(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងថ្មីមួយ ប្រាប់ដល់ម្ចាស់យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូល ពីការអនុវត្តការប្រមូលពន្ធ និងអាករនាំចូល លើយានយន្តគ្មានពន្ធ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដាក់ចេញគោលការណ៍ និងយន្តការចំនួន៥ ដូចខាងក្រោម៖

១៖ ផ្អាកសកម្មភាពបង្ក្រាបយានយន្ត នៅភូមិសាស្ត្រក្នុងប្រទេសមួយរយៈ (លើកលែងតែតំបន់តាមព្រំដែន) ចាប់ពីពេលនេះតទៅ ដើម្បីទុកពេលឲ្យម្ចាស់យានយន្ត ជ្រកក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់មានពន្ធ និងអាករនាំចូល រួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន។

២៖ ដើម្បីជាការលើកទឹកចិត្តឲ្យម្ចាស់ យានយន្តចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករឲ្យបានទាន់ពេលវេលាម្ចាស់យានយន្ត នឹងទទួលបានការអនុគ្រោះ បន្ធូរបន្ថយពន្ធចំនួន១០% នៃទឹកប្រាក់ពន្ធអាករសរុបដែលត្រូវបង់។

ការបន្ធូរបន្ថយនេះ មានឱសានវាទអនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងមិនគ្របដណ្តប់លើយានយន្ត មានឆ្នាំផលិត២០២១ឡើយ។ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃឱសានវាទចុងក្រោយ នៃការអនុញ្ញាតឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្តត្រូវបំពេញការព្វកិច្ចពន្ធ និងអាករពេញលេញដោយគ្មានការអនុគ្រោះបន្ទរបន្ថយពន្ធឡើយ។

៣៖ ចំពោះរថយន្តចង្កូតស្តាំ ម្ចាស់រថយន្តត្រូវមកតម្កល់ប្រាក់កក់ ស្មើនឹងំប្រាក់ពន្ធ និងអាករសរុបដក ១០% និងត្រូវយករថយន្តទៅកែចង្កូតពីស្តាំមកឆ្វេង ឲ្យបានរួចរាល់យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីបានប្តូរចង្កូតរួច ម្ចាស់រថយន្តអាចទទួលបង្កាន់ដៃពន្ធ និងលត្តាបត្រ័រថយន្តពីមន្ត្រីគយ។

៤៖ អនុញ្ញាតឲ្យសាខា និងកាំរិយាល័យគយ និងរដ្ឋាករនៅទូទាំងប្រទេសទទួលការបង់ពន្ធ និងអាករលើយានយន្ត ជ្រកក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់បានបំពេញកាតព្វកិច្ចពន្ធ និងអាករ។

៥៖ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២២តទៅ យានយន្តគ្មានពន្ធដែលបង្ក្រាបបាន នឹងតម្រូវឲ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យ តាមលិខិតបទដ្ឋានជាធរមាន ។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្ត ហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវដល់ម្ចាស់យានយន្ត គ្មានពន្ធទាំងអស់រួសរាន់ដោយស្ម័គ្រចិត្ត ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលឲ្យបានទាន់ពេលវេលា តាមគោលការណ៍ និងយន្តការដូចមានក្នុងសេចក្តីជូនដំណឹងនេះ៕