(ភ្នំពេញ)៖ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានថ្លែងឲ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២១នេះ អតិថិជនជាង៣៥ម៉ឺននាក់ ទទួលបានការអនុម័តរៀបចំឥណទានឡើងវិញ ក្នុងទំហំទឹកប្រាក់១៧០០លានដុល្លារ។

លោក កាំង តុងងី ថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះថា រយៈពេល៥សប្តាហ៍ចុងក្រោយនេះ ការស្នើសុំរបៀចំឥណទានឡើងវិញ មានក្រោមមួយពាន់សំណើរប៉ុណ្ណោះក្នុងមួយសប្តាហ៍ ខណៈអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ មានអតិថិជនម៉ឺននាក់មក ដាក់ពាក្យស្នើសុំការរៀបចំឥណទានឡើងវិញ។

លោកបញ្ជាក់ថា «ការថយចុះនេះដោយសារតែសកម្មភាពសេដ្ឋកិច្ចភាគច្រើន បានវិលមករកស្ថានភាពប្រក្រតីច្រើន បូករួមពីការយល់ដឹងរបស់ប្រជាជន រួមនឹងកំណើននៃចាក់វ៉ាក់សាំងបានច្រើន ដែលទាំងនេះបានជំរុញទំនុកចិត្តប្រជាជន ឲ្យចេញប្រកបរបរស៊ីឡើងវិញ ប្រកបដោយភាពប្រុងប្រយ័ត្ន»

លោកបន្ដទៀតថា ការថយចុះនេះជាសញ្ញាល្អ បង្ហាញពីនិនាការណ៍វិលត្រលប់មករកភាពប្រសើរឡើង តែយ៉ាងណាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែតាមបន្តដានការវិវត្តស្ថានការណ៍ ប្រកបដោយភាពប្រុងប្រយ័ត្ន។

សូមជម្រាបថា បើគិតត្រឹមខែកក្កដា ឆ្នាំ២០២១នេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្តល់ការអនុគ្រោះដល់អ្នកខ្ចីប្រាក់ តាមរយៈការរៀបចំឥណទានឡើងវិញចំនួន៥៧៧,៦៧៣គណនី ស្មើនឹង៦.៦ប៊ីលានដុល្លារ៕