(ភ្នំពេញ)៖ រយៈពេល ៨ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញ ផលិតផល សម្លៀកបំពាក់ក្នុងតម្លៃជាង៥ពាន់លានដុល្លារ កើនឡើងតិចតួចបើធៀបនឹង រយៈពេល ដូចគ្នាកាលឆ្នាំមុន ។

យោងតាមទិន្នន័យដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការនាំចេញផលិតផលសម្លៀកបំពាក់របស់កម្ពុជា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២១ មាន ទឹកប្រាក់ ៥,០២១,៨៨៩,៤៤២.៩៩ ដុល្លារ កើន ជាង ១៦០លាន ដុល្លារ ដែលស្មើនឹង ៣.៣០% ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ។

ទីផ្សារនាំចូលសម្លៀកបំពាក់ពីកម្ពុជារួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន ចក្រភពអង់គ្លេស និងទីផ្សារ ផ្សេងៗមួយចំនួនទៀត។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានកត់សម្គាល់ថា រយៈពេលចុងក្រោយនេះការបញ្ជាទិញសម្លៀកបំពាក់ មានស្ថានភាពល្អប្រសើរដែលជំរុញដល់កំណើននាំចេញសម្លៀកបំពាក់ នៅឆ្នាំនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានថ្លែងឲ្យដឹងថា ការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជា បានចាប់ផ្តើមកើនឡើងខ្លាំង ដោយសារតែប្រទេសមួយចំនួនដូចប្រទេសប្រេស៊ីល បង់ក្លាដេស និងប្រទេសមីយ៉ាន់ម៉ា វៀតណាមជាដើម គ្មានលទ្ធភាពផ្គត់ផ្គង់ទីផ្សារបាន ដែលធ្វើអ្នកបញ្ជាទិញសម្រុកមកបញ្ជាទិញពីកម្ពុជាវិញ។ ជាក់ស្តែងរោងចក្រចំនួន៤ នៅកម្ពុជា ដែលបានដំណើរការផលិតម៉ាស់ បានបង្វែរមកផលិតសម្លៀកបំពាក់ផងដែរ។

កម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសដែលគ្រប់គ្រងការរីកដាលនៃជំងឺកូវីដ១៩ បានល្អប្រសើរទាំងក្នុងតំបន់ និងពិភព លោក តាមរយៈការដាក់ចេញនូវវិធានការចាំបាច់នានា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ពិសេសការពន្លឿននូវយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលរហូតមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងសម្រេចបាន ១១,៦០៨,១៤៣នាក់ ហើយ៕