(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា គិតមកដល់ពេលនេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន១៥ និងបានប្រមូលទុនពីទីផ្សារមូលបត្រ សរុបប្រមាណជាង២៧៧លានដុល្លារ។

ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហុង សុហួរ ចូលរួមក្នុងពិធី ចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការ នៃក្រុមហ៊ុន Ezecom/Telcotech របស់អ្នកឧកញ៉ា គិត ម៉េង តាមរយៈប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។

លោក ហុង សុហួរ បានបញ្ជាក់យ៉ាងដូច្នេះថា «រាប់ទាំងថ្ងៃនេះផងផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន១៥ ដែលរួមមាន ក្រុមហ៊ុនចំនួន៨ បានចុះបញ្ជីជាភាគហ៊ុន និង៧ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម (មូលបត្របំណុល)។ ក្រុមហ៊ុនទាំង១៥នេះ បានប្រមូលទុនពីទីផ្សារមូលបត្រ សរុបប្រមាណជាង២៧៧លានដុល្លារ»

លោក ហុង សុហួរ បានលើកឡើងថា ទោះបីជាស្ថានភាពបច្ចុប្បន្ននៅជុំវិញ ពិភពលោកមានសភាពមិនច្បាស់លាស់ តែផ្សារមូលបត្រកម្ពុជា នៅតែបន្តការងាររបស់ខ្លួន និងឆ្ពោះទៅមុខឥតឈប់ឈរ ជាក់ស្តែង ក្នុងឆ្នាំ២០២០ ផ្សារមូលបត្រកម្ពុជាទទួល៥ក្រុមហ៊ុន ក្នុងនោះ២បានបោះភាគហ៊ុន និង៣ បោះសញ្ញាបណ្ណ, នៅឆ្នាំ២០២១នេះ ទទួលបាន២ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុន DBD Engineering លក់ភាគហ៊ុន និងក្រុមហ៊ុន Telcotech បោះលក់មូលបត្របំណុល។

លោកអគ្គនាយកបញ្ជាក់ទៀតថា ក្រុមហ៊ុនមួយចំនួនទៀត កំពុងធ្វើការជាមួយក្រុមការងារបោះផ្សាយលក់មូលបត្រ រាប់ទាំងភាគហ៊ុន និងសញ្ញាបណ្ណ ដែលផ្សារមូលបត្រកម្ពុជារំពឹងថា នឹងមានក្រុមហ៊ុនស្នើសុំ ចុះបញ្ជីនៅផ្សារមូលបត្រ ជាបន្តបន្ទាប់ទៀតនៅក្នុងឆ្នាំ២០២១នេះ មិនតិចជាងឆ្នាំ២០២០ទេ។

លោក ហុង សុហួរ បន្ដទៀតថា ចំពោះសកម្មភាពជួញដូរ មានការកើនឡើង គួរឲ្យកត់សម្គាល់ ដោយទំហំជួញដូរប្រចាំថ្ងៃ មាន១ម៉ឺនដុល្លារ ក្នុងឆ្នាំ២០១៧, ២ម៉ឺនដុល្លារ ក្នុងឆ្នាំ២០១៨, ជិត១៦ម៉ឺនដុល្លារ ក្នុងឆ្នាំ២០១៩ និងឡើងដល់ជាង២២ម៉ឺនដុល្លារ ក្នុងរយៈពេល៨ខែ ដើម២០២១។ ជាពិសេសគណនីជួញដូរ ស្មើជិត៣ម៉ឺនគណនី និងគណនីថ្មី ស្មើ៤០០ ទៅ៦០០គណនី ក្នុងមួយខែ។

អគ្គនាយកផ្សារមូលបត្រកម្ពុជារំពឹងថា ផ្សារមូលបត្រកម្ពុជានឹងក្លាយជាទីកន្លែងវិនិយោគ ដ៏មានសក្តានុពលសម្រាប់ អ្នកវិនិយោគទាំងឡាយ ដូចនៅក្នុងប្រទេសជិតខាង ដោយក្លាយជា ប្រភពទុនថ្មីមួយ ដែលមិនចេះរីងស្ងួត សម្រាប់ក្រុមហ៊ុននានា និងជាប្រភពប្រាក់ចំណូលថ្មី (ប្រភពចំណូលអកម្ម) សម្រាប់ប្រជាពលរដ្ឋ៕