(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃសុក្រនេះ បានធ្វើការងារយ៉ាងសកម្មដើម្បីជំរុញការដាក់ពាក្យចូលជាសមាជិក នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក ហៅកាត់ថា TPP ដែលជាកិច្ចព្រមព្រៀងសេរីដ៏ធំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក មានសមាជិក១១ប្រទេស ដើម្បីពង្រីកសេដ្ឋកិច្ចរបស់ខ្លួននៅតំបន់ អាស៊ីប៉ាស៊ីហ្វិក។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

ការចូលជាសមាជិករបស់ចិន នៅក្នុងកិច្ចព្រមព្រៀងនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់។ កិច្ចខិតខំប្រឹងប្រែងរបស់ចិននេះធ្វើឡើងក្នុង គោលបំណងប្រឆាំងនឹងបំណងរបស់សហរដ្ឋអាមេរិក និងដៃគូផ្សេងទៀតដែលកំពុងព្យាយាមកាត់បន្ថយឥទ្ធិពលសេដ្ឋកិច្ចខ្លួន។ ទោះយ៉ាងណាគេនៅតែមិនច្បាស់ថា តើចិននឹងត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចព្រមព្រៀងនេះដែរឬយ៉ាងណា?

ការចូលជាសមាជិករបស់កិច្ចព្រមព្រៀងនេះ ត្រូវការការយល់ព្រមជាឯកច្ឆន្ទពីប្រទេសសមាជិកទាំង១១ ស្របពេលដែលចិនកំពុងប្រឈមឧបសគ្គមួយ គឺទំនាក់ទំនងតឹងតែងជាមួយអូស្ត្រាលី ដែលជាសមាជិកមួយក្នុងចំណោមសមាជិក TPP។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក មានសមាជិកចំនួន១១ប្រទេសរួមមាន៖ ជប៉ុន កាណាដា អូស្ត្រាលី ញូហ្សឺលែន ប៊្រុយណេ ឈីលី ម៉ាឡេស៊ី ម៉ិចស៊ិក ប៉េរូ សិង្ហបុរី និងវៀតណាម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិកហៅកាត់ថា TPP បានត្រូវប្រទេសចំនួន១១ សម្រេចចុះហត្ថលេខាក្នុងប្រទេសឈីលី នៅថ្ងៃទី៨ មីនា ឆ្នាំ២០១៨។ កិច្ចព្រម ព្រៀង TPP គឺផ្តួចផ្តើមគំនិតចរចាដោយអាមេរិក ក្នុងរដ្ឋបាលលោក អូប៉ាមា ប៉ុន្តែរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ អាមេរិកបានដកចេញពីកិច្ចព្រមព្រៀងនេះ ព្រោះលោក ដូណាល់ ត្រាំ យល់ថា កិច្ចព្រមព្រៀងនេះគឺឱ្យខូចប្រយោជន៍អាមេរិក និងធ្វើឱ្យបាត់បង់ការងារធ្វើសម្រាប់ពលរដ្ឋអាមេរិក។

តាមការប៉ាន់ស្មាន ប្រសិនបើប្រទេសចិនចូលរួមជាមួយកិច្ចព្រមព្រៀង TPP ផលិតផលក្នុងស្រុកសរុបឡើងដល់ប្រហែល៣០% នៃផលិតផលក្នុងស្រុកសរុបពិភពលោក បើប្រៀបធៀបនឹងបច្ចុប្បន្ន ដែលមានជាង១០%ប៉ុណ្ណោះ។ ក្រៅពីចិនតៃវ៉ាន់ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀងនេះផងដែរ។

ជប៉ុនដែលជាប្រទេសនាំមុខខាងសេដ្ឋកិច្ច នៅក្នុង TPP ធ្លាប់បាននិយាយថា ការអនុលោមតាមច្បាប់ស្តង់ដារខ្ពស់គឺជាលក្ខខណ្ឌជាមុន សម្រាប់ប្រទេសចិនក្នុងការចរចាឆ្ពោះ ទៅការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៕