(ប៉េកាំង)៖ ប្រទេសចិននឹងពិចារណាបង្កើតបញ្ជីអវិជ្ជមានមួយសម្រាប់ពាណិជ្ជកម្មសេវាកម្មឆ្លងព្រំដែននៅក្នុងតំបន់ពាណិជ្ជកម្មសេរី (FTZs) របស់ប្រទេសមហាអំណាចមួយនេះ ដើម្បីជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវាកម្មបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតស៊ិនហួរ។

កាសែតរដ្ឋចិនមួយបានចេញផ្សាយដោយដកស្រង់សំដីរបស់មន្ត្រីក្រសួងពាណិជ្ជកម្មលោក Chen Hong ដែលបានថ្លែងនៅឯសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារម្សិលមិញថា ប្រទេសចិននឹងខិតខំប្រឹងប្រែងបន្តទៀតដើម្បីលើកកម្ពស់កម្រិតនៃការបើកចំហររបស់ចិន ពន្លឿននវានុវត្តន៍ស្ថាប័នចិន និងខិតខំព្យាយាមសាងសង់ FTZ ផ្សេងៗជាមួយនឹងឥទ្ធិពលកម្រិតពិភពលោក។

នៅឯពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិន ដែលបានបញ្ចប់នៅដើមខែកញ្ញានេះ ប្រទេសចិនបានប្រកាសថា ខ្លួននឹងលើកកម្ពស់ការអនុវត្តបញ្ជីអវិជ្ជមានមួយសម្រាប់ពាណិជ្ជកម្មសេវាកម្មនៅទូទាំងប្រទេស។

លោក Chen បានថ្លែងថា ដើម្បីពន្លឿននវានុវត្តន៍ស្ថាប័នរបស់ប្រទេសចិន មន្ទីរនានារបស់រដ្ឋបាលថ្នាក់ខេត្តនឹងផ្តល់អំណាចគ្រប់គ្រងបន្ថែមជូនទៀតដល់ FTZ។

គួររំឭកថា កាលពីខែកក្កដា ក្រសួងពាណិជ្ជកម្មចិនបានចេញផ្សាយបញ្ជីអវិជ្ជមានមួយសម្រាប់ពាណិជ្ជកម្មសេវាកម្មឆ្លងព្រំដែនក្នុងខេត្តហៃណាន ដែលជាបញ្ជីអវិជ្ជមានដំបូងសម្រាប់ពាណិជ្ជកម្មសេវាកម្មក្នុងប្រទេសនេះ។

បញ្ជីនេះដែលបានចូលជាធរមាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ និងមានឈ្មោះផ្លូវការថា «ការវាស់វែងរដ្ឋបាលពិសេសសម្រាប់ពាណិជ្ជកម្មសេវាកម្មឆ្លងព្រំដែន នៅកំពង់ផែពាណិជ្ជកម្មសេរីហៃណាន» រួមបញ្ចូលការវាស់វែងនិយ័តកម្មចំនួន ៧០ ដែលផ្តោតទិសដៅលើក្រុមហ៊ុនផ្តល់សេវាកម្មបរទេសនៅក្នុងវិស័យចំនួន១១។

ស្ថិតក្រោមបញ្ជីអវិជ្ជមានសម្រាប់ពាណិជ្ជកម្មសេវាកម្មឆ្លងព្រំដែនរបស់ខេត្តហៃណាន ក្រុមហ៊ុនផ្តល់សេវាកម្មបរទេសមិនត្រូវបានអនុញ្ញាតឱ្យផ្តល់សេវា ដែលត្រូវបានហាមឃាត់ដោយបញ្ជីនេះឡើយ។ សកម្មភាពសេដ្ឋកិច្ចដែលមិនស្ថិតក្នុងបញ្ជីនេះ ត្រូវបានអនុញ្ញាត ហើយក្រុមហ៊ុនផ្តល់សេវាកម្មក្នុងស្រុក និងបរទេសអាចរីករាយនឹងការប្រកួតប្រជែងដោយស្មើភាព និងចូលទីផ្សារដោយស្មើភាពនៅក្នុងវិស័យមិនស្ថិតក្នុងបញ្ជីនេះ៕