(ប៉េកាំង)៖ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋាភិបាលចិនបានប្រកាសទិន្នន័យសេដ្ឋកិច្ចជាតិ នៅខែសីហា ដោយបង្ហាញថា សូចនាករម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗនៅខែសីហា ស្ថិតក្នុងក្របខណ្ឌសមរម្យ ការប្រកបអាជីពនិងតម្លៃទំនិញ បានរក្សាស្ថិរភាពជាទូទៅ សេដ្ឋកិច្ចបន្តរក្សានិន្នាការស្តារឡើងវិញ ហើយភាពធន់នៃការអភិវឌ្ឍន៍បន្តលេចចេញជាបន្តបន្ទាប់។ ព្រមពេលជាមួយគ្នានេះ ទន្ទឹមនឹងការផ្លាស់ប្តូររូបមន្ត និងលើកកម្ពស់លំដាប់ថ្នាក់នៃរចនាសម្ពន្ធសេដ្ឋកិច្ច និងការបញ្ចេញកម្លាំងរស់រវើក នៃការច្នៃប្រឌិតថ្មីឥតឈប់ឈរ កត្តាអនុគ្រោះដែលជាការទ្រទ្រង់ក្នុងការស្តារសេដ្ឋកិច្ចចិនឡើងវិញ បានកើនឡើងជាបន្តបន្ទាប់ ដែលជំរុញសេដ្ឋកិច្ចប្រទេសចិនរីកចម្រើនទៅមុខដោយនឹងនរ។

អាស្រ័យដោយកត្តាមួយចំនួនដូចជា ផលប្រយោជន៍ខាងគោលនយោបាយម៉ាក្រូ បន្តកើនឡើងនិងបរិយាកាសប្រកបអាជីវកម្ម ត្រូវកែលម្អជាបន្តបន្ទាប់ជាដើម តួអង្គសំខាន់ច្នៃប្រឌិតថ្មីនៃទីផ្សារប្រទេសចិន បានកើនឡើងយ៉ាងឆាប់រហ័ស។ ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាហាក់ដូចជា «ម៉ាស៊ីនបញ្ឆេះ» ដែលដំណើរការមិនចេះឈប់ ដើម្បីផ្តល់កម្លាំងអភិវឌ្ឍន៍ឥតឈប់ឈរ ដល់សេដ្ឋកិច្ចប្រទេសចិន។

ព្រមពេលជាមួយគ្នានេះ តម្រូវការក្នុងស្រុកនៅតែផ្តល់ការគាំទ្រយ៉ាងខ្លាំង ដល់សេដ្ឋកិច្ចរបស់ចិនដដែល។ មួយផ្នែក ពិតមែនតែរងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទឹកជំនន់ជាដើម កំណើននៃការប្រើប្រាស់របស់ប្រជាជនចិន នៅខែសីហា បានបង្អង់ល្បឿនក៏ដោយ ក៏ប៉ុន្តែស្ថានការណ៍ឱកាសការងារ ដែលជាការទ្រទ្រង់ក្នុងការប្រើប្រាស់បានរក្សាស្ថិរភាពជាទូទៅ ក្រៅពីនេះ និន្នាការលើកកម្ពស់លំដាប់ថ្នាក់ នៃការប្រើប្រាស់របស់ចិនក៏មិនថយចុះផងដែរ។

មួយផ្នែកទៀត ទន្ទឹមនឹងការកែលម្អនៃប្រសិទ្ធផលខាងសេដ្ឋកិច្ចរបស់សហគ្រាស គោលនយោបាយគាំទ្រការអភិវឌ្ឍអង្គភាពសេដ្ឋកិច្ចពិតរបស់ចិន បន្តមានប្រសិទ្ធភាព ហើយកម្លាំងរស់រវើកក្នុងការវិនិយោគនៅតែកើនឡើងដដែល។ តម្រូវការក្នុងស្រុកនៃទីផ្សារចិនដែលមានទ្រង់ទ្រាយធំ មានសក្តានុពលដ៏ធំធេង នេះគឺជាទីបង្អែកដែលបណ្តាលឱ្យសេដ្ឋកិច្ចចិនស្តារឡើងវិញ និងរីកចម្រើនទៅកាន់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាបន្តបន្ទាប់ហ្នឹងឯង។

ក្នុងបរិបទដែលជំងឺកូវីដ១៩បន្តរីករាលដាល ការពង្រីកការបើកទូលាយយ៉ាងមុតមាំរបស់ចិន បានជំរុញសេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង។ ទំហំពាណិជ្ជកម្មជាមួយបរទេសសរុបរបស់ចិននៅខែសីហា បានបង្កើតកំណត់ត្រាថ្មីក្នុងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ មិនថាកំណើននាំចូលឬក៏នាំចេញសុទ្ធតែលើសពី ការប៉ាន់ប្រមាណនៃទីផ្សារយ៉ាងច្រើន។ ទន្ទឹមនឹងកម្រិតបើកទូលាយចំពោះអន្តរជាតិរបស់ចិន ត្រូវពង្រីកឥតឈប់ឈរ ប្រទេសចិននឹងបន្តក្លាយជាគោលដៅពេញនិយម សម្រាប់ការបណ្តាក់ទុនរបស់ពាណិជ្ជករបរទេស។

ដោយមកពីការស្តារសេដ្ឋកិច្ចសកលឡើងវិញ និងការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានកត្តាមិនប្រាកដប្រជាជាច្រើន បានជាត្រូវពង្រឹងមូលដ្ឋាន នៃការស្តារសេដ្ឋកិច្ចចិនឡើងវិញថែមមួយកម្រិតទៀត។ ប៉ុន្តែ បើមើលពីការដំណើរការសេដ្ឋកិច្ចនៅខែសីហា អាចឃើញថា សភាពការណ៍មូលដ្ឋាននៃសេដ្ឋកិច្ចប្រទេសចិន ដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរ មិនកែប្រែនោះទេ ដែលនិន្នាការអភិវឌ្ឍន៍ដែលរីកចម្រើន ប្រកបដោយស្ថិរភាពមានការគាំទ្រដ៏ល្អប្រសើរ ហើយមានសមត្ថភាពបន្តរួមចំណែកកម្លាំង ក្នុងការស្តារសេដ្ឋកិច្ចសកលឡើងវិញដែរ។

ដូចរបាយការណ៍ស្តីពី «ការរំពឹងទុកពីការវិនិយោគសកលនៅពាក់កណ្តាលឆ្នាំ២០២១» ដែលចេញផ្សាយដោយក្រុមហ៊ុន Black Rock ជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ ដែលមានទ្រង់ទ្រាយធំបំផុតនៅទូទាំងពិភពលោក ដែលបានលើកឡើងថា បើប្រៀបធៀបនឹងប្រទេសដទៃទៀតលើទូទាំងពិភពលោក សេដ្ឋកិច្ចប្រទេសចិនមានភាពខ្លាំងក្លា ក្នុងការទប់ទល់នឹងការវាយប្រហារពីជំងឺកូវីដ១៩ ដែលបានក្លាយជា «សសរទ្រទ្រង់ពិសេស» សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកល៕