(ភ្នំពេញ)៖ លោក សេង សុភាព ប្រធានបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានថ្លែងថា កម្ពុជាជាប្រទេសទី៣ក្នុងតំបន់អាស៊ាន ដែលមានការប្រើប្រាស់ទូរស័ព្ទច្រើនជាងគេ រហូតដល់២០លានស៉ីមកាត អាចនិយាយបានថា កម្ពុជាឈរពីក្រោយខ្នងប្រទេសម៉ាឡេស៊ី និងសឹង្ហបុរី ចំណែកអ្នកប្រើប្រាស់អ៊ីនធើណេតវិញមានរហូតដល់៨៥ភាគរយ។

ការលើកឡើងរបស់លោកបណ្ឌិត សេង សុភាព ធ្វើឡើងក្នុងកម្មវិធីដែលរៀបចំឡើងដោយក្រុមហ៊ុន Ezecom ក្នុងការបង្កើនការយល់ដឹងពីផ្នែកបច្ចេកវិទ្យា និងវិធីទាញជាប្រយោជន៍ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកបណ្ឌិត សេង សុភាព បានថ្លែងថា ដើម្បីដឹងថាការរីកចម្រើននៃវិស័យឌីជីថលនេះ គឺយើងមានទិដ្ឋភាពចំនួន២យ៉ាង ជាក់ស្ដែងប្រទេសកម្ពុជា មានខ្សែអុបទិចនៅគ្រប់តំបន់ ភូមិស្រុកទាំងអស់ ។ កម្ពុជាមានបណ្ដេញអ៉ីនធើណេតក្រោមបាទសមុទ្យ ព្រមទាំងបានតាមទាន់នូវបច្ចេកវិទ្យាផ្សេងៗជាច្រើនទៀតដូចជា 3G, 4G ហើយបន្ដិចទៀតកម្ពុជានឹងមាន 5G ក្នុងពេលឆាប់ៗនេះ ចំណែកកំណើននៃការប្រើប្រាស់មានសន្ទុះច្រើនគួរឲ្យកត់សំគាល់។

លោកបានបន្ដថា «កម្ពុជាមានអ្នកប្រើប្រាស់ទូរស័ព្ទរហូតដល់២០លានស៉ីមកាតជាចំនួនច្រើន ដោយមនុស្សម្នាក់មានទូរស័ព្ទលើសពីមួយ ក្នុងអត្រានេះកម្ពុជាឈរលេខ៣ក្នុងអាស៊ាន ជាប្រទេសដែលប្រើប្រាស់ទូរស័ព្ទច្រើនក្នុងអាស៊ាន កម្ពុជាឈរក្រោយប្រទេសម៉ាឡេស៊ី និងសឹង្ហបុរី។ ក្នុងនោះកំណើននៃការប្រើប្រាសអ៉ីនធើណេតក៏មានច្រើន កម្ពុជាមានកំណើននៃការប្រើប្រាស់អ៉ីធើណេត ចន្លោះ១៣-១៤លាននាក់ មានប្រមាណ៨៥ភាគរយនៃចំនួនប្រជាជនសរុប»

លោកបានបន្ថែមថា បើមើល៥ឆ្នាំមុនក្នុងឆ្នាំ២០១៥ អ្នកបើប្រាស់អ៉ីនធើណេតមានតែ៣០ភាគរយប៉ុណ្ណោះ ប៉ុន្ដែ៥ឆ្នាំខាងមុខនេះអាចនិយាយបានថា អ្នកប្រើប្រាស់អ៉ីនធើណេតកើនឡើងទ្វេដង ជាកំណើនមួយដែលគួរឲ្យកត់សំគាល់។

លោកបានឲ្យដឹងទៀតថា ការប្រើប្រាស់បច្ចេកវិទ្យាអាចនិយាយថា យឺតយ៉ាវបន្ដិចចុះចំពោះអាជីវកម្មខ្លះ ប៉ុន្ដែក្នុងបរិបទនៃជំងឺកូវីដ១៩នេះ បានបង្ហាញថា ក្រុមហ៊ុនសហគ្រាសជំរុញការប្រើប្រាស់បច្ចេកទេសបានលឿនគួរសមដែរ។

ទាក់ទិននឹងការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជានេះ អ្នកស្រី Yuni Lee Heathcote អគ្គនាយិកានៃក្រុមហ៊ុន Ezecom បានថ្លែងឲ្យដឹងថា បច្ចុប្បន្នមានកម្មវិធីអនឡាញច្រើនណាស់ ដែលកំពុងអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា និងពិភពលោក។

លោកស្រីបន្ថែមថា «ចំពោះគំនិតរបស់ខ្ញុំកម្ពុជាកំពុងស្ថិត ក្នុងដំណាក់កាលដំបូង នៃដំណើរការឌីជីថលូបនីយកម្ម។ ក្នុងឆ្នាំ១៩៨០ដល់ឆ្នាំ១៩៩០យើងឃើញថា កម្ពុជារៀបចំពង្រាយ និងដាក់ចេញនូវគោលនយោបាយ ទាក់ទិននឹងបច្ចេកវិទ្យាផ្សេងៗ នេះជាគំនិតល្អដែលកម្ពុជាបានធ្វើ។ ដូច្នេះដំណើរការនៃការធ្វើឌីជីថលូបនីយកម្ម គឺនៅដំណាក់កាលដំបូងនៅឡើយ តែនេះមិនមែនជាអ្វីដែលជាចំណុចខ្សោយទាំងអស់នោះទេ ជាក់ស្ដែងបើគិតដល់ក្រុមហ៊ុនទូរស័ព្ទចល័ត មានបច្ចេកវិទ្យា 2G, 3G, 4G ហើយកម្ពុជាបានវិវត្តន៍ដោយផ្លោះពី2G ទៅ3Gតែម្តង»

លោកស្រីបញ្ជាក់ថា ជាការពិតការចាប់ផ្តើមយឺតតែជាចំណុចខ្លាំង ព្រោះអាចរៀនពីបទពិសោធន៍សម្រាប់ការអនុវត្តន៍ពីប្រទេសដទៃដែលចាប់ផ្តើមដំណើរការឌីជីថលូបនីយកម្មនេះ ហើយយើងបានដឹងថា បច្ចេកវិទ្យាណាជាបច្ចេកវិទ្យាដែមានប្រសិទ្ធិភាព និងដឹងពីភាពបរាជ័យដែលប្រទេសដទៃបានជួបប្រទះរួចហើយ។ ដូច្នេះកម្ពុជាបានរៀនពីចំណុចនេះ និងបានចំរាញ់យកចំណុចល្អៗមកកអនុវត្តន៍ ដោយទទួលបានជោគជ័យ៕