(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន១០% និងផ្អាកសកម្មភាពបង្ក្រាបយានយន្ត នៅភូមិសាស្ត្រក្នុងប្រទេសមួយរយៈ លើម្ចាស់យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូល ដើម្បីទុកពេលឲ្យម្ចាស់យានយន្ត រួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ។

អគ្គនាយកដ្ឋានគយបញ្ជាក់ថា ការបង្ក្រាបនៅតែបន្តអនុត្តន៍នៅតាមតំបន់តាមព្រំដែន។ ចំណែកការអនុគ្រោះ បន្ធូរបន្ថយពន្ធចំនួន១០% នៃទឹកប្រាក់ពន្ធអាករសរុបដែលត្រូវបង់មានឱសានវាទអនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងមិនគ្របដណ្តប់លើយានយន្ត មានឆ្នាំផលិត២០២១ឡើយ។

ជាមួយគ្នានេះ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃឱសានវាទចុងក្រោយ នៃការអនុញ្ញាតឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្តត្រូវបំពេញការព្វកិច្ចពន្ធ និងអាករពេញលេញ ដោយគ្មានការអនុគ្រោះបន្ធូរបន្ថយពន្ធឡើយ។

អគ្គនាយកដ្ឋានគយបញ្ជាក់ថា ចំពោះរថយន្តចង្កូតស្តាំ ម្ចាស់រថយន្តត្រូវមកតម្កល់ប្រាក់កក់ ស្មើនឹងប្រាក់ពន្ធ និងអាករសរុបដក១០% និងត្រូវយករថយន្តទៅកែចង្កូតពីស្តាំមកឆ្វេង ឲ្យបានរួចរាល់យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីបានប្តូរចង្កូតរួច ម្ចាស់រថយន្តអាចទទួលបង្កាន់ដៃពន្ធ និងលត្តាបត្រ័រថយន្តពីមន្ត្រីគយ។

សម្រាប់ការបង់ពន្ធនេះ ត្រូវបានអនុញ្ញាតឲ្យសាខា និងការិយាល័យគយ និងរដ្ឋាករនៅទូទាំងប្រទេស ទទួលការបង់ពន្ធ និងអាករលើយានយន្ត ជ្រកក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់បានបំពេញកាតព្វកិច្ចពន្ធ និងអាករ។

ជាមួយគ្នានេះ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅយានយន្តគ្មានពន្ធដែលបង្ក្រាបបាន នឹងតម្រូវឲ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យ តាមលិខិតបទដ្ឋានជាធរមាន។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្ត ហាមឃាត់នាំចូល ក្នុងករណីបង្ក្រាប បាននឹងត្រូវកំទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា អាស្រ័យហេតុនេះ សូមម្ចាស់យានយន្ត គ្មានពន្ធទាំងអស់ រួសរាន់ដោយស្ម័គ្រចិត្ត ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលឲ្យបានទាន់ពេលវេលា តាមគោលការណ៍ និងយន្តការដូចមានក្នុងសេចក្តីជូនដំណឹងនេះ៕