(ភ្នំពេញ)៖ ឧកញ៉ា កាង សុធី ដែលជាអ្នកជំនាញអចលនទ្រព្យល្បីឈ្មោះមួយរូបនៅកម្ពុជា និងជានាយកប្រតិបត្ដិការក្រុមហ៊ុន Century 21 Land Station បានលើកឡើងថា នៅស្រុកចំនួន៦ ក្នុងខេត្ដកណ្ដាល អាចធ្វើការវិយោគលើការទិញដីធ្លី ដើម្បីទុកបានផលចំណេញ។

ឧកញ៉ា កាង សុធី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំលើកយកស្រុកចំនួន៦ គឺស្រុកល្វាឯម, ស្រុកគៀនស្វាយ, ស្រុកមុខកំពូល, ស្រុកកណ្ដាលស្ទឹង, ស្រុកអង្គស្នួល និងស្រុកពញាឮ ក្នុងស្រុកទាំង៦នេះស្រុកមួយណា ក៏មានការអភិវឌ្ឍ ស្រុកមួយណាក៏អាចទិញដី យកដើម្បីទុកចំណេញបាន»។

នៅក្នុងស្រុកទាំង៦នេះ ឧកញ៉ា កាង សុធី ឲ្យអាទិភាពខ្ពស់ក្នុងទាញយកផលចំណេញបានឆាប់ទៅលើស្រុក៣ គឺស្រុកកណ្ដាលស្ទឹង ស្រុកមុខកំពូល និងស្រុកពញាឮ។

លោកបានឲ្យដឹងថា ស្រុកពញាឮ មានហេដ្ឋារចនាសម្ព័ន្ធច្រើនជាងគេ ហើយដីក្នុងតំបន់នោះ មានស្ថានភាពខ្ពស់ ដោយមិនភ័យខ្លាចចំពោះការលិចទឹក និងអាចសាងសង់លំនៅដ្ឋាន បានយ៉ាងឆាប់រហ័ស ជាពិសេសក្នុងស្រុកនេះ មានប្រជាពលរដ្ឋរស់នៅច្រើន។ ដោយឡែកស្រុកកណ្ដាលស្ទឹងវិញ គឺជាស្រុកមួយ ដែលមានការអភិវឌ្ឍន៍លឿន ដោយសារតែក្នុងស្រុកនេះ មានគម្រោងព្រលានយន្ដហោះភ្នំពេញថ្មី ដូច្នេះក៏មានឱកាសចំណេញច្រើនផងដែរ។

លោកឧកញ៉ា បន្ថែមថា «បើសិនជាបងប្អូនមានធនធាន ចង់អភិវឌ្ឍន៍រយៈពេលយូរ ឬក៏ចង់ទិញទុករយៈ១០ឆ្នាំ ឬក៏១៥ឆ្នាំ គឺអាចទិញដី ក្នុងស្រុកកណ្ដាលស្ទឹងនេះ ដោយជឿជាក់ថា ដីក្នុងស្រុកនេះក្នុងមួយឆ្នាំ នឹងឡើងចាប់ពី៣០ ទៅ៤០ភាគរយ»

សម្រាប់ស្រុកមុខកំពូល ក៏ជាស្រុកមួយដ៏ទាក់ទាញផងដែរ ដោយសារតែស្រុកមួយនេះ ជាប់នឹងរាជធានីភ្នំពេញជាងគេ ហើយមានគម្រោងអភិវឌ្ឍន៍ដ៏ល្អ គឺគម្រោងពហុកីឡាដ្ឋានជាតិ មរតសម្ដេចតេជោជាដើម ហើយស្រុកនេះ គឺមានផ្លូវជាតិដ៏ល្អគឺផ្លូវជាតិ៦A ដ៏ទាក់ទាញហើយស្រុកមុខកំពូល មានទន្លេនៅអមសងខាងទៀតផង។ ម៉្យាងទៀតផ្លូវជាតិនេះ អាចធ្វើដំណើរទៅខេត្តផ្សេងៗបានច្រើន។

លោកបានគូសបញ្ជាក់ថា «ចំពោះអ្នកដែលមាន ធនធានច្រើនគួរសម ឬក៏ចង់ទទួលបានផលវិញ ក្នុងរយៈពេលលឿន គឺទិញនៅស្រុកមុខកំពូល ជាជម្រើសដ៏ល្អ»

ជាមួយគ្នានេះលោកបានណែនាំផងដែរថា កត្ដាដែលយើងចង់វិនិយោគ លើវិស័យដីធ្លីជាដំបូងត្រូវសិក្សា ពីធនធានរបស់យើងជាមុនសិន និងជាពិសេសទាមទារនូវភាពវៃឆ្លាតរបស់យើង៕