(ភ្នំពេញ)៖ កំពុងតែជួបប្រទះបញ្ហាតម្លៃត្រីលក់មិនចេញ ហើយធ្លាក់ថ្លៃប្រជាកសិករមួយចំនួន បែកគំនិតងាកមកកែច្នៃត្រីស្រស់ទៅជាត្រីឆ្អើរ ដាក់លក់លើទីផ្សារ ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន។

ថ្លែងប្រាប់អង្គភាព Fresh News លោក ចោម សាមុត កសិករចិញ្ចឹមត្រីបានថ្លែងឲ្យដឹងថា ដោយសារតែមើលឃើញអំពីបញ្ហានៃការធ្លាក់ថ្លៃត្រី បានជំរុញឲ្យប្រជាកសិករប្រកបររបរចិញ្ចឹមត្រី ងាកមកកែច្នៃត្រីស្រស់ឲ្យក្លាយជាត្រីឆ្អើរ ដើម្បីដាក់លក់លើទីផ្សារ។

លោកបានថ្លែងថា ការកែច្នៃត្រីឆ្អើរនេះដោយសារតែបច្ចុប្បន្នត្រីមិនមានទីផ្សារ, តម្លៃចុះថោកពេក ធ្វើឲ្យអ្នកចិញ្ចឹមត្រីប្រឈមមុខនឹងការខាតបង់ច្រើន ដូច្នេះការកែច្នៃត្រីស្រស់ឲ្យក្លាយជាត្រីឆ្អើរ ជាការរួមចំណែកមួយផ្នែក ក្នុងការជួយដល់អ្នកចិញ្ចឹមត្រី។ លោកថា ត្រីឆ្អើរមានការគាំទ្រច្រើនពីអតិថិជន ដោយក្នុងមួយថ្ងៃ លោកអាចលក់ចន្លោះពី៥០០-១០០០ចង្កាក់។

លោកបន្ថែមថា «បងប្អូនប្រជាកសិករចិញ្ចឹមត្រី ពិសេសចិញ្ចឹមត្រីអណ្ដែង ពេលចិញ្ចឹមបានផលហើយ កុំសូវរំពឹងលើការចាប់ពីឈ្មួញខ្លាំងពេក ប៉ុន្ដែត្រូវងាកមកពង្រឹងសមត្ថភាពអ្វីជាភាពខ្លាំងរបស់ខ្លួន ដើម្បីរិះរកគំនិតក្នុងការកែច្នៃតម្លៃផលិតកម្មរបស់ខ្លួនចូលក្នុងទីផ្សារ ជាក់ស្ដែងដូចការកែច្នៃត្រីឆ្អើរនេះជាដើម នឹងអាចសម្រួលដល់ជីវភាពរស់នៅ បានមួយកម្រិតរបស់ប្រជាកសិករ ក្នុងពេលដែលត្រីកំពុងចាល់ ហើយធ្លាក់ថ្លៃ។
ចំពោះការកែច្នៃត្រីឆ្អើរនេះ ប្រសិនបើអតិថិជនមានម៉ូយអាចឆ្អើរត្រីលក់ បានក្នុងចន្លោះ៨០០គីឡូក្រាមទៅ១តោនឯណ្ណោះក្នុង១ថ្ងៃ។

អ្នកស្រី អ៊ូច សម្បត្តិ ម្ចាស់កសិដ្ឋាន និងសហគ្រាសស្វៀតា នៅខេត្តបាត់ដំបង បានថ្លែងថា បច្ចុប្បន្ននេះខ្លួនកំពុងប្រកាសទទួលទិញត្រី ពីបងប្អូនអ្នកចិញ្ចឹមត្រីអណ្ដែងសាច់ច្រើនតោន ដើម្បីកែច្នៃជាឆ្អើរលក់លើទីផ្សារ ។

អ្នកស្រីបានបន្ដថា «ការបន្ថែមពីលើការចិញ្ចឹមត្រី ដោយកែច្នៃត្រីស្រស់ទៅជាត្រីឆ្អើរ ដោយសារបច្ចុប្បន្នយើងកំពុងជួបប្រទះបញ្ហាទីផ្សារ ព្រោះត្រីចាល់ សល់ច្រើនលក់មិនចេញ និងមិនមានទីផ្សារក្នុងស្រុក [...] កត្តាមួយទៀតត្រីជាប្រភេទសត្វដែលស្រួលកែច្នៃ និងបំលែងយកផលចំណេញអំពីវាបានច្រើន។ ជាក់ស្ដែងដូចយើងកំពុងជួបបញ្ហាត្រីស្រស់លក់មិនចេញ ដូច្នេះយើងអាចកែច្នៃជាត្រីឆ្អើរ ដោយអាចរក្សាទុករហូតដល់១ខែ ងាយស្រួលទុក និងងាយស្រួលលក់វេចខ្ចប់លើទីផ្សារ។ នេះជាការរួមចំណែក និងជាដំណោះស្រាយមួយរបស់ខ្ញុំ ចំពោះបញ្ហាទីផ្សារត្រី ដោយយើងចាប់ផ្ដើមទទួលទិញត្រីកែច្នៃជាត្រីឆ្អើរ ដើម្បីទាញយកទីផ្សារក្នុងដៃ និងជួយដល់កសិករឲ្យមានទីផ្សារ»

អ្នកស្រីបន្ថែមថា ចំពោះច្នៃត្រីស្រស់ជាត្រីឆ្អើរ លោកស្រីត្រូវការទិញត្រី ដែលចិញ្ចឹមក្នុងស្រុកប៉ុណ្ណោះ ដើម្បីជួយលើកស្ទួយការចិញ្ចឹម ដល់បងប្អូនវារីវប្បករ៕