(ភ្នំពេញ)៖ អនុស្សារណៈយោគយល់គ្នា ស្តីពីការរៀបចំហិរញ្ញប្បទាន សម្រាប់គាំទ្រការប្រតិបត្តិការរបស់តុវិនិយោគកសិ-ចំណីអាហារ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ត្រូវបានចុះហត្ថលេខា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយ CDC , ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី។

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ ជាព្រឹត្តិការណ៍សំខាន់ បញ្ជាក់ឡើងវិញ ពីការប្តេជ្ញាចិត្តក្នុងការជំរុញវិនិយោគ ក្នុងវិស័យកសិ-ចំណីអាហារជាអាទិភាព ដើម្បីរួមចំណែកដល់ការរក្សាបាននូវសុវត្ថិភាពម្ហូបអាហារ ការបន្ថយភាពក្រីក្រតាមរយៈការបង្កើតការងារបន្ថែម និងកំណើនសេដ្ឋកិច្ច និងចីរភាពបរិស្ថាន។

អនុស្សារណៈយោគយល់គ្នានេះ នឹងក្លាយជាឧបករណ៍សារៈសំខាន់ ក្នុងការរួមចំណែកដល់ការជំរុញវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍក្នុងវិស័យកសិ-ចំណីអាហារ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវភាពប្រកួតប្រជែង ក្នុងវិស័យកសិកម្ម។

ការប្រតិបត្តិរបស់តុវិនិយោគកសិ-ចំណីអាហារ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងជួយពង្រឹងមូលដ្ឋានកាន់តែរឹងមាំនៃវិស័យកសិ-ចំណីអាហារ ឱ្យកាន់តែមានភាពធន់នៅកម្ពុជា តាមរយៈការធ្វើពិពិធកម្មធនធាន និងទម្រង់នៃការវិនិយោគ ដែលប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងវិស័យនេះ ខណៈបង្កើតការងារដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ ដល់ប្រជាជនកម្ពុជាក្នុងវិស័យកសិ-ចំណីអាហារ។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ CDC ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលផ្តល់ជំនួយបច្ចេកទេស ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីធ្វើសកម្មភាពជំរុញការវិនិយោគ ក្រោមកម្មវិធីច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC II)។

លោករដ្ឋមន្ត្រីប្រតិភូបានវាយតម្លៃខ្ពស់ ចំពោះស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា សម្រាប់តួនាទីក្នុងការផ្តល់ជំនួយបច្ចេកទេស ដើម្បីពន្លឿនការស្តារឡើងវិញ នូវសេដ្ឋកិច្ចកម្ពុជា ក្នុងគន្លងប្រក្រតីភាពថ្មីក្រោយវិបត្តិកូវីដ-១៩។

លោកបានបន្ថែមថា «ទន្ទឹមនេះច្បាប់ថ្មីស្តីពី ការវិនិយោគនៃកម្ពុជា នឹងផ្តល់ការលើកទឹកចិត្តឆ្លាតវៃ ដល់ការវិនិយោគតាមវិស័យ ខណៈដែលការវិនិយោគ ក្នុងវិស័យកសិកម្ម និងកសិ-ចំណីអាហារ ត្រូវបានកំណត់ជាវិស័យអាទិភាព ដែលត្រូវជំរុញ និងលើកកម្ពស់ផលិតភាពបន្ថែមទៀត ដើម្បីធានាថាវិស័យទាំងនេះ នឹងមានភាពធន់ និងចីរភាពក្នុងការរួមចំណែក ដល់ការរក្សាលំនឹងសេដ្ឋកិច្ចឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩»

លោកឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសការលើកកម្ពស់ផលិតភាព ក្នុងវិស័យកសិកម្ម តាមរយៈការរួមគ្នាជំរុញការវិនិយោគ ក្នុងវិស័យកសិ-ចំណីអាហារ។

លោកបានបន្ដថា ការផ្តល់ហិរញ្ញប្បទាន ដល់ការប្រតិបត្តិរបស់តុវិនិយោគកសិ-ចំណីអាហារ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពេលនេះជាការចូលរួមបន្ថែមទៀតរបស់អូស្ត្រាលី ក្នុងការជួយបំពេញបន្ថែម ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋា-ភិបាលកម្ពុជា ក្នុងការជំរុញទាក់ទាញ និងថែរក្សាការវិនិយោគ ក្នុងវិស័យកសិកម្មកសិ- ធុរកិច្ច និងកសិ-ចំណីអាហារ។

សូមជម្រាបថា គិតត្រឹមខែសីហា ឆ្នាំ២០២១ CDC បានអនុម័តចុះបញ្ជីគម្រោងវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន៣៧៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៩.៧ពាន់លានដុល្លារ៕