(ភ្នំពេញ)៖ នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ មានក្រុមហ៊ុន, សហគ្រាសពាណិជ្ជកម្ម, ស្ថានប័នរដ្ឋ-គម្រោងរដ្ឋ, ស្ថានទូត, សមាគម និងអង្គការមិនមែនរដ្ឋាភិបាលសរុបចំនួន ៥,៧៨២ បានចុះបញ្ជីពន្ធដារ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកញ្ញានេះ។

របាយការណ៍បន្ថែមថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ ការចុះបញ្ជីពន្ធដារមានដូចជា៖

១៖ សហគ្រាសពាណិជ្ជកម្ម៖ ចុះបញ្ជីដោយផ្ទាល់នៅអគ្គនាយកដ្ឋានពន្ធដារចំនួន ៧៩៧សហគ្រាស និងចុះតាមថ្នាលបច្ចេកវិទ្យាចំនួន ៤,៧៩០សហគ្រាស សរុបចំនួន ៥,៥៨៧សហគ្រាស។
២៖ ស្ថាប័នរដ្ឋ គម្រងរដ្ឋ៖ មកចុះបញ្ជីផ្ទាល់នៅអគ្គនាយកដ្ឋានពន្ធដារចំនួន ១១៨។
៣៖ ស្ថានទូត-សមាគម និងអង្គការមិនមែនរដ្ឋាភិបាល៖ មកចុះបញ្ជីផ្ទាល់នៅអគ្គនាយកដ្ឋានពន្ធដារចំនួន ៧៧។

ទោះបីជាឆ្នាំ២០២១នេះ កម្ពុជាជួបប្រទះនូវបញ្ហាកូវីដ១៩ ដែលបណ្តាលឲ្យមានការបិទខ្ទប់យ៉ាងណាក្តី សង្កេតឃើញថាការចុះបញ្ជីអាជីវកម្ម នៅមានចំនួនច្រើនគួរសម ដែលបញ្ជាក់ថា អ្នកធ្វើអាជីវកម្ម ប្រកបរបររកស៊ី នៅតែមានសុទិដ្ឋិនិយមជាមួយកម្ពុជា ដែលមានសុខសន្តិភាព ស្ថិរភាព ល្អសម្រាប់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម៕