(ភ្នំពេញ)៖ ក្រុមហ៊ុន DBD Engineering & Construction គឺជាក្រុមហ៊ុនសហគ្រាសធនតូច និងមធ្យមលើកដំបូង និងជាក្រុមហ៊ុនទី១៤ បានហក់ចូលក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីបើកឲ្យមានការជួញដូរចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ។

តម្លៃបោះផ្សាយមូលបត្រជាសាធារណៈជាលើកដំបូង (IPO) មានទឹកប្រាក់ចំនួន២៤២០រៀល ដែលមានភាគហ៊ុនបោះផ្សាយចំនួន ៦ ៤៦១ ៥៣៨។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានអបអរសាទរចំពោះក្រុមហ៊ុន DBD Engineering Plc ដែលបានសម្រេចជោគជ័យ ក្នុងការបោះផ្សាយ និងចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុន។

លោកថា ជាការពិតភាពជោគជ័យនេះ កើតមានឡើងទៅបានដោយសារ មានការចូលរួមគាំទ្រខ្ពស់ពីសំណាក់ភាគីពាក់ព័ន្ធដូចជា៖ និយ័តករមូលបត្រកម្ពុជា, ក្រុមហ៊ុនធានាទិញមូលបត្រ SBI Royal Securities និង ជាពិសេសឆន្ទៈរបស់ក្រុមហ៊ុន DBD Engineering ផ្ទាល់តែម្ដង ។

លោកបណ្ឌិតបានបញ្ជាក់ថា «មកដល់ថ្ងៃនេះផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួនរួមមានក្រុមហ៊ុនចំនួន៨ បានចុះបញ្ជីជាភាគហ៊ុន និង៦ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម។ ក្រុមហ៊ុនទាំង១៤នេះ បានប្រមូលទុនពីទីផ្សារមូលបត្រសរុបប្រមាណជាង ២៥៧លានដុល្លារ»

លោកបណ្ឌិតបន្ថែមថា តាមរយៈក្រុមហ៊ុនដែលបានចុះបញ្ជី មិនត្រឹមតែមានលទ្ធភាពទទួលបាននូវប្រភពទុន ដែលមិនចេះរីងស្ងួត ដែលមានថ្លៃដើមទាប និងជាទុនរយៈពេលវែងប៉ុណ្ណោះទេ, តែថែមទាំងទទួលបាននូវការលើកទឹកចិត្តពន្ធដារ ពីរាជរដ្ឋាភិបាល, បង្កើនកិត្តិនាមខ្លួននៅទីផ្សារជាតិ និងអន្តរជាតិ, ទទួលបានការទុកចិត្តខ្ពស់ពីអតិថិជន, វិនិយោគិន និងសាធារណជន រីឯក្រុមហ៊ុនខ្លះប្រើជាយុទ្ធសាស្ត្រ ចាកចេញដើម្បីឱ្យភាគហ៊ុនិក មួយចំនួនមានច្រកចេញ ជាមួយនឹងតម្លៃភាគហ៊ុនមួយខ្ពស់តាមស្ថានភាពទីផ្សារ។

លោករដ្ឋលេខាធិការ បានបន្ថែមថា «ព្រឹត្តការណ៍នេះ ជាការបោះជំហានថ្មីមួយទៀត របស់ផ្សារមូលបត្រកម្ពុជា ក្នុងការចូលរួមចំណែកជួយជ្រោមជ្រែង និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្ដល់ឱ្យ សហគ្រាសទាំងឡាយនូវច្រកហិរញ្ញប្បទានថ្មីមួយ ដែលជាប្រភពទុនមិនចេះរីងស្ងួត ជាមួយនឹងចំណាយថ្លៃដើមទាបស្របតាម ផែនការស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ ២០២១-២០២៣ របស់រាជរដ្ឋាភិបាលដែលគ្រោងនឹងដាក់ចេញ ក្នុងគោលបំណងអូសទាញកំណើនសេដ្ឋកិច្ច ឱ្យត្រឡប់ទៅខិតជិតកំណើនសក្តានុពល ប្រកបដោយចីរភាព និងបរិយាបន្ន តាមរយៈការលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសលើមូលដ្ឋានឧស្សាហកម្មរឹងមាំ ដែលមានសមត្ថភាពនាំចេញខ្ពស់ និងផ្សារភ្ជាប់កាន់តែខ្លាំង ជាមួយខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក»

លោក ស៊ូ សុខជាតិ បានថ្លែងថា ការឈានចូលទីផ្សាររបស់ក្រុមហ៊ុន DBD គឺជាការវិវត្តន៍ថ្មីមួយទៀត សម្រាប់ផ្សារមូលបត្រកម្ពុជា ដែលជាក្រុមហ៊ុនទី៨ ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ឬជាក្រុមហ៊ុនទី១៤ ដែលបានចុះបញ្ជីលើទីផ្សារមូលបត្រកម្ពុជា។ នេះជាការបង្ហាញជូនសាធារណជន ក៏ដូចជាបណ្ដាប្រទេសមួយចំនួនថា កម្ពុជាបានដើរទៅមុខម្ដងមួយជំហានម្ដងមួយជំហាន។

លោក នាង វិធី បានថ្លែងថា គោលបំណងក្នុងការបោះផ្សាយលក់មូលបត្រ លើទីផ្សារកំណើនរបស់ក្រុមហ៊ុន DBD នឹងរួមចំណែកធ្វើឲ្យក្រុមហ៊ុន DBD ទទួលបានប្រភពទុន ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មបន្ថែមទៀត។

លោកបញ្ជាក់ថា ទោះបីបច្ចុប្បន្ននេះកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ១៩ ប៉ុន្ដែក្រុមហ៊ុនបានសម្រេចជោគជ័យ ក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទិ្ធលើទីផ្សារមូលបត្រ។

សូមជម្រាបថា បោះលក់ដំបូងនៅ IPO របស់ក្រុមហ៊ុន DBD មានការបញ្ជាទិញលើសកំណត់ ដល់ឡើងផ្សារថ្ងៃទី១ ការជួញដូរដល់ជាង៣៥ម៉ឺនហ៊ុន គិតជាទឹកប្រាក់ជិត៨៥៦លានរៀល ហើយថ្លៃឡើង៦០រៀលធៀបថ្លៃ IPO៕