(ញូយ៉ក)៖ តម្លៃប្រេងឆៅឡើងថ្លៃរយៈពេល ៥ថ្ងៃជាប់គ្នាកាលពីថ្ងៃចន្ទម្សិលមិញ ដោយតម្លៃប្រេងឆៅប្រភេទ Brent កើនឡើងដល់កម្រិតខ្ពស់បំផុតគិតចាប់ពីខែតុលា ឆ្នាំ២០១៨ ជិតដល់ ៨០ដុល្លារក្នុងមួយបារ៉ែល ខណៈដែលវិនិយោគិនបារម្ភពីការផ្គត់ផ្គង់ដែលកាន់តែងតិចទៅ ដោយសារការកើនឡើងតម្រូវការក្នុងប្រទេសខ្លះនៅក្នុងពិភពលោក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍នៅថ្ងៃនេះថា ប្រេងឆៅប្រភេទ Brent បានឡើងថ្លៃ ១,៤៤ដុល្លារ ឬ ១,៨% ដល់តម្លៃ ៧៩,៥៣ដុល្លារក្នុងមួយបារ៉ែល។ កិច្ចសន្យាទិញលក់ប្រេងឆៅនាពេលអនាគតបានឡើងថ្លៃ ១,៤៧ដុល្លារ ឬ ២% ដល់ ៧៥,៤៥ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃខ្ពស់បំផុតគិតចាប់ពីខែកក្កដាមក បន្ទាប់ពីកើនឡើងរយៈពេល ៥សប្តាហ៍ជាប់គ្នា។

ក្រុមហ៊ុន Goldman Sachs បានដំឡើងការព្យាកររបស់ខ្លួនថា ប្រេងឆៅប្រភេទ Brent នឹងត្រូវបានជួញដូរក្នុងតម្លៃ ៩០ដុល្លារនៅចុងឆ្នាំនេះ។ ការផ្គត់ផ្គង់ក្នុងពិភពលោកមានភាពតានតឹងដោយសារការស្ទុះងើបតម្រូវការប្រេងឡើងវិញយ៉ាងឆាប់រហ័សពីការផ្ទុះជំងឺកូវីដ-១៩ វីរុសប្រភេទដែលតា និងព្យុះសង្ឃរា Ida ដែលបានបោកបក់ទៅលើទីតាំងផលិតកម្មប្រេងរបស់សហរដ្ឋអាមេរិក។

ដោយសារខ្វះការស្ទុះងើបតម្រូវការប្រេងឡើងវិញ សមាជិករបស់អង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន ឬហៅថា OPEC+ មានការលំបាកក្នុងការដំឡើងទិន្នផលប្រេងឆៅ ដោយសារខ្វះការវិនិយោគ ឬការពន្យាពេលការងារថែទាំចង្វាក់ផលិតកម្មដោយសារការរាតត្បាតជំងឺកូវីដ-១៩។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សំដីលោក Greg Hill បុ្រធានក្រុមហ៊ុន Hess Corp ខណៈលោកថ្លែងថា តម្រូវការប្រេងក្នុងពិភពលោកត្រូវបានគេមើលឃើញថាកើនឡើងដល់ ១០០លានបារ៉ែលក្នុងមួយថ្ងៃនៅចុងឆ្នាំ២០២១ ឬត្រីមាសទី១ ឆ្នាំ២០២២។

យោងតាមទីភ្នាក់ងារថាមពលពិភពលោក (IEA) ការប្រើប្រាស់ប្រេងក្នុងពិភពលោកមានចំនួន ៩៩,៧លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងឆ្នាំ២០១៩ មុនពេលមានការរាតត្បាតជំងឺកូវីដ-១៩ ដែលបានដាក់បន្ទុកដល់សកម្មភាពសេដ្ឋកិច្ច និងតម្រូវការប្រើប្រាស់ប្រេង៕