(ភ្នំពេញ)៖ ប្រទេសឥណ្ឌូនេស៊ី បានបើកការិយាល័យសភាពាណិជ្ជកម្មរបស់ខ្លួនជាផ្លូវការនៅកម្ពុជាហើយ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងពង្រឹងទំនាក់ទំនង រវាងពាណិជ្ជករឥណ្ឌូនេស៊ី និងកម្ពុជាឱ្យមាននិរន្តភាព។ នេះបើតាមលោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដែលបានប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ។

លោកបន្តថា គោលដៅនៃការបើកការិយាល័យពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ីនៅកម្ពុជា គឺដើម្បីសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូនេស៊ី បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ បានធូរស្រាល ដែលភាគីទាំងពីរអាច ធ្វើធុរកិច្ចរួមគ្នា ទៅលើផ្នែកទេសចរណ៍ និងការវិនិយោគលើគ្រប់វិស័យ។
លោកបន្ថែមថា «នេះជាធុរកិច្ចមួយដែលល្អ និងយូរអង្វែង ការបង្កើតនេះដូចជា EuroCham (សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា), AmCham (សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា) វាមានផលប្រយោជន៍ សម្រាប់កម្ពុជាយើង ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចមួយទៅអនាគត ដែលមានលក្ខណៈយូរអង្វែង ប្រសិនបើយើងមិនមានទេ ការទំនាក់ទំនងវាដូចជាដាច់ៗ»

លោកគូសបញ្ជាក់ថា ការបើដំណើរការការិយាល័យ សភាពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ីនាពេលនេះ នឹងរួមចំណែកបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកើនឡើងជាងមុនផងដែរ។

លោក សៀង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានថ្លែងថា ការបើកការិយាល័យពាណិជ្ជកម្មឥណ្ឌូនេស៊ីនៅកម្ពុជា នឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឲ្យមានការីកចម្រើនទៅមុខ។ កន្លងទៅ ភាគីទាំងពីរបានខិតខំធ្វើការជាមួយគ្នា តែដោយសារស្ថានភាពភូមិសាស្ត្រ និងតម្រូវការទំនិញ សម្រាប់ទីផ្សារមិនសូវអំណោយផល ការនាំចេញពីកម្ពុជាទៅឥណ្ឌូនេស៊ី នៅមានកម្រិតតិចតួចនៅឡើយ។

លោកបន្ថែមថា កាលពីឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្មកម្ពុជា និងស្ថានទូតឥណ្ឌូនេស៊ី បានសហការគ្នារៀបចំពិព័រណ៍មិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី ក្នុងគោលដៅផ្សព្វផ្សាយទំនិញសក្ដានុពល របស់ប្រទេសរៀងខ្លួន។

គួរជម្រាបថាបច្ចុប្បន្ននេះ ចំនួនក្រុមហ៊ុនដែលម្ចាស់ភាគហ៊ុនមានសញ្ជាតិឥណ្ឌូនេស៊ី មានចំនួន១២៤ ក្រុមហ៊ុន និងចំនួនសហគ្រាសដែលម្ចាស់ មានសញ្ជាតិឥណ្ឌូនេស៊ីមានចំនួន៩សហគ្រាស។

យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២១ ការនាំចេញរបស់កម្ពុជាទៅឥណ្ឌូនេស៊ី មានតម្លៃ២១លានដុល្លារ បើធៀបនឹងឆ្នាំ២០២០ ធ្លាក់ចុះ៣លានដុល្លារ ខណៈការនាំចូលរបស់ឥណ្ឌូនេស៊ីមកកម្ពុជា មានតម្លៃ៤០២លានដុល្លារ ធ្លាក់ចុះជាង៥០លានដុល្លារ៕