(ភ្នំពេញ)៖ ៨ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញទៅកាន់អាមេរិក មានទំហំទឹកប្រាក់ជាង ៤,៦៨៦លានដុល្លារ ខណៈអាមេរិកនាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ជាង២៥១លានដុល្លារ។ នេះបើយោងតាមទិន្ន័យរបស់ក្រសួងពាណិជ្ជកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

យោងតាមទិន្ន័យរបស់ក្រសួងពាណិជ្ជកម្ម រយៈពេល៨ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកសម្រេចបានជាង៤,៩៣៨លានដុល្លារ កើនឡើង៤០.១៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួន៣,៤៩៧លានដុល្លារ។

ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅអាមេរិក មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

គូសបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អាមេរិក មានកំណើនគួរឲ្យកត់សម្គាល់៖

* ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់២,៣៦៥លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញបាន២,១៣៦លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូល មកកម្ពុជាវិញ មានតែ២២៨លានដុល្លារប៉ុណ្ណោះ។

* ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក ហាក់ថមថយបន្តិច មានទឹកប្រាក់២,៣២០លានដុល្លារ ប៉ុន្តែការនាំចេញរបស់កម្ពុជាទៅអាមេរិក នៅតែបន្តកើនឡើង ដោយនាំចេញបាន២,១៤៧លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញ មានតែ១៧៣លានដុល្លារប៉ុណ្ណោះ។

* ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់២,៦០៥លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន២,៤០៨លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែ១៩៦លានដុល្លារប៉ុណ្ណោះ។

* ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់៣,៤៣៨លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន៣,០៥១លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែ៣៨៦លានដុល្លារប៉ុណ្ណោះ។

* ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ជាង៤,៧១៣លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន៤,៤០២លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែជាង៣១១លានដុល្លារប៉ុណ្ណោះ។

* ឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ជាង៥,៥០៩លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន៥,២៥៨លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែជាង២៥០លានដុល្លារប៉ុណ្ណោះ៕