(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា ការតម្រូវឲ្យមានកតព្វកិច្ចបង់ពន្ធ ចំពោះម្ចាស់យានយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ជាសមធម៌សម្រាប់អ្នកជាប់ពន្ធទាំងអស់គ្នា។

ការលើកឡើងរបស់លោកបណ្ឌិត គុណ ញឹម ធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌ ស្ដីពី «ការប្រមូលពន្ធនាំចូលលើយានយន្ត ជ្រកក្រោមស្លាកលេខផ្សេងៗ» ដែលរៀបចំឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

បណ្ឌិត គុណ ញឹម បានថ្លែងថា «ចំពោះការអនុគ្រោះ ឬការបន្ធូរបន្ថយ១០ភាគរយ ជាការយោគយល់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដល់អ្នកកាន់កាប់រថយន្ដគ្មានពន្ធ ចូលខ្លួនមកបង់ពន្ធ។ មួយវិញទៀតកាតព្វកិច្ចបង់ពន្ធនេះ គឺនិយាយពីសមធម៌ ចំពោះអ្នកបង់ពន្ធត្រឹមត្រូវ ច្បាស់ណាស់ថា ពួកគាត់ពិតជាមានអារម្មណ៍មួយផ្សេងទៀត ចំពោះខ្លួនដែលបានបង់ពន្ធ និងអ្នកមិនបានបង់ពន្ធ។ ចំពោះយន្ដការនៃការអនុវត្តបង់រំលោះ មិនមានគោលការណ៍នោះទេ អ្នកជាប់ពន្ធមកបង់ពន្ធកាន់តែលឿន នឹងទទួលបានការអនុគ្រោះ១០ភាគរយ ប៉ុន្ដែបើបន្ដអូសបន្លាយបន្ដភាពយឺតយ៉ាវ នោះនឹងដល់ពេលវេលាមួយ ដែលត្រូវបង់ពន្ធអាករពេញមិនមានការអនុគ្រោះទេ ការអនុវត្តន៍របស់យើង គឺត្រូវតែច្បាស់លាស់»

លោកបានបញ្ជាក់ថា ពិតជាលំបាកចំពោះអ្នកអនុវត្តន៍ច្បាប់ ប្រសិនបើអ្នកជាប់ពន្ធគេចវេសមិនព្រមចូលខ្លួនបង់ពន្ធ ដូច្នេះពីពេលមួយទៅពេលមួយ គឺយើងជួបប្រឈមនឹងបញ្ហាទាំងអស់ ដោយបានប្រើវិធានការទន់ភ្លន់ផង-ក្ដៅផង។

លោកបន្តថា «យើងរស់នៅក្នុងសង្គមត្រូវមើលគេមើលឯង បើច្បាប់កំណត់យ៉ាងម៉េច ត្រូវតែអនុវត្តន៍យ៉ាងនេះ មែនទែនអ្នកកាន់កាប់រថយន្ដគ្មានពន្ធ គឺមានតួនាទី និងឋានៈគួរសមដែរ នេះជាពេលវេលាមួយគួរតែបង្ហាញ ពីការអនុវត្តន៍កាតព្វកិច្ចនៃការបង់ពន្ធ ចំពោះការបង់ពន្ធមិនមែនជួយដល់ក្រសួងហិរញ្ញវត្ថុ ឬជួយទៅខាងណានោះទេ ប៉ុន្ដែជាការជួយជាតិ ជួយដល់រាជរដ្ឋាភិបាល ដែលកំពុងជួបប្រទះលើបន្ទុកចំណាយលើជំងឺកូវីដ១៩ និងការគាំទ្រការងារសង្គម ព្រមទាំងអ្នករងគ្រោះពីជំងឺកូវីដ១៩ផង»។

លោកបានបន្ថែមថា មុខទំនិញដែលជាប្រភពចំណូលសំខាន់ ដែលប្រមូលដោយគយ គឺយានយន្ដមាន រថយន្ដ គ្រឿងចក្រ ម៉ូតូ និងប្រភេទយានយន្ដផ្សេងៗជាច្រើនទៀត។ ដោយហេតុថា រថយន្ដជាប្រភពចំណូលដ៏សំខាន់នេះ បានជាធ្វើឲ្យមានការរត់ពន្ធ ការបន្លំពន្ធដោយជ្រកក្រោមរូបភាពផ្សេងៗ បង្កជាបញ្ហាធំមួយ និងស្មុគ្រស្មាញ មិនត្រឹមតែប៉ះពាល់ចំណូលថវិកាជាតិទេ ប៉ុន្ដែប៉ះពាល់ដល់ការប្រកួតប្រជែងសមធម៌ ក្នុងការធ្វើអាជីវកម្មផង ដោយសារតែមានអ្នកនាំចូល បំពេញកតព្វកិច្ចពន្ធអាករ តាមកាលកំណត់ដោយច្បាប់ ហើយការរត់ពន្ធរថយន្ដចូលមកដោយជ្រកក្រោមផ្លាកនានានេះ គឺបង្កើតជាបញ្ហាស្មុគ្រស្មាញ ដែលធ្វើឲ្យចំណូលបាត់ និងការប្រកួតប្រជែងលើអាជីវកម្មរថយន្ដនេះមិនស្មើភាពគ្នា៕