(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា លោក Andreas Zurbrugg អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា បានលើកឡើងពីផែនការរបស់រដ្ឋាភិបាលអូស្ដ្រាលី ក្នុងការផ្ដល់ជំនួយហិរញ្ញប្បទាន ៩០លានដុល្លារអូស្ដ្រាលី ដែលស្មើនឹងប្រមាណជាង៦០លានដុល្លារអាមេរិក សម្រាប់ជួយដល់ការអភិវឌ្ឍភាពធន់ វិស័យសេដ្ឋកិច្ចនៅកម្ពុជា រយៈពេល៥ឆ្នាំ។

ការបញ្ជាក់ពីផែនការផ្តល់ជំនួយនេះ ធ្វើឡើងក្នុងជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកញ្ញានេះ។

គោលបំណងនៃកិច្ចប្រជុំរវាងភាគីកម្ពុជា និងអូស្ត្រាលីនេះ ដើម្បីពិភាក្សាអាទិភាពការងាររបស់កិច្ចសហប្រតិបត្ដិការអភិវឌ្ឍទ្វេភាគី, វឌ្ឍនភាពរបស់ផែនការអភិវឌ្ឍន៍ ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ឆ្នាំ២០២០-២០២២ និងជម្រាបអំពីការផ្ដួចផ្ដើមកម្មវិធីអភិវឌ្ឍន៍សម្រាប់កម្ពុជានាពេលអនាគត។

ក្នុងជំនួបនោះ លោក Andreas Zurbrugg បានបញ្ជាក់អំពីការគាំទ្ររបស់អូស្ដ្រាលី ក្នុងកិច្ចអភិវឌ្ឍរបស់កម្ពុជា តាមរយៈ ការផ្ដល់ហិរញ្ញប្បទានប្រមាណ ៦៦លានដុល្លារអូស្ដ្រាលី សម្រាប់ឆ្នាំ២០២១ ដើម្បីគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍ ដែលផ្ដោតលើវិស័យសន្ដិសុខសុខាភិបាល, ភាពធន់សេដ្ឋកិច្ច, កសិកម្ម និងអប់រំ។

លោក Andreas ក៏បានជម្រាបជូនអំពីការរៀបចំគម្រោងទ្វេភាគីថ្មី «ការអភិវឌ្ឍភាពធន់វិស័យសេដ្ឋកិច្ច» (Resilience Economic Development) មានទំហំហិរញ្ញប្បទាន ប្រមាណ៩០លានដុល្លារអូស្ដ្រាលី សម្រាប់រយៈពេល៥ឆ្នាំ ដែលនឹងត្រូវចាប់ផ្ដើមចាប់ពីឆ្នាំ២០២២ នេះ រួមជាមួយលទ្ធភាពពន្យា៣ឆ្នាំបន្ថែម ទៀតផងដែរ។ គម្រោងនេះ នឹងផ្ដោតលើវិស័យអាទិភាព៤ គឺ (១)៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, (២)៖ កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម, (៣)៖ ហេដ្ឋារចនាសម្ព័ន្ធ និង (៤)៖ បរិយាប័ន្នសង្គម និងយេនឌ័រ ។

លោក ឈៀង យ៉ាណារ៉ា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលអូស្ដ្រាលី ក្នុងការគាំទ្រកិច្ចអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសអំឡុងពេលរីករាលដាល នៃជំងឺកូវីដ-១៩។

លោករដ្ឋមន្ដ្រី បានកោតសរសើរចំពោះការផ្ដួចផ្ដើមកម្មវិធីរបស់អូស្ដ្រាលី ដែលមានសង្គតិភាព ជាមួយផែនការយុទ្ធសាស្ដ្រនៃការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីកូវីដ-១៩ ដោយផ្ដោតលើអភិក្រមការស្ដារ, ការកែទម្រង់ និងភាពធន់។

លោក Andreas ក៏បានបញ្ជាក់អំពីការគាំទ្រហិរញ្ញប្បទានបន្ថែម របស់អូស្ដ្រាលីប្រមាណ៣៥លានដុល្លារអូស្ដ្រាលី សម្រាប់គាំទ្រ ដល់ការបញ្ជារទិញ វ៉ាក់សាំងកូវីដ-១៩ ចំនួនប្រមាណ៣លានដូស តាមរយៈអង្គការ UNICEF និងអង្គការសុខភាពពិភពលោក ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាជនក្នុងក្របខណ្ឌទូទាំងប្រទេស។

ភាគីអូស្ដ្រាលី ក៏បានបញ្ជាក់ពីការបន្ដគាំទ្រហិរញ្ញប្បទានបន្ថែម លើកម្មវិធី ចំនួន២ផ្សេងទៀត គឺ កម្មវិធីលើកកម្ពស់គុណភាព និងសមភាពសុខាភិបាល ដំណាក់កាលទី២ (H-EQIP II) ប្រមាណ៣០លានដុល្លារអូស្ដ្រាលី និងគម្រោង Social Accountability Framework Projectដំណាក់កាលទី ២ (ISAF II) ប្រមាណ ១៥ លានដុល្លារអូស្ដ្រាលី សម្រាប់រយៈពេល ៥ឆ្នាំ ខាងមុខ។

លោករដ្ឋមន្រ្ដីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ដ្រាលី សម្រាប់ការគាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការប្ដេជ្ញា របស់អូស្ដ្រាលីលើការផ្ដល់វ៉ាក់សាំង ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋកម្ពុជា៕