(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា មិនមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចី ឥណទានសម្បទានថ្មីពីដៃគូអភិវឌ្ឍន៍នោះឡើយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។

ព្រឹត្ដិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងឆមាសទី១ ឆ្នាំ២០២១ មិនមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងខ្ចី ឥណទានសម្បទានថ្មីទេ ដោយសារកម្មវិធី/គម្រោងអភិវឌ្ឍន៍ថ្មីទាំងនោះកំពុងស្ថិតក្នុងដំណាក់កាលសិក្សា និងរៀបចំ ហើយត្រូវបានពន្យារពេលដោយការរីករាលដាលនៃជំងឺកូវីដ១៩»

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ទៀតថា បើគិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆមាសទី១ ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងខ្ចី ឥណទានសម្បទាន ជាមួយដៃគូអភិវឌ្ឍន៍នានាសរុប ចំនួន១៤.៨៤ប៊ីលានដុល្លារអាមេរិក ក្នុងនោះ៖ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គ្របដណ្តប់ប្រមាណ ៨៤% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀតប្រមាណ១៦%។

នៅក្នុងឆមាសទី១ ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ ពីដៃគូអភិវឌ្ឍន៍យកមកប្រើប្រាស់ ជាក់ស្តែងសរុបចំនួន ៥៤៥.៩៦លានដុល្លារអាមេរិក ក្នុងនោះ៖ ក្របខ័ណ្ឌទ្វេភាគី មានចំនួនប្រមាណ៧៨% ត្រូវនឹង៤២៦.៣៩ លានដុល្លារអាមេរិក និងក្របខ័ណ្ឌពហុភាគី មានចំនួនប្រមាណ២២% ត្រូវនឹង១១៩.៥៧លានដុល្លារអាមេរិក។

បើគិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆមាសទី១ ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានដកសាច់ប្រាក់ ពីដៃគូអភិវឌ្ឍន៍យកមកប្រើប្រាស់ ជាក់ស្តែងសរុបចំនួន ១០,០៥ប៊ីលានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៦៨% នៃទំហំឥណទានសម្បទានសរុប ដែលបានចុះកិច្ចព្រមព្រៀងខ្ចី ឥណទានសម្បទានខាងលើ ក្នុងនោះ ប្រមាណ ៨១% ត្រូវបានប្រើប្រាស់ ដើម្បីហិរញ្ញប្បទានលើគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រមាណ១៩% ទៀត ក្នុងវិស័យអាទិភាព ចំពោះមុខផ្សេងទៀត។

នៅក្នុងឆមាសទី១ ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានទូទាត់សេវាបំណុល ជូនដៃគូអភិវឌ្ឍន៍សរុបចំនួន ១៩៧.៤០លានដុល្លារអាមេរិក ក្នុងនោះ ប្រាក់ដើម ១៤៧.០៥ លានដុល្លារអាមេរិក និងការប្រាក់ និងកម្រៃផ្សេងៗ៥០.៣៤លានដុល្លារអាមេរិក។ បើគិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ ឆមាសទី១ ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលជូនដៃគូអភិវឌ្ឍន៍សរុបចំនួន២.២៩ប៊ីលានដុល្លារអាមេរិក ក្នុងនោះ៖

* ក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ១% ត្រូវនឹង ២៣.០១លានដុល្លារអាមេរិក (ប្រាក់ដើម១៩.៨៩លានដុល្លារអាមេរិក
និងការប្រាក់ ៣.១២ លានដុល្លារអាមេរិក)

* ក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេស មានចំនួនប្រមាណ ៩៩% ត្រូវនឹង២.២៧ ប៊ីលានដុល្លារអាមេរិក (ប្រាក់ដើម ១.៤៧ ប៊ីលាន
ដុល្លារអាមេរិក និងការប្រាក់ និងកម្រៃផ្សេងៗ ៧៩៥.៣៣លានដុល្លារអាមេរិក)។

ក្រសួងសេដ្ឋកិច្ចសង្កត់ធ្ងន់ថា បើទោះជាសេដ្ឋកិច្ចកម្ពុជា ទទួលរងផលប៉ះពាល់ពីការរាលដាលនៃជំងឺកូវីដ-១៩ក្តី ក៏ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែបន្តរក្សាបាននូវ «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដោយរាល់សូចនាករបំណុលគន្លឹះៗទាំងអស់ ឆ្នាំ២០២១ សុទ្ធតែស្ថិតក្រោមអនុបាតគោល៕