(ភ្នំពេញ)៖ លោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានលើកឡើងថា ការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ បានគ្រប់ដូស នឹងជំរុញឲ្យកម្ពុជាបើកទ្វារទទួលស្វាគមភ្ញៀវទេសចរ ខណៈបច្ចុប្បន្ននេះកម្ពុជាទទួលបានវ៉ាក់សាំងច្រើនជាងគេក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសសឹង្ហបុរី។

លោកស្រីលើកឡើងថា បន្ទាប់ពីការពន្លឿននៃការចាក់វ៉ាក់សាំងក្នុងប្រទេសកម្ពុជា ខ្ញុំយល់ឃើញថា កម្ពុជាគួរតែបើកទ្វារប្រទេស ដើម្បីទទួលភ្ញៀវទេសចរ តាមផែនការនៃការចាក់វ៉ាក់សាំង។ កម្ពុជាចាក់វ៉ាក់សាំងបានច្រើន នេះជាការបង្ហាញពីការជោគជ័យមួយ និងសូមអរគុណដល់រាជរដ្ឋាភិបាល ដែលបានពន្លឿនការចាក់វ៉ាក់សាំងបានច្រើន។

កម្ពុជាជាប្រទេសដែលចាក់វ៉ាក់សាំងច្រើនជាងគេ បន្ទាប់ពីសង្ហឹបុរី ដែលឈរលំដាប់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន ដូច្នេះបន្ទាប់ពីទទួលបានវ៉ាក់សាំងបានច្រើនហើយ កម្ពុជាគួរតែធ្វើអ្វីម្យ៉ាង ឬក៏ប្រកាសពីថាកម្ពុជាបើកទទួលភ្ញៀវទេសចរ មូលហេតុដែលកម្ពុជាអាចទទួលភ្ញៀវបាន ដោយសារតែកម្ពុជាបានចាក់វ៉ាក់សាំង បានដល់ចំនួនមួយ ដែលច្រើនលើសលប់។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រី ស៉ីវលីន។

លោកស្រីបន្តថា ឆ្លៀតក្នុងឱកាសនេះកម្ពុជាគួរតែបង្ហាញដល់ពិភពលោក អំពីការបើកទ្វារប្រទេសទទួលភ្ញៀវទេសចរ។ បើទោះបីកម្ពុជា មិនអាចទទួលភ្ញៀវទេសចរ បានច្រើនដូចពីមុនក្ដី ប៉ុន្ដែនេះជាសារដ៏សំខាន់ ក្នុងការបង្ហាញឲ្យអ្នកទេសចរលើពិភពលោក បានដាក់បញ្ជូលគោលដៅទេសចរណ៍ ក្នុងការជ្រើសរើសមកដំណើរកំសាន្ដ នាពេលខាងមុខនេះ។

លោកស្រីបន្ថែមថា «ប្រសិនបើកម្ពុជាបន្ដរងចាំវត្តមាននៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ ផុតពីផែនដី នោះយើងនឹងស្លាប់មុនជំងឺនេះទៅទៀត ដោយសារតែជួបនូវវិបត្តិសេដ្ឋកិច្ច ព្រោះអាជីវកម្មទេសចរណ៍ ត្រូវបានដេកដួលជិត២ឆ្នាំមកហើយ ប្រសិនបើកម្ពុជាអាចប្រកាសបើកនៅពេលនេះ អាចជាឱកាសក្នុងការត្រៀមខ្លួន ក្នុងការរើត្រឡប់មកវិញប្រមែប្រមូល អ្នកជំនាញទេសចរណ៍ត្រឡប់មកវិញ និងទាន់ពេលវេលា។ ប្រសិនបើបន្ដយូរជាងនេះ ពួកគាត់នឹងអត់មានដើមទុន ក្នុងការបើកត្រឡប់មកវិញ និងមិនអាចបាត់បង់ធនធានមនុស្សទៀតផង»

