(ភ្នំពេញ)៖ អ្នកប្រើប្រាស់ និងមន្ត្រីក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ សុទ្ធតែមើលឃើញដូចគ្នា ពីការសារប្រយោជន៍ និងការរីកចម្រើននៃការទូទាត់ តាមប្រព័ន្ធឌីជីថលនៅកម្ពុជា ពិសេសពេលមានការរីករាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍ ហើយមានការបិទខ្ទប់។

អ្នកស្រី លី ដានី ម្ចាស់ហាងសួនធម្មជាតិកេសរ បានឲ្យដឹងថា នៅបរិបទនៃការរីករាលជំងឺកូវីដ១៩នេះ អ្នកស្រីសង្កេតឃើញការទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក មានការរីកចម្រើន ភ្ញៀវភាគច្រើនដែលមកទិញបន្លែ ត្រី សាច់ នៅហាងរបស់អ្នកស្រី ភាគច្រើនទូទាត់តាមប្រព័ន្ធឌីជីថល។

ការទូទាត់តាមប្រព័ន្ធឌីជីថលនេះ គឺងាយស្រួលមិនបាច់អាប់លុយ មិនប៉ះពាល់លុយដែលអាចមានហានិភ័យ នៃការចម្លងមេរោគ។ នេះបើតាមការបញ្ជាក់របស់ម្ចាស់ហាងសួនធម្មជាតិកេសរ។

តាមអ្នកស្រី លី ដានី អតិថិជនភាគច្រើន ដែលប្រើប្រាស់ការទូទាត់ តាមប្រព័ន្ធឌីជីថល ជាយុវវ័យ។ នៅថ្ងៃអនាគតអ្នកស្រីជឿជាក់ថា ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនេះ មានការរីកចម្រើនខ្លាំង។

លោក ឡេង ហួរ ម្ចាស់ហាងលក់ទូរស័ព្ទឡេងហួរ បាននិយាយថា អតិថិជនប្រមាណ៨០ភាគរយ ជ្រើសរើសយកការទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិកនេះ ហើយលោកលើកទឹកចិត្ត ឲ្យអតិថិជនប្រើប្រាស់ការទូទាត់បែបនេះ ដើម្បីការពារការចម្លងជំងឺកូវីដ១៩ ជាយថាហេតុ។

លោក សួន សុភ័ក្ត្រ អ្នកនិយមប្រើប្រាស់ការទូទាត់ ផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកម្នាក់និយាយថា លោកនិយមប្រើប្រព័ន្ធបាគងរបស់ធនាគារជាតិ។ លោកស្នើឲ្យមានការបញ្ចូល ពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឲ្យកាន់តែច្រើនថែមក្នុងប្រព័ន្ធបាគងនេះ ដើម្បីផ្តល់ភាពងារស្រួលដល់អ្នកប្រើប្រាស់។ ចំពោះការផ្ទេរឆ្លងធនាគារមួយទៅធនាគារមួយ គួរតែបានបញ្ចុះតម្លៃកុំឲ្យសេវាថ្លៃពេក។

លោក ចរ សុភាព អនុប្រធានគណៈកម្មការទូទាត់ នៃសមាគមធនាគារនៅកម្ពុជា បានឲ្យដឹងថា ប្រព័ន្ធទូទាត់តាមឌីជីថល កំពុងមានការចាប់អារម្មណ៍ខ្លាំង និងមានសារៈសំខាន់ណាស់នាពេលបច្ចុប្បន្ន ជាពិសេសក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសក្នុងអំឡុងពេលនៃការបិទខ្ទប់ ទាក់ទងទៅនឹងការគ្រប់គ្រងការចំណាយប្រចាំថ្ងៃ។

ជាក់ស្តែង បើយោងតាមទិន្នន័យពីធនាគារជាតិនៃកម្ពុជា ក្នុងកំឡុងពេល Covid-19 នៅពេលមានការប្រកាន់យកវិធានសុខាភិបាលទាក់ទងទៅគម្លាតសង្គម ដែលជាវិធានការការពារមួយនោះ យើងឃើញចំនួនប្រតិបត្តិការតាមឌីជីថលនៅទូទាំងប្រទេសកម្ពុជាបានកើនឡើង៣៥០ ភាគរយ ចាប់ពីចុងឆ្នាំ២០១៩ មកទល់ដំណាច់ឆ្នាំ២០២០កន្លងទៅនេះ ហើយតម្លៃសរុបបានកើនឡើង២០០ភាគរយដល់ ៦៨ពាន់លានដុល្លារអាមេរិក។

លោក ជា រតនា នាយកប្រតិបត្ដិគ្រប់គ្រងបណ្ដាញភ្នាក់ងារ AMK បានលើកឡើងថា ដើម្បីជំរុញឲ្យមានការប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងនាមអ្នកបម្រើសេវាជូនអតិថិជនចាំបាច់ណាស់ គឺត្រូវតែធ្វើការសម្រួល ឲ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធរបស់ខ្លួន ដើម្បីឲ្យអតិថិជនកាន់តែមានភាពងាយស្រួល ក្នុងការប្រើប្រាស់៕