(ភ្នំពេញ)៖ កម្ពុជាគ្រោងដាក់ឲ្យដំណើរការ គោលនយោបាយជាតិ ស្តីពីស្វាយចន្ទីនាចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ខាងមុខនេះ ខណៈបច្ចុប្បន្នគោលនយោបាយនេះ កំពុងស្ថិតក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា និងផ្តល់ធាតុចូលបំពេញបន្ថែមពីក្រុមការងារចម្រុះអន្តរក្រសួង ដឹកនាំដោយក្រសួងពាណិជ្ជកម្ម។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះបានបញ្ជាក់ថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២១នេះ ដំណើរការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី កំពុងស្ថិតក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា និងផ្តល់ធាតុចូលបំពេញបន្ថែម។

លោកបានបន្ថែមទៀតថា សម្រាប់ការគ្រោងដាក់ឲ្យដំណើរការអនុវត្ត គឺបន្ទាប់ពីគោលនយោបាយជាតិនេះទទួលបានការអនុម័ត ពីកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី បន្ទាប់ពីសេចក្តីព្រាងនេះបានបញ្ចប់ក្នុងកិច្ចប្រជុំកម្រិតអន្តរក្រសួង។

លោក រាជ រ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្នក្រុមការងារចម្រុះកំពុងតែពន្លឿន ការកែសម្រួលប្រមូលធាតុចូលបន្ថែម ឲ្យបានបញ្ចប់ក្នុងកម្រិតអន្តរក្រសួង និងបន្តស្នើសុំដាក់ឆ្លង និងពិនិត្យចុងក្រោយ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីស្នើសុំការអនុម័ត នាចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ខាងមុខនេះ»

បន្ថែមពីនោះទៀត លោក រាជ រ៉ា បានឲ្យដឹងថា គោលនយោបាយនេះនឹងជួយផ្តល់ផលប្រយោជន៍ ដោយប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

លោកថា គោលនយោបាយមានគោលដៅជំរុញ ផលិតកម្មនិងផលិតភាព ជំរុញឧស្សាហូបនីយកម្ម លើកកម្ពស់ឧត្តមភាពប្រកួតប្រជែង និងការបង្កើនតម្លៃបន្ថែម ដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវ៉ាក់តម្លៃសំដៅ ជួយគាំទ្រដល់តួអង្គ ដែលមានស្រាប់។

ពិសេស គឺកសិករអ្នកដាំដុះ និងទាក់ទាញវិនិយោគបន្ថែម ព្រមទាំងការរក្សាទីផ្សារចាស់ និងស្វែងរកទីផ្សារថ្មី ប្រកបដោយនិរន្តភាព ថែមទាំងបង្កើតការងារ និងចំណូលជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងបង្កើនកំណើនសេដ្ឋកិច្ចជាតិ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក រាជ រ៉ា។

លោករដ្ឋលេខាធិការក៏បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងសហការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យ ក្នុងសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី។

ស្របពេល ដែលផលិតផលស្វាយចន្ទីរបស់ប្រទេសផលិតធំៗ ក្នុងពិភពលោកមិនមានកំណើន ផលិតផលស្វាយចន្ទីរបស់កម្ពុជា អាចទាញយកចំណែកទីផ្សារ ពីប្រទេសអាមេរិក អាល្លឺម៉ង់ ហូឡង់ ចិនចក្រភពអង់គ្លេស បារាំង អូស្ត្រាលី កាណាដា សហភាពអារ៉ាប់រួម និងប្រទេសជប៉ុន។

និន្នាការនៃតម្រូវការគ្រាប់ស្វាយចន្ទីរបស់អឺរ៉ុប មានការកើនឡើងនាពេលបច្ចុប្បន្ន លើការប្រើប្រាស់គ្រាប់ស្វាយចន្ទី ជំនួសគ្រាប់ធញ្ញជាតិដទៃទៀត ដែលមានការខ្វះខាតហើយតម្លៃថ្លៃជាង។

តាមការសិក្សាកន្លងមកបានបង្ហាញថា ឧស្សាហកម្មកែច្នៃស្វាយចន្ទីកម្ពុជា ត្រូវផ្សារភ្ជាប់ជាមួយនឹងវិស័យពាក់ព័ន្ធដទៃទៀត ដើម្បីធ្វើឲ្យសេដ្ឋកិច្ចមូលដ្ឋាន មានចរន្តរស់រវើក ដែលបង្កើតបាននូវគុណតម្លៃបន្ថែម តាមរយៈការកែច្នៃដូចជា៖

* គ្រាប់ស្វាយចន្ទីឆ្អិន (Cashew Nut Roast)
* ទឹកខ្មេះស្វាយចន្ទី (Cashew Apple Vinegar)
* ដំណាប់ស្វាយចន្ទី (Cashew Apple Jam)
* ភេសជ្ជៈ (Juices)
* ប្រេងស្វាយចន្ទី (Cashew Nut Oil)
* ទឹកខ្ទិះស្វាយចន្ទី (Milked Cashew Nut)
* ទឹកដោះគោជូរស្វាយចន្ទី (Cashew Nut Yogurt)
* ទឹកក្រែមស្វាយចន្ទី (Cream Cashew Nut)
* ប៊ឺរស្វាយចន្ទី (Cashew Nut Butter)
* ការ៉េមស្វាយចន្ទី (Cashew Nut Ice Cream)
* ស្រាស្វាយចន្ទី (Cashew Apple Wine)
* និងស្វាយចន្ទីហ្វូម៉្រា (Cashew Nut Cheese) ជាដើម។

គ្រាប់ស្វាយចន្ទីលីង និងឆៅ មានប្រជាប្រិយភាពជាងគ្រាប់ធញ្ញជាតិដទៃទៀត ព្រោះវាជាអាហារ ដែលមានរសជាតិឆ្ងាញ់ និងអាហារសុខភាព។

ស្វាយចន្ទីកម្ពុជា ជាប្រភេទដំណាំកសិ-ឧស្សាហកម្ម ដែលអាចផ្គត់ផ្គង់ដល់ទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ វាជាដំណាំមានសក្តានុពល ជាអាហារូបត្ថម្ភដ៏សំខាន់ ជាវត្ថុធាតុដើមសម្រាប់ផលិផលផ្សេងៗ និងមានសារៈប្រយោជន៍ជាច្រើនទៀត ជាពិសេសស្វាយចន្ទីកម្ពុជាមានគ្រាប់ធំ និងរសជាតិឈ្ងុយឆ្ងាញ់។

គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ២០២២-២០២៧ ត្រូវបានរៀបចំ និងសម្រួចគោលដៅយ៉ាងមុតស្រួច ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលព្រមទាំង មានសង្គតិភាព ជាមួយនឹងឯកសារគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធផ្សេងទៀត ជាពិសេសគឺស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា រយៈពេល៨ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ចំនួន៨៧៦ ៥២១.១៩តោន៕