(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលចំពោះការលើកឡើង របស់ក្រុមហ៊ុន Management Pte Ltd នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ដែលថា នាវា MT Strovols គ្មានជម្រើសផ្សេង ក្រៅពីចាកចេញពីប្រទេសកម្ពុជា ដើម្បីធ្វើការផ្លាស់ប្តូរនាវិក និងចាក់ប្រេង។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងរ៉ែ និងថាមពល សូមច្រានចោលការលើកឡើង របស់ក្រុមហ៊ុន Management Pte Ltd នៅក្នុងសេចក្តី ប្រកាសព័ត៌មានរបស់ខ្លួន ដែលថា នាវា MT Strovols គ្មានជម្រើសផ្សេងក្រៅពីចាកចេញពីប្រទេសកម្ពុជា ដើម្បីធ្វើការផ្លាស់ប្តូរនាវិក និងចាក់ប្រេង។ ក្រសួងរ៉ែ និងថាមពល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាផ្សេងទៀត មិនដែលបានទទួលដំណឹងពីម្ចាស់នាវា អ្នកគ្រប់គ្រងនាវា ឬ ភាគីណាមួយ ស្នើសុំឲ្យរៀបចំ ឬ អនុញ្ញាតឲ្យធ្វើការផ្លាស់ប្តូរនាវិក និង ចាក់ប្រេងនាវានេះឡើយ»

ក្រសួងរ៉ែ បានឲ្យដឹងទៀតថា ទោះបីយ៉ាងណាក៏ដោយ ក៏បញ្ហានៃការប្តូរនាវិក ឬ ការចាក់ប្រេងនេះ មិនអាចយកមកធ្វើជាលេស ដើម្បីឲ្យនាវា MT Strovolos ចាកចេញ និងយកប្រេងឆៅកម្ពុជា ទៅជាមួយដោយមិនអនុលោមតាមច្បាប់កម្ពុជាឡើយ។ ក្រោយពេលដែលនាវា MT Strovolos បានចាកចេញពីដែនទឹកកម្ពុជា ដោយខុសច្បាប់នាវានេះ មិនដែលបានបង្ហាញឆន្ទៈក្នុងការវិលត្រឡប់ ឬ ដឹកប្រេងឆៅមកដែនទឹកកម្ពុជាវិញឡើយ បើទោះបីជាម្ចាស់នាវា អ្នកគ្រប់គ្រង ប្រធានក្រុម និង នាវិកនៅលើនាវានេះ បានដឹងយ៉ាងច្បាស់ថា ប្រេងឆៅនៅលើនាវារបស់ខ្លួន គឺជាទ្រព្យសម្បត្ដិរបស់កម្ពុជា។

ជាមួយគ្នានេះ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងបន្ដចាត់វិធានការផ្សេងៗ ធ្វើយ៉ាងណានាំយកប្រេងឆៅរបស់កម្ពុជា ប្រហែល៣០ម៉ឺនបារ៉ែល មកវិញឲ្យបាន។

ក្រសួងរ៉ែ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាម្ចាស់ នៃប្រេងឆៅ រាជរដ្ឋាភិបាលកម្ពុជា បាននិងបន្តចាត់វិធានការផ្សេងៗទៀតដែលចាំបាច់ ដើម្បីយកប្រេងឆៅមកវិញ និងដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយត្រឹមត្រូវ និងពេញលេញ»

ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំជំនួយពី រដ្ឋាភិបាលឥណ្ឌូណេស៊ី ដើម្បីនាំខ្លួនជនល្មើស និងបក្សពួករបស់គេ មកផ្តន្ទាទោស និងដើម្បីយកប្រេងឆៅកម្ពុជាមកវិញ ស្របតាមច្បាប់ជាតិរបស់ប្រទេសទាំងពីរ និងច្បាប់អន្តរជាតិផងដែរ។

ជាមួយគ្នានេះ ក្រសួងរ៉ែ និងថាមពល ក៏បានឲ្យដឹងផងដែរថា នាវា MT Strovolos ត្រូវបានឃាត់ទុក នៅសាធារណរដ្ឋឥណ្ឌូណេស៊ី ដោយសង្ស័យថា បានបំពានច្បាប់ឥណ្ឌូណេស៊ី។

ចំណែកឯនៅប្រទេសកម្ពុជាវិញ បណ្ដឹងមួយចំនួន ត្រូវបានធ្វើឡើងប្រឆាំង នឹងម្ចាស់នាវា អ្នកគ្រប់គ្រង ប្រធានក្រុម និងបក្សពួក ពាក់ព័ន្ធនឹងបទល្មើសមួយចំនួន ក្រោមច្បាប់កម្ពុជា ហើយបណ្ដឹងទាំងនេះ កំពុងតែត្រូវបានតុលាការ មានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។

ក្រសួងបានទទួលដំណឹងថា បច្ចុប្បន្ននាវិកទាំងអស់ត្រូវបានឃាត់ខ្លួន ដើម្បីស៊ើបអង្កេតលើករណី ពាក់ព័ន្ធនឹងបទល្មើសឬត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងបទល្មើស ដែលប្រព្រឹត្តិនៅក្នុងប្រទេសកម្ពុជា និងប្រទេសឥណ្ឌូណេស៊ី។ បញ្ហានេះ គឺជានីតិវិធីផ្លូវច្បាប់សុទ្ធសាធ ហើយមិនពាក់ព័ន្ធនឹងបញ្ហានយោបាយ ឬពាណិជ្ជកម្មឡើយ។

គូសបញ្ជាក់ថា ក្រុមហ៊ុនគ្រីសអេនើជី នាវា MT Strovolos ត្រូវបានបញ្ជាដោយក្រុមហ៊ុន World Tankers Management Pte Ltd នៅល្ងាចថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ ឲ្យចាកចេញពីកម្ពុជានៅម៉ោង ៨៖០០ល្ងាច ទៅកាន់ដែនទឹកប្រទេសថៃឡង់ដ៏ ដោយយកប្រេងឆៅរបស់កម្ពុជាទៅជាមួយផងដែរ។

ការចាកចេញរបស់នាវា MT Strovolos ធ្វើឡើងដោយមិនបានឆ្លងកាត់នីតិវិធីប្រតិវេទន៍គយ និងដោយគ្មានការអនុញ្ញាតណាមួយ ពីសំណាក់អាជ្ញាធរកម្ពុជាឡើយ ដែលផ្ទុយនឹងច្បាប់កម្ពុជា៕