(ភ្នំពេញ)៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានជួបប្រជុំជាមួយក្រុមបេសកកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Satoru Yamadera ទីប្រឹក្សានាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការក្នុងតំបន់ប្រចាំ ADB ដើម្បីពិភាក្សាអំពីការអភិវឌ្ឍទីផ្សារមូលបត្ររដ្ឋនៅកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោកស្រី នាវ ច័ន្ទថាណា បានឲ្យដឹងថា «មូលបត្ររដ្ឋដើរតួនាទីយ៉ាងសំខាន់ ក្នុងការកៀគរមូលនិធិសម្រាប់ផ្តល់ហិរញ្ញប្បទាន ដល់ការវិនិយោគសាធារណៈនានា សំដៅលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លើសពីនេះមូលបត្ររដ្ឋក៏នឹងរួមចំណែកលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល និងផ្តល់ជាឧបករណ៍នយោបាយរូបិយវត្ថុ ផ្អែកលើយន្តការទីផ្សារមួយទៀត ដល់ការអនុវត្តនយោបាយរូបិយវត្ថុ ឱ្យកាន់តែមានប្រសិទ្ធភាព»

ក្នុងនោះលោកស្រីទេសាភិបាលរងបានថ្លែងអំណរគុណ ADB ដែលបានផ្តល់ជំនួយបច្ចេកទេស ដល់ការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា និងបានជម្រាបជូនពីច្បាប់ និងបទប្បញ្ញត្តិនានាក្នុងវិស័យធនាគារ ពាក់ព័ន្ធនឹងការចេញផ្សាយ និងទូទាត់ការជួញដូរមូលបត្រ ដែលធនាគារជាតិនៃកម្ពុជាមានបទពិសោធន៍ និងប្រព័ន្ធ ដើម្បីគាំទ្រដំណើរការបោះផ្សាយមូលបត្ររដ្ឋ។

សូមជម្រាបថា មូលបត្ររដ្ឋសំដៅដល់បណ្ណ សញ្ញាបណ្ណ ឬឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀតបញ្ជាក់ពី ការទទួលស្គាល់បំណុលដែលបានបោះផ្សាយ ក្នុងនាមរាជរដ្ឋាភិបាល។ មូលបត្ររដ្ឋរួមមាន៖

* បណ្ណរតនាគារ(Treasury Bill) ដែលមានឥណប្រតិទានតិចជាង១ឆ្នាំ។
* សញ្ញាបណ្ណរតនាគារ(Treasury Bond)ដែលមានឥណប្រតិទានចាប់ពី១ឆ្នាំឡើងទៅ។
* សញ្ញាបណ្ណ(Bond)ដែលផលចំណូលផ្សារភ្ជាប់ជាមួយនឹងអត្រាអតិផរណា ឬអត្រាប្តូរប្រាក់ ឬក៏អត្រាផ្សេងៗ។
* មូលបត្ររដ្ឋដែលមិនអាចជួញដូរបាន។
* មូលបត្ររដ្ឋផ្សេងដទៃទៀត ដែលបោះផ្សាយស្របតាមច្បាប់អនុញ្ញាត៕