(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា ក្រសួងនឹងរៀបចំគោលនយោបាយប្រៃសនីយ៍ឡើងវិញ ដើម្បីគាំពារដល់ច្បាប់ពាណិជ្ជកម្មអនឡាញ កាត់បន្ថយជាអតិបរមានៃការឆបោកលើការទិញតាមអនឡាញ។

លោករដ្ឋមន្រ្ដីបានថ្លែងថា វិស័យប្រៃសណ៍យ៍ និងទូរគមនាគមន៍ ជាវិស័យមួយដែលមិនអាចខ្វះបាន ជាវិស័យមួយដែលសំខាន់បំផុត នៅពេលបច្ចុប្បន្ន ក្នុងពេលកម្ពុជាមានវិបត្តិនៃជំងឺកូវីដ១៩។ វិស័យនេះពិតជាដើរតួនាទីស្នូល នៅគ្រប់វិស័យទាំងអស់។

ការលើកឡើងរបស់លោករដ្ឋមន្ត្រីធ្វើឡើង ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។

លោកបានបន្ដថា «បច្ចុប្បន្នការទិញឥវ៉ាន់ត្រូវបានធ្វើតាមប្រព័ន្ធអនឡាញ ខុសពីមុនដែលទៅឃើញរបស់ផ្ទាល់បានទិញ ដូច្នេះដើម្បីពង្រឹងនូវការជឿទុកចិត្តដល់អ្នកទិញ ក្រសួងនឹងត្រូវរៀបចំគោលនយោបាយវិស័យប្រៃសណីយ៍ឡើងវិញ និងត្រូវដាក់ចូលក្នុងវិស័យឯកជន ដើម្បីពិគ្រោះយោបល់។ ជាក់ស្ដែងក្រសួងប្រៃសណីយ៍ បានពិគ្រោះយោបលរួចរាល់ជាមួយវិស័យរដ្ឋ ដោយបានចេញគោលនយោបាយប្រៃសណីយ៍ ដើម្បីគាំពារដល់ច្បាប់ពាណិជ្ជកម្មអនឡាញ ដើម្បីកាត់បន្ថយជាអតិបរិមានូវការឆរបោកលើការទិញរបស់របរតាមប្រព័ន្ធអនឡាញ»

លោកបានឲ្យដឹងថា ការបង្កើតគោលនយោបាយវិស័យប្រៃសនីយ៍នេះឡើង ធានាថាអ្នកទិញឥវ៉ាន់តាមអនឡាញ នឹងទទួលបានរបស់ដែលខ្លួនបានទិញ និងអ្នកលក់ធានាថា ទទួលបានលុយដែលខ្លួនបានលក់ឥវ៉ាន់ឲ្យអតិថិជន ហើយរបស់ដែលទិញជារបស់ដែលខ្លួនបានទិញពិតប្រាកដ។ គោលនយោបាយមួយនេះ ត្រូវបានរៀបចំជិតចប់ហើយ បន្ទាប់ពីគោលនយោបាយមួយនេះចប់ យើងនឹងរៀបចំផែនការសកម្មភាព ក្នុងការអនុវត្តន៍នូវគោលនយោបាយនេះ ដោយមានគម្រោងមួយចំនួន ដើម្បីរៀបចំក្នុងការអនុវត្តន៍គោលនយោបាយនេះ និងគម្រោងផ្សេងៗទៀតដែលមិនមាន ក្នុងគោលនយោបាយនេះ អនុវត្តន៍ដោយវិស័យឯកជន៕