(ភ្នំពេញ)៖ រយៈពេល៨ខែ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាទទួលបានចំណូលជាង៤១៦លានដុល្លារអាមេរិក ពីការនាំចេញកង់។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់យ៉ាងដូច្នេះថា រយៈពេល៨ខែ ឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណូល ពីការនាំចេញកង់ ចំនួន ៤១៦,៨៤៧,៨៨២ដុល្លារអាមេរិក កើនឡើង២៤.៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន៣៣៤,៦៧៤,១៥៩ដុល្លារអាមេរិក។

ទីផ្សារគោលដៅដែលកម្ពុជានាំចេញកង់ រួមមាន៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៉ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា -ល-។

បើតាមលោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបញ្ជាក់ឲ្យដឹងថា ការនាំចេញកង់ពីកម្ពុជា នៅតែមានកំណើនគួរឲ្យកត់សម្គាល់ បានន័យថា ទោះជួបវិបត្តិកូវីដ-១៩ ក៏ការនាំចេញកង់ នៅតែជំនះបានឧបសគ្គនេះ។

លោក ស៊ាង ថៃ បានលើកឡើងថា ជាការពិតបញ្ហាកូវីដ-១៩ បានជះឥទ្ធិពលទៅវិស័យជាច្រើន នៅទូទាំងពិភពលោក។ គ្មានប្រទេសណាដែលមិនរង នូវការគំរាមកំហែង ដោយជំងឺរាតត្បាតដ៏កាចសាហាវនេះទេ។

បន្ថែមពីនោះទៀតលោក ស៊ាង ថៃ បានគូសបញ្ជាក់ថា ការមានកំណើន នូវការនាំចេញកង់ពីកម្ពុជានេះ ដោយកត្ដាសំខាន់ៗ ចំនួន៣រួមមាន៖

* ទី១៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអំពាវនាវឲ្យអ្នកបញ្ជាទិញ នៅតែបញ្ជាទិញទំនិញពីកម្ពុជា
* ទី២៖ មានការជឿទុកចិត្ត ពីអ្នកបញ្ជាទិញ
* ទី៣៖ កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសនាំចេញកង់ច្រើន ដោយមានទីផ្សារទូលំទូលាយ។

គូសបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាទទួលបានប្រាក់ចំណូល ពីការនាំចេញកង់ សរុបចំនួន ៥២៧,០៨២,២២៨ ដុល្លារអាមេរិក កើនឡើង២៧.៧៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩៕