(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម និងដៃគូសហការបាននិងកំពុងសិក្សាអំពីការដាក់ «អំបិល និងផ្កាអំបិលកំពត» ទៅក្នុងផលិតផលសម្គាល់ភូមិសាស្រ្ដទំនិញ (Geographical Indication-GI)។

ថ្លែងប្រាប់អង្គភាព Fresh News លោក ប៉ែន សុវិជាតិ បានថ្លែងឲ្យដឹងថា អំបិល និងផ្កាអំបិលកំពត ជាគម្រោងអនុវត្តដោយសហការរួមគ្នា ជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងទីភ្នាក់ងារសម្រាប់អភិវឌ្ឍន៍កម្ពុជា (AFD)។

លោកបានបន្ថែមថា ភាគីទាំងសមខាង បានសិក្សាប្រមូលព័ត៌មានចំនួន៤រួមមាន៖

១៖ វិភាពអំពីខ្សែចង្វាក់ផលិតកម្ម «អំបិល និងផ្កាអំបិលកំពត» និងកំណត់អត្តសញ្ញាណភាគីពាក់ព័ន្ធផ្សេងៗ។

២៖ កំណត់អំពីលក្ខណៈពិសេសរបស់ «អំបិល និងផ្កាអំបិលកំពត» អំពីប្រវត្តិនៃការផលិត, គុណភាព និងកំណត់អំពីតំបន់ផលិតកម្ម ដែលមានទំនាក់ទំនងនឹង «អំបិល និងផ្កាអំបិលកំពត»។

៣៖ ជួបពិភាក្សាផ្ទាល់ជាមួយភាគីពាក់ព័ន្ធ ស្តីពីយុទ្ធសាស្រ្តនៃការកសាងម៉ាកយីហោ ខ្សែចង្វាក់តម្លៃ និងលក្ខណៈពិសេសនៃ «អំបិល និងផ្កាអំបិលកំពត»។

៤៖ ណែនាំអំពីការដំណើរការ នៃការប្រើប្រាស់វិស័យកម្មសិទ្ធិបញ្ញា (ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ) ដើម្បីនាំផលិតផលទៅដាក់លក់លើទីផ្សារ។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ក្នុងនោះភាគីទាំងពីរនេះ បាននិងកំពុងរៀបចំបង្កើតឱ្យមាន៖ សមាគមអន្តរវិជ្ជាជីវៈ, ចងក្រងសៀវភៅបន្ទុក ការកំណត់ព្រំដែនភូមិសាស្រ្ត និងប្រព័ន្ធស្វែងរកតឹកតាង និងប្រព័ន្ធត្រួតពិនិត្យ។

កញ្ញា ថូង ធីតា អគ្គនាយិកាសហគ្រាស ថូង អ៉ីនធ័រប្រោយស៍ បានបង្ហាញនូវការសាទរចំពោះគម្រោងនៃការត្រៀមដាក់អំបិល-ផ្កាអំបិលកំពត ទៅជាទំនិញសម្គាល់ភូមិសាស្រ្ដនេះ។

កញ្ញាថា «ក្នុងនាមខ្ញុំជាអ្នកផលិតកែច្នៃអំបិល ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយមែនទែន នេះជារឿងល្អសម្រាប់ផលិតកររបស់កម្ពុជា ពិសេសកសិករ និងអ្នកផលិតអំបិល ព្រោះថាការទទួលបានជាទំនិញសម្គាល់ភូមិសាស្រ្ដ ជាការទទួលស្គាល់ទាំងថ្នាក់ជាតិ និងថ្នាក់អន្ដរជាតិ នេះជាមុខមាត់សម្រាប់ប្រទេសកម្ពុជា និងជាយុទ្ធសាស្រ្ដមួយក្នុ ងការផ្សព្វផ្សាយអំពីអំបិលរបស់កម្ពុជា ទៅកាន់ទីផ្សារឲ្យបានទូលំទូលាយ នេះជាចំណុលល្អមួយប្រសិនបើ យើងទទួលបានការដាក់បញ្ជូលជាទំនិញសម្គាល់ភូមិសាស្រ្ដ របស់អំបិល និងផ្កាអំបិលកំពតនេះ»