(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយតករមូលបត្រកម្ពុជា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមឆ្នាំ២០២១នេះ ចំនួនសាច់ប្រាក់ការបោះផ្សាយលក់មូលបត្របំណុល បានកើនដល់១៦៣លានដុល្លារ រាប់បញ្ចូលទាំងក្រុមហ៊ុន Ezecom/Telcotech របស់អ្នកឧកញ៉ា គិត ម៉េង ដែលចុះបញ្ជីជាផ្លូវការនេះ។

ការបញ្ជាក់ឲ្យដឹងបែបនេះរបស់លោក ស៊ូ សុជាតិ ធ្វើឡើងក្នុងពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការនៃក្រុមហ៊ុន Ezecom/Telcotech របស់អ្នកឧកញ៉ា គិត ម៉េង នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

សញ្ញាបណ្ណសាជីវកម្មតែលកូថែក ដែលបោះផ្សាយក្នុងចំនួន៨០០ ០០០សញ្ញាបណ្ណដែលមានតម្លៃចារឹក ១០០.០០០រៀល ក្នុងមួយឯកតាមូលបត្របំណុល ជាមួយអត្រាគូប៉ុង ៤.៥ភាគរយក្នុងមួយឆ្នាំ ដែលធ្វើការទូទាត់ប្រចាំឆមាស និងមានឥណប្រតិទាន៥ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទបោះផ្សាយ (២០២១-២០២៦) ហើយទឹកប្រាក់ដែលកៀងគរបានមានចំនួនប្រមាណជា២០លានដុល្លារអាមេរិក។

លោក ស៊ូ សុជាតិ បានចាត់ទុកការចុះបញ្ជីលក់មូលបត្របំណុលរបស់ Ezecom/Telcotech នេះ បង្ហាញពីការវិវឌ្ឍថ្មីមួយទៀត ដែលទីផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលទី៧ នៅក្នុងទីផ្សារមូលបត្រកម្ពុជា និងត្រូវជាជាក្រុមហ៊ុនទី១៥ ដែលបានចុះបញ្ជីលក់មូលបត្រ នៅផ្សារមូលបត្រកម្ពុជា។

លោកបន្ថែមថា ការចុះបញ្ជីលក់មូលបត្រជាផ្លូវការរបស់ក្រុមហ៊ុន Telcotech នេះបានសបញ្ជាក់ឱ្យឃើញថា ទីផ្សារមូលបត្រកម្ពុជាកំពុងតែមានការរីកចម្រើនជាមួយ នឹងកំណើននៃក្រុមហ៊ុនបោះផ្សាយមូលបត្រ និងបានឆ្លុះបញ្ចាំងថា ទាំងក្រុមហ៊ុន និងវិនិយោគិនសាធារណៈ បាន និងកំពុងផ្តល់ទំនុកចិត្តដល់ទីផ្សារមួយនេះ ដែលទីផ្សារមូលបត្រនេះ បានក្លាយជាច្រកមួយ សម្រាប់ការធ្វើពិពិធកម្មហិរញ្ញប្បទាន ដល់ក្រុមហ៊ុន និងជាឱកាសវិនិយោគសម្រាប់វិនិយោគិន ផងដែរ។

លោក ស៊ូ សុជាតិ បានបញ្ជាក់ថា «គិតត្រឹមឆ្នាំ២០២១នេះ ចំនួនសាច់ប្រាក់ដែលប្រមូលបាន ពីការបោះផ្សាយលក់មូលបត្របំណុល របស់ក្រុមហ៊ុន បោះផ្សាយ លក់មូលបត្របំណុលទាំង៦កន្លងមក មានប្រមាណជា១៤៣លានដុល្លារអាមេរិក ដែលនឹងកើនរហូតដល់ប្រមាណជា១៦៣លានដុល្លារ អាមេរិក បន្ទាប់ពីមានកំណើនក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុលតែលកូថេក១ទៀតនេះ»

លោក ស៊ូ សុជាតិ បានឲ្យដឹងថា ក្រុមហ៊ុន តែលកូថេក ជាក្រុមហ៊ុនបម្រើសេវាទូរគមនាគមន៍សាធារណៈ ដែលផ្តល់សេវាផ្នែកខ្សែកាបអុបទិក ដល់ក្រុមហ៊ុនបណ្ដាញ ក្រុមហ៊ុនទូរស័ព្ទ និងក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណេត ដែលបានស្នើសុំធ្វើការបោះផ្សាយលក់មូលបត្របំណុល សម្រាប់វិនិយោគិនគុណវឌ្ឍនៅកម្ពុជា នូវមូលបត្របំណុល ដែលជាប្រភេទសញ្ញាបណ្ណគ្មានវត្ថុធានា មិនមែនជាកាតព្វកិច្ចកម្រិតទាប និងមានបុគ្គលធានាក្នុងទម្រង់ចុះបញ្ជី។

