(ភ្នំពេញ)៖ កម្ពុជាកំពុងផ្តោតការនាំចេញអង្ករ ទៅកាន់ទីផ្សារប្រទេសចិន ឲ្យបានច្រើនបន្ថែមទៀត បន្ទាប់ពីការនាំចេញអង្ករ ទៅកាន់ទីផ្សារអឺរ៉ុប និងបណ្ដាប្រទេសមួយចំនួនធ្លាក់ចុះ។ បញ្ហានៃការធ្លាក់ចុះដោយសារតែ តម្លៃដឹកជញ្ជូនកើនឡើង បូកផ្សំជាមួយនឹងកង្វះទូរកុងតទឺន័រ ក្នុងការដឹកជញ្ជូន។

លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ថ្លែងប្រាប់អង្គភាព Fresh News ថា «ប្រទេសចិនជាទីផ្សារធំនាំចូលអង្ករគ្រប់ប្រភេទ ការនាំចូលប្រមាណជា៥.៣២តោនក្នុងមួយឆ្នាំ ហេតុដូចនេះបើការចាប់យកទីផ្សារចំណែកណាមួយជាក់លាក់បានក្នុងប្រទេសចិន នោះយើងអាចធានា បាននូវនិរន្តរភាពសម្រាប់អង្ករកម្ពុជា»។

លោកបានបន្ថែមថា ទោះជាយ៉ាងនេះកម្ពុជា នៅតែត្រូវការទីផ្សារទាំងអស់ទាំងសហគមន៍អឺរ៉ុប, អាស៊ាន, អូស្ត្រាលី, ហ្កាប៊ុង, អាមេរិកជាដើម ព្រោះអង្ករកម្ពុជានាំទៅជាប្រភេទអង្ករក្រអូប ដែលត្រូវការទីផ្សារកំណត់ជាក់លាក់។

លោកបញ្ជាក់ថា មិនមែនតែកម្ពុជានោះទេ ដែលកំពុងសម្លឹងទៅរកទីផ្សារប្រទេសចិន បណ្ដាប្រទេសជិតខាងកម្ពុជា ក៏កំពុងងាកទៅរកទីផ្សារប្រទេសចិនផងដែរ ដោយសារតែជាទូទៅប្រទេសផ្សេងៗផលិតកម្មអង្ករស មានតម្លៃថោក បច្ចុប្បន្នតម្លៃមធ្យមត្រឹមតែ៣៨០ដុល្លារក្នុងមួយតោន ខណៈពេលដែលកម្ពុជា ផលិតអង្ករក្រអូប ជាអាទិភាពដែលមានតម្លៃចន្លោះពី ៦៥០-៨០០ដុល្លារក្នុងមួយតោន។

លោកបន្ថែមថា «ប្រទេសជិតខាងក៏សម្លឹងទៅទីផ្សារចិនមួយចំណែកដែរ ហើយក៏សម្លឹងរកទីផ្សារផ្សេងដែរ អង្ករភាគច្រើនជាអង្ករស ហើយអត់ត្រូវការសំបកទូរកុងទីន័រទេ គឺលាតរាយលើកប៉ាលតែម្តង (Breakbulk vessel) ដែលមានលក្ខណៈខុសពីកម្ពុជា ដែលសំដៅរកទីផ្សារតម្លៃមធ្យម និងខ្ពស់ដូចជា សហគមន៍អឺរ៉ុបជាដើម។ និយាយចំពោះកសិករកម្ពុជា មិននិយមផលិតអង្ករស មានតម្លៃថោកទេ ព្រោះកសិករកម្ពុជា ជាប្រភេទកសិករខ្នាតតូច ដែលមានផ្ទៃដីផលិតកម្មប្រចាំគ្រួសារតូចក្រោម៥ហិតាតែប៉ុណ្ណោះ ការផលិតអង្ករសមានតម្លៃថោក គឺមិនទទួលបានប្រាក់ចំណេញ ដូចការផលិតអង្ករក្រអូបនោះទេ»

លោកបញ្ជាក់ថា ការធ្លាក់ចុះនៃបញ្ហានាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប ដោយសារតែបញ្ហានៃការដឹកជញ្ជូន ការផ្គត់ផ្គង់សេវាមានចំនួនតិច ហើយតម្រូវការប្រើប្រាស់ខ្ពស់ ស្របពេលលំហូរនៃបរិមាណកុងតឺន័រ ទៅកាន់សហគមន៍អឺរ៉ុប ចូលច្រើនជាងលំហូរចេញ ដែលបណ្តាលឱ្យមានការកកស្ទះសម្បកទូកុងតឺន័រតាមកំពង់ផែ និងទីចំណតកុងតឺន័រ នៅសហគមន៍អឺរ៉ុប។

