(ភ្នំពេញ)៖ បើទោះបីប៉ុន្មានថ្ងៃចុងក្រោយនេះមានភ្លៀងធ្លាក់ច្រើន ហើយនៅខេត្តកណ្តាល ពិសេសក្រុងតាខ្មៅមានការជន់លិចតំបន់មួយចំនួនក្តី ក៏បញ្ហានេះមិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការ សាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងស្រុកបាទី ខេត្តតាកែវ នោះឡើយ គឺការសាងសង់កំពុងដំណើរការមិនមានការរាំងស្ទះអ្វីឡើយ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ថា ដំណើរការនៃការសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី នឹងបញ្ចប់ការសាងសង់តាមការគ្រោងទុក ដោយបញ្ចប់ការសាងសង់រួចរាល់ ក្នុងឆ្នាំ២០២៣ ។ បច្ចុប្បន្នការសាងសង់ព្រលានយន្ដហោះថ្មីនេះ កំពុងដំណើរការយ៉ាងរលូន មិនមានការរាំស្ទះណាមួយឡើយ។

លោកបន្តថា ចំពោះដំណើរការនៃការសាងសង់ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី មិនមានបញ្ហាចោទណាមួយឡើយ ទោះបីកម្ពុជាកំពុងទទួលរងក្ដីរំខាន ដោយជំងឺកូវីដ១៩ក្ដី ក៏ដំណើរការប្រព្រឹត្តិទៅយ៉ាងរលូន ហើយបញ្ហាទឹកជំនន់ ដែលកើតឡើងក្នុងខេត្តកណ្ដាល ក៏មិនផ្ដល់ផលប៉ះពាល់នៃការសាងសង់ព្រលានយន្ដហោះថ្មីនេះដែរ។

លោកបានបញ្ជាក់ថា «និយាយចំពោះបញ្ហាទឹកជំនន់កន្លងទៅមានបញ្ហាបន្ដិចបន្ដួច ប៉ុន្ដែស្ថិតក្នុងកម្រិតមួយអាចគ្រប់គ្រងបាន ព្រោះមុនសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មីនេះ អ្នកជំនាញបានសិក្សារួចរាល់ និងបានដឹងពីការគ្រប់គ្រង ចំពោះការកកើតឡើងនៃទឹកជំនន់ ដូច្នេះមិនមានបញ្ហាចោទណាមួយឡើយ»

លោកបាកបន្ដថា ការសាងសង់នឹងបញ្ចប់ឲ្យរួចរាល់ ក្នុងឆ្នាំ២០២៣ខាងមុខនេះ ដោយសារតែក្រុមអ្នកជំនាញបានខ្នះខ្នែងខ្លាំងបំផុត ក្នុងការជំរុញនូវការសាងសង់ដោយបានបន្ថែមគ្រឿងចក្រ, កម្មករ ព្រមទាំងពន្លឿនការសាងសង់យ៉ាងសស្រាក់សស្រាំ តាមសន្យាបញ្ចប់ឲ្យរួចរាល់ ក្នុងឆ្នាំ២០២៣ខាងមុននេះជាដាច់ខាត។

លោកថា «បច្ចុប្បន្ននេះការសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី បានបញ្ចប់សម្រេចបានជាង២០ភាគរយហើយ ដូច្នេះក្នុងរយៈពេល២ឆ្នាំទៅមុនទៀតនេះ យើងច្បាស់ជាអាចបញ្ចប់តាមគម្រោងជាពុំខាន»

សូមជម្រាបថា ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ ព្រលានយន្តថ្មីភ្នំពេញថ្មី ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលមានផ្ទៃដីសរុប២៦០០ហិកតា គម្រោងសាងសង់មាន៣ដំណាក់កាល។

ការងារសាងសង់សម្រាប់ដំណាក់កាលទី១នេះ ត្រូវបានក្រុមហ៊ុនអះអាងថា គ្រោងនឹងចំណាយថវិកា១៥០០លានដុល្លារអាមេរិក ដែលមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយនោះទេ ដែលអាចនឹងទទួលបានភ្ញៀវទេសចរ ១៣លាននាក់ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ក្នុង១ឆ្នាំ៕