(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឲ្យដឹងថា ក្រសួងកំពុងតែសិក្សាអំពីការតបណ្ដាញខ្សែកាប ពីស្រុកទៅឃុំ ក្នុងខេត្ដចំនួន៦ នៃប្រទេសកម្ពុជា ហើយគ្រោងនឹងរួចរាល់ នៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ជា វ៉ាន់ដេត អនុញ្ញាតឲ្យប្រតិភូសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ តាមរយៈប្រព័ន្ធអនឡាញ។

រដ្ឋមន្ដ្រី ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានឲ្យមន្ដ្រីសហការីរបស់ខ្ញុំមួយក្រុម កំពុងសិក្សាអំពីការតបណ្ដាញខ្សែកាប ពីស្រុកទៅឃុំ ក្នុងខេត្តចំនួន៦ ដែលនៅជិតៗ ជាមុនសិន [...] ខ្ញុំគ្រោងឆ្នាំ២០២២ ខែមួយ គឺសម្ពោធដាក់តភ្ជាប់តែម្ដង»

លោក ជា វ៉ាន់ដេត បានលើកឡើងថា ការតភ្ជាប់នេះ ដោយតភ្ជាប់ពីស្រុក ទៅឃុំទាំងអស់ ដោយតភ្ជាប់ទៅតាមសាលារៀន ទីស្នាក់ការឃុំ ឬក៏មណ្ឌលសុខភាព និងតាមទីតាំងតំបន់ផ្សេងៗ នៅតាមឃុំ ដែលមានប្រជាពលរដ្ឋ ប្រើប្រាស់អ៊ិនធឺណែត។

បន្ថែមពីនោះទៀត លោក ជា វ៉ាន់ដេត បានឲ្យដឹងថា លោកបានឲ្យក្រុមការងារសិក្សា អំពីការដាក់បង្គោលអង់តែនទូរស័ព្ទ នៅគ្រប់ឃុំទាំងអស់ ដើម្បីត្រៀមការប្រើប្រាស់ឌីជីថល ក្នុងការប្រែក្លាយប្រទេស ឲ្យក្លាយទៅជាប្រទេសឌីជីថល។

លោក ជា វ៉ាន់ដេត បានអះអាងថា ក្នុងឆ្នាំ២០២៧ អ៊ិនធឺណែតទាំងអស់ ត្រូវតែទៅដល់គ្រប់ឃុំទាំងអស់ ទោះបីជារដ្ឋឲ្យលុយ ឬក៏មិនឲ្យលុយមកក្រសួងក៏ដោយ លោកប្ដេជ្ញាត្រូវតែធ្វើឲ្យដល់ ដោយគិតគូរអំពីថវិកាចំណូលរបស់ក្រសួង ទៅដាក់ពង្រាយ។

លោកបណ្ឌិត ហេង វុទ្ធី អនុប្រធានកិត្តិយសសមាគមបច្ចេកវិទ្យាឌីជីថល នៃកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានអាជីវកម្មតាមប្រព័ន្ធអនឡាញជាច្រើន ជាងពេលណាទំាងអស់ ស្របតាមកំណើននៃការប្រើប្រាស់ ទូរសព្ទឆ្លាតវៃ និងការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។

លោកបណ្ឌិត ហេង វុទ្ធី បានលើកឡើងថា ការផ្លាស់ប្តូរបែបឌីជីថល បានក្លាយជាទិសដៅសំខាន់មួយ នៃគោលនយោបាយក្នុងប្រទេសជាច្រើន ខណៈពេលដែលប្រទេសទំាងអស់នោះ បាននឹងកំពុងខិតខំសម្របខ្លួន ទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤។

ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា បានឲ្យដឹងទៀតថា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា បានកំណត់យកនូវចក្ខុវិស័យ កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកំពស់សុខមាលភាពសង្គម ផ្អែកលើប្រក្រតីភាពតាមគន្លងថ្មី៕