លោកស្រីបញ្ជាក់ថា ការទទួលបានវ៉ាក់សាំងគ្រប់ដូស ធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត នឹងចាប់ផ្ដើមធ្វើដំណើរកំសាន្ដឡើងវិញ។ ដូចគ្នាម្ចាស់អាជីវកម្ម ក៏មានទំនុកចិត្តក្នុងការបើកអាជីវកម្មឡើងវិញ។ ប្រសិនមិនមានការចាក់វ៉ាក់សាំងទេ កុំថាឡើយអ្នកដើរលេង សូម្បីតែអ្នកបើកអាជីវកម្ម ក៏មិនហ៊ានបើកនោះដែរ ដោយសារតែអ្នកលក់ក៏ខ្លាច អ្នកទិញក៏ខ្លាច។

សូមជម្រាបថា រាជរដ្ឋាភិបាលម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ផែនការយុទ្ធសាស្រ្ត ស្ដីពី ការបើកទទួលទេសចរណ៍សុវត្ថិភាព» ដើម្បីដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្តជាក់លាក់ ក្នុងការធានាឱ្យបាននូវប្រសិទ្ធភាព និងសុវត្ថិភាពនៃការបើកឡើងវិញ នូវវិស័យទេសចរណ៍ ដែលកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។

«សេចក្តីព្រាងផែនការយុទ្ធសាស្រ្ត» នេះ មានចក្ខុវិស័យចូលរួមស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ តាមរយៈការបើកទទួលទេសចរអន្តរជាតិឡើងវិញ ទៅតាមដំណាក់កាល និងជាជំហានៗ ស្របតាមគន្លងប្រក្រតីភាពថ្មី ដែលប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ និងមានការគ្រប់គ្រងប្រកបដោយគណនេយ្យភាព, សុវត្ថិភាព និងនិរន្តរភាព ដោយផ្អែកទៅលើការកំណត់អញ្ញតិ្ត និងកម្រិតហានិភ័យ ដែលជាបុរេលក្ខខណ្ឌចាំបាច់ សម្រាប់ជំហាននីមួយៗយ៉ាងច្បាស់លាស់។

«សេចក្តីព្រាងផែនការយុទ្ធសាស្រ្ត»នេះ មានគោលបំណងដាក់ចេញនូវគោលការណ៍រួម ដើម្បីជំរុញឱ្យការបើកទទួលទេសចរអន្តរជាតិឡើងវិញនេះ អាចរក្សាបាននូវតុល្យភាពរវាងដង្ហើមសង្គម-សេដ្ឋកិច្ច និងដង្ហើមសុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋ, ភ្ញៀវទេសចរ និងអ្នកដំណើរគ្រប់ប្រភេទ ស្របតាមស្មារតីនៃ «ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព» ក៏ដូចជាការចាប់យកឱកាសនេះ សម្រាប់ការធ្វើការកែទម្រង់ស៊ីជម្រៅចំពោះវិស័យ ទេសចរណ៍កម្ពុជា ដើម្បីឱ្យក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព, សុវត្ថិភាព និងនិរន្តរភាព។

សេចក្តីព្រាង «ផែនការយុទ្ធសាស្រ្ត ស្ដីពីការបើកទទួលទេសចរណ៍សុវត្ថិភាព» នេះបានផ្ដោតលើគោលដៅចំនួន ០៤ រួមមាន៖

១. ការទទួលបានភ្ញៀវទេសចរពីប្រភពទីផ្សារ ដែលមានសក្តានុពលមានសុវត្ថិភាព និងមានហានិភ័យទាប សម្រាប់គោលដៅទេសចរណ៍កម្ពុជា,
២. ការគ្រប់គ្រងរំហូរភ្ញៀវទេសចរអន្តរជាតិ ដើម្បីបង្ការ និងគ្រប់គ្រងនូវការហូរចូលនៃមេរោគកូវីដ-១៩ និងប្រភេទមេរោគបំប្លែងថ្មីៗ,
៣. ការពង្រឹងនូវភាពទាក់ទាញ និងគុណភាពសេវាកម្មទេសចរណ៍របស់កម្ពុជា តាមគន្លងប្រក្រតីភាពថ្មី
៤. បង្កើនទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមករវាងប្រភពទីផ្សារ និងគោលដៅទេសចរណ៍កម្ពុជា៕