លោក ស៊ូ សុជាតិ បាននាំយកនូវការផ្ដាំផ្ញើរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជាការចូលរួមអបអរសាទរទៅដល់អ្នកឧកញ៉ា គិត ម៉េង ដែលទទួលជោគជ័យ ហើយក៏ឈានជើងចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការ និងសង្ឃឹមថា ក្រុមហ៊ុននឹងអាចឈានមួយជំហានទៀត អាចបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈ (ភាគហ៊ុន) ផងដែរ។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះក្រុមហ៊ុន Telcotech របស់អ្នកឧកញ៉ា គិត ម៉េង ដែលបានសម្រេចជោគជ័យ ក្នុងការបោះផ្សាយ និងចុះបញ្ជីសញ្ញាបណ្ណសាជីវកម្មមានបុគ្គលធានា ដែលមានទំហំសរុបចំនួន ៨០ប៊ីលានរៀល (ប្រមាណ២០លានដុល្លារអាមេរិក)។

លោកថា នេះជាសញ្ញាបណ្ណសាជីវកម្មទី២ ដែលបោះផ្សាយដោយក្រុមហ៊ុនឯកជន ដែលមិនមែនជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

លោកបន្តថា ការបោះផ្សាយ និងចុះបញ្ជីលក់សញ្ញាបណ្ណនេះ នឹងធ្វើឱ្យក្រុមហ៊ុនទទួលបានទុនរយៈពេលវែង ដែលជាប្រភពទុនថ្មីមួយទៀតបន្ថែមពីលើប្រភពទុនផ្សេងៗ ដែលក្រុមហ៊ុនមានស្រាប់ ដែលការធ្វើពិពិធកម្មនេះរំពឹងថានឹងជួយជម្រុញ កំណើនអាជីវកម្មរបស់ក្រុមហ៊ុន។ ម្យ៉ាងវិញទៀត ការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា នឹងជួយពង្រីកកិត្យានុភាពរបស់ក្រុមហ៊ុន ព្រមទាំងជួយឱ្យក្រុមហ៊ុនទទួលបានទំនុកចិត្តកាន់តែខ្ពស់ពី វិនិយោគិន អតិថិជនសក្តានុពល ទាំងក្នុង និងក្រៅស្រុក។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា ក្រុមហ៊ុន Ezecom រួមជាមួយនឹងក្រុមហ៊ុន Telcotech គឺជាក្រុមហ៊ុនខ្មែរ ១០០% ដែលធ្វើការងារផ្តោតលើការផ្តល់ ជូននូវវិសាលភាពគ្របដណ្តប់ និងការតភ្ជាប់អ៊ិនធឺណិត ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា។

អ្នកឧកញ៉ាបន្ថែមថា ការបោះផ្សាយមូលបត្របំណុលនេះ នឹងផ្តល់លទ្ធភាពឲ្យយើង បន្តដឹកនាំឆ្ពោះទៅមុខបន្តទៀត ក្នុងការបង្កើតអនាគតឌីជីថលរបស់កម្ពុជា តាមរយៈការវិនិយោគលើបច្ចេកវិទ្យាទំនើបៗ និងយុទ្ធសាស្រ្តឌីជីថល។

ក្រុមហ៊ុន Ezecom នឹងប្រើប្រាស់ទឹកប្រាក់ បានពីការបោះផ្សាយមូលបត្របំណុលនេះ ដើម្បីវិនិយោគបន្ថែមទៀត លើប្រព័ន្ធអេកូឡូស៊ីឌីជីថល របស់កម្ពុជា ហើយក្រុមហ៊ុននឹងដើរតួនាទីដ៏សំខាន់មួយ ក្នុងឌីជីថលូបនីយកម្មរបស់កម្ពុជា បន្តធ្វើកិច្ចការទាំងនេះ ឆ្ពោះទៅមុខបន្តទៀតតាម រយៈបដិវត្តន៍ឧស្សាហកម្មទី៤ (IR 4.0)។

សូមជម្រាបថា មូលបត្របំណុលតម្លៃ ២០លានដុល្លារ ដែលត្រូវបោះផ្សាយដោយក្រុមហ៊ុន Ezecom/Telcotech នេះ ត្រូវបានគ្រប់គ្រងដោយទីភ្នាក់ងារ ធានាឥណទាន Credit Guarantee and Investment Facility (CGIF) ដែលបង្កើតឡើង ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសមាជិកអាស៊ាន+៣ រួមមានជប៉ុន កូរ៉េខាងត្បូង និងចិន៕