លោកបានបន្ដថា «បញ្ហានេះដោយសារតែ សម្រាប់អង្ករសម្បកទូកុងតឺន័រមានតែប្រភេទ ២០ហ្វីត ស្តង់ដាកម្រិតម្ហូបអាហារតែប៉ុណ្ណោះ ដែលអាចយកមកប្រើដាក់អង្ករនាំចេញ។ បច្ចុប្បន្នប្រភេទនេះមានចំនួនតិច មិនស្របនឹងតម្រូវការ របស់អ្នកនាំចេញនោះទេ ហើយបញ្ហាមួយទៀត គឺអង្ករជាប្រភេទទំនិញធ្ងន់ការផ្តល់នូវទីកន្លែង សម្រាប់ដាក់លើកប៉ាល់ក៏មានចំនួនកំណត់ផងដែរ ស្របពេលទំនិញផ្សេងៗ ជាច្រើនត្រូវការនាំចេញ ដែលក្រុមហ៊ុនកប៉ាល់ត្រូវផ្តល់អាទិភាពឱ្យទំនិញទាំងនោះមុន ដែលស្រាលជាងអង្ករ»

លោកបន្ថែមថា បច្ចុប្បន្នកម្ពុជាត្រូវការដឹកចេញប្រមាណជា៤០០កុងតឺន័រក្នុងមួយសប្តាហ៍ ទៅកាន់សហគមន៍អឺរ៉ុប តែបរិមាណមិនអនុញ្ញាតបានតែត្រឹម១០០ទៅ១៥០កុងតឺន័រតែប៉ុណ្ណោះ។

លោក សុង សារ៉ន បញ្ជាក់បន្ថែមថា «បញ្ហាប្រឈមនេះជាបញ្ហាសកល និងអន្តរកាលតែប៉ុណ្ណោះ សម្រាប់ទីផ្សារសហគមន៍អឺរ៉ុប ឱ្យតែដំណើរដឹកជញ្ជូនតាមផ្លូវសមុទ្រ និងចំនួននៃសម្បកទូកុងតឺន័រ មានប្រក្រតីភាពមកវិញ នោះដំណើរនឹងចាប់ផ្តើមធម្មតាមកវិញ ម្យ៉ាងទៀតដោយសារអង្ករដែលកម្ពុជា នាំទៅសហគមន៍អឺរ៉ុប គឺជាប្រភេទអង្ករក្រអូប និងអង្ករសេរីរាង្គ»

លោកបន្ថែមថា កម្ពុជានៅតែបន្តធ្វើការផ្សព្វផ្សាយ ចូលរួមគ្រប់ព្រឹត្តការណ៍នានា តាមរយៈប្រព័ន្ធអនឡាញ និងតាមរយៈស្ថានទូត និងកុងស៊ុលពាណិជ្ជកម្មកម្ពុជា នៅសហគមន៍អឺរ៉ុប។ ការធ្លាក់ចុះនៅទីផ្សារសហគមន៍អឺរ៉ុបពេលនេះ មិនមែនមានន័យថា គ្មានអ្នកទិញនោះទេ ហើយអ្នកនាំចេញអង្ករមួយចំនួនធំ នៅជំពាក់កិច្ចសន្យាផ្តត់ផ្គង់អង្ករ សម្រាប់នាំចេញទៅគោលដៅទីផ្សារទាំងនោះនៅឡើយ ដោយសារគ្មានមធ្យោបាយដឹកជញ្ជូន ឱ្យស្របតាមស្តង់ដារសុវត្ថិភាពកំណត់នៃម្ហូបអាហារ ទើបធ្វើឱ្យការបញ្ជូនទំនិញមានការយឺតយ៉ាវ។

សូមជម្របថា បរិមាណសរុបនៃការនាំចេញក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ មានចំនួន ៣៤២ ៤៤៧តោន គិតជាទឹកប្រាក់ចំនួន ២៤៨.៣៥ លានដុល្លារ។ ការនាំចេញនេះបានធ្លាក់ចុះទាំងបរិមាណ និងទំហំទឹកប្រាក់។

គោលដៅនាំចេញធំទាំង៥ ក្នុងរយៈពេល៨ខែ នៃឆ្នាំ ២០២១ ដែលគ្របដណ្តប់លើទីផ្សារនាំចេញជាង៧៨% រួមមាន ប្រទេសចិន រួមទាំងទីក្រុងហុងកុង និងម៉ាកាវ កាន់កាប់ចំណែកទីផ្សារចំនួនជាង៤៨% ឬ បរិមាណចំនួន ១៦៥ ៦១២តោន ប្រទេសបារាំងចំនួន ១១.២០% មានបរិមាណចំនួន ៣៨៤៦៥តោន ប្រទេស ហ្កាប៊ុងចំនួន៨% ឬ ២៧៥៩៨តោន ប្រទេសម៉ាឡេស៊ីចំនួន ៧.២១% ឬ ២៤ ៧៥៧តោន ប្រទេស ហូឡង់ ចំនួន ៣.៧៨% ឬ ១២៩៨៩តោន ក្រៅពីនេះគឺ គោលចំនួន ៤៦ផ្សេងទៀតរួមចំណែក ២១.៥៥%៕