(ភ្នំពេញ)៖ បណ្ឌិត អ៉ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្ដិការរបស់ធនាគារ អេស៊ីលីដា ភិអិលស៊ី បានគូសបញ្ជាក់ថា គិតត្រឹមខែ កក្កដា ឆ្នាំ២០២១នេះ គ្រឹះស្ថានធានគារ ដែលជាសមាជិករបស់សមាគមធនាគារនៅកម្ពុជា បានផ្ដល់ប្រាក់កម្ចីឥណទានជិត ៣៦ពាន់លានដុល្លារអាមេរិក និងទទួលប្រាក់បញ្ញើសន្សំជិត៤៤ពាន់លានដុល្លារអាមេរិក។

ការគូសបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែលបណ្ឌិត អ៊ិន ចាន់នី អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាពិសេសមួយផ្តោតលើ «ទស្សនៈពីគ្រឹះស្ថានហិរញ្ញវត្ថុ» ដែលរៀបចំ ដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា, សមាគមធនាគារនៃកម្ពុជា, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។

បណ្ឌិត អ៉ិន ចាន់នី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា ប្រាក់កម្ចីឥណទានដែលយើងផ្ដល់ក្នុងខែ៧ ឆ្នាំ២០២១នេះ ជិត៣៦ប៊ីលានដុល្លារអាមេរិក ឬឯប្រាក់បញ្ញើសន្សំ មានជិត៤៤ប៊ីលានដុល្លារ អីចឹងធ្វើឲ្យសាច់ប្រាក់ទំនេរមានច្រើន»។

ប្រធានសមាគមធនាគារនៅកម្ពុជាបានលើកឡើងថា សាច់ប្រាក់នៅក្នុងវិស័យធនាគារទាំងមូលមានចំនួនច្រើន ដោយសារតែតម្រូវការនៃការផ្ដល់ឥណទាន មិនមានច្រើនដូចមុន ព្រោះថាអាជីវករមានផលលំបាក។ លោកថា ធនាគារបានថ្លឹងថ្លែងទៅលើហានិភ័យ ចំពោះការផ្ដល់ឥណទានបន្ថែម ដូច្នេះហើយ ការប្រយ័ត្នប្រយែងរបស់ធនាគារ និងតម្រូវការតិចរបស់អតិថិជន ធ្វើឲ្យសាច់ប្រាក់ទំនេរ ក្នុងវិស័យធនាគារមានចំនួនច្រើន។

បណ្ឌិត អ៉ិន ចាន់នី បានឲ្យដឹងថា ចំពោះអាជីវករមានការលំបាកក្នុងការធ្វើអាជីវកម្ម គឺពួកគាត់ប្រើប្រាស់មូលនិធិរបស់គាត់ ដែលនៅសល់យកទៅដាក់ផ្ញើនៅធនាគារ ដែលធ្វើឲ្យសាច់ប្រាក់ក្នុងធនាគារ មានសាច់ប្រាក់ទំនេរច្រើន។

បណ្ឌិត អ៉ិន ចាន់នី បានបន្ថែមទៀតថា ការប្រុងប្រយ័ត្នរបស់ធនាគារគឺ ដើម្បីឲ្យវិស័យធនាគារមានភាពរឹងមាំ ព្រោះថាវិស័យធនាគារត្រូវតែរឹងមាំ ដើម្បីបំពេញតួនាទីដ៏មានសារសំខាន់ និងជាឆ្អឹងសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ៕