(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងថ្មីមួយ ដោយកំណត់ឲ្យសហគ្រាសផលិតផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ក្នុងស្រុកទាំងអស់ បំពាក់ ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាឲ្យបានរួចរាល់ និងចាប់ផ្តើមចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១តទៅ។

សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ប្រសិនបើសហគ្រាសផលិតផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ពិបាកក្នុងការបញ្ជាទិញ ឬដំឡើងឧបករណ៍ឧបករណ៍វាស់ចំណុះនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងសម្របសម្រួលជូន។

សូមជម្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសថ្មីមួយ ស្ដីពីកាតព្វកិច្ចដាក់ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់សហគ្រាសផលិតក្នុងស្រុក។

ប្រកាសនេះមានគោលបំណងកំណត់អំពីវីធាន និងនីតិវិធីគ្រប់គ្រងការប្រើប្រាស់ឧបករណ៍វាស់ចំណុះស្រាបៀរ និង/ឬភេសជ្ជៈគ្មានជាតិសុរា ដែលផលិតក្នុងស្រុក និងពង្រឹងការគ្រប់ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ ជាពិសេសចំណូលអាករពិសេសលើស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ប្រកបដោយតម្លាភាព ប្រសិទ្ធភាពស័ក្ដិសិទ្ធិភាព និងធានាបាននូវការប្រកួតប្រជែងដោយស្មើភាព។

ការដាក់ចេញនូវឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់សហគ្រាសផលិតក្នុងស្រុកនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ដើម្បីពង្រឹងការគ្រប់គ្រងលើផលិតករស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាទាំងអស់ ក្នុងន័យធ្វើយ៉ាងណាឲ្យការបង់ពន្ធ និងប្រកាសពន្ធស្មើភាពគ្នា៕