយការទាញយកផលប្រយោជន៍ ពីច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីពន្លឿនការស្ដារសេដ្ឋកិច្ចឡើងវិញ។ នេះបើតាមរបាយការណ៍របស់ World Bank ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

World Bank បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីពនឿនការស្តារសេដ្ឋកិច្ចឡើងវិញ និងជំរុញការបង្កើតការងារ វាជារឿងសំខាន់ណាស់ ដែលកម្ពុជា ត្រូវចាត់វិធានការ ចាំបាច់ក្នុងការពង្រឹងភាព ប្រកួតប្រជែងខាងក្រៅ ដើម្បីជំរុញការផលិត និងការនាំចេញ ដោយការទាញយកផលប្រយោជន៍ ពីច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីកម្ពុជា-ចិន»

របាយការណ៍ World Bank បានគូសបញ្ជាក់ថា ជាពិសេស ការដោះស្រាយបញ្ហារាំងស្ទះ ផ្នែកផ្គត់ផ្គង់ ដោយកាត់បន្ថយ ការចំណាយក្នុងការធ្វើ អាជីវកម្ម ភស្តុភារ និងថាមពល ទន្ទឹមនឹងនោះលុបបំបាត់ ភាពមិនទន់ភ្លន់ ក្នុងការអនុវត្តបទបញ្ញតិសំខាន់ៗ ទាក់ទងនឹងការងារ ដែលរាំងស្ទះ ដល់ការងើបឡើងវិញ ដ៏រឹងមាំនៃទីផ្សារការងារ។

របាយការណ៍ World Bank បានលើកឡើងថា ទោះបីវិស័យកសិកម្ម នៅតែមានភាពធន់ និងការនាំចេញទំនិញ បានងើបឡើងវិញ ដែលគាំទ្រពីលក្ខខណ្ឌតម្រូវ ការខាងក្រៅល្អប្រសើរក៏ដោយ កត្តាជំរុញកំណើនផ្សេងទៀត ពិសេសវិស័យទេសចរណ៍ សំណង់ និងអចលនទ្រព្យ បន្តរងផលប៉ះពាល់យ៉ាងខ្លាំង ពីការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩។ ទោះយ៉ាងណា ការវិនិយោគនៅតែមានភាពធន់។

ជាមួយគ្នានេះ របាយការណ៍ World Bank បានឲ្យដឹងថា ការងើបឡើងវិញដ៏យឺតនៃសេដ្ឋកិច្ច និងការកាត់បន្ថយ ការប្រើប្រាស់ម្ហូបអាហារ ជាយុទ្ធសាស្ត្រចម្បង ក្នុងការដោះស្រាយហានិភ័យ នឹងធ្វើឲ្យប៉ះពាល់សមត្ថភាពស្តារឡើងវិញ ពីជំងឺរាតត្បាត ដែលអាចធ្វើឲ្យខូចដល់វឌ្ឍនភាព នៃការកាត់បន្ថយភាពក្រីក្រ ដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ World Bank បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងបន្ដកើនឡើង ក្នុងអត្រា៥.២% នៅក្នុងឆ្នាំ២០២២ និងក្នុងឆ្នាំ២០២៣ ស្របពេលដែល នៅក្នុងឆ្នាំ២០២១នេះ នឹងបន្ដកើនឡើង ក្នុងអត្រា៤%។ ប៉ុន្តែនៅពេលនេះ ធនាគារនេះ បានព្យាករណ៍ការកើនឡើន នៃសេដ្ឋកិច្ចកម្ពុជា មកត្រឹម២.២% ក្នុងឆ្នាំ២០២១ និង ៤.៥% នៅឆ្នាំ២០២២។

លោក សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានគូសបញ្ជាក់ឲ្យដឹងថា ច្បាប់វិនិយោគថ្មី បានបង្ហាញពីភាពត្រូវគ្នា ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងការបើកទីផ្សារកម្ពុជា និងទាក់ទាញការវិនិយោគ ឲ្យបានកាន់តែច្រើន។

ច្បាប់វិនិយោគថ្មីនេះ មានលក្ខណៈទាក់ទាញ ដូច្នេះលោកសង្ឃឹមថា ការអនុវត្ដច្បាប់ថ្មីនេះ នឹងមានការទាក់ទាញ អ្នកវិនិយោគមកកាន់តែច្រើន និងលើកទឹកចិត្ដ អ្នកវិនិយោគក្នុងស្រុក កាន់តែច្រើនចូលរួមផងដែរ។ លោកថា ច្បាប់វិនិយោគថ្មីនេះ មានចំណុចជាច្រើន ដែលជួយទៅដល់ឧស្សាហកម្មក្នុងស្រុក ដោយទាក់ទាញការវិនិយោគ និងបង្កើតការងារ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន (FTA) នឹងអាចចូលជាធរមាន នៅដើមឆ្នាំ២០២២ខាងមុខនេះ។ កម្ពុជានឹងទទួលអត្ថប្រយោជន៍បន្ថែមទៀត ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន លើអ្វីដែលកម្ពុជាកំពុងទទួលបានពីភាគីចិន ក្នុងការជំរុញទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងការនាំចេញរបស់កម្ពុជា។ នៅពេលចូលជាធរមាន កម្ពុជាអាចនាំចេញទំនិញជាង៣០០មុខ ទៅប្រទេសចិន ដោយមិនចាំបាច់បង់ពន្ធនោះទេ៕