(ភ្នំពេញ)៖ កម្ពុជា បានស្នើឲ្យឥណ្ឌា បង្កើនការវិនិយោគ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការនាំចូលបន្ថែម នូវម៉ាស៊ីនកសិកម្មផ្សេងៗ ជាដើម។

ការស្នើបែបនេះ ធ្វើឡើងក្នុងជំនួប ពិភាក្សាការងារទ្វេភាគី រវាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ជាមួយលោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ បានថ្លែងការកោតសរសើរ នូវទំនាក់ទំនងដ៏ល្អ រវាងប្រទេសទាំងពីរ និង ទំនាក់ទំនងវប្បធម៌ និងអរិយធម៌ដ៏ជិតស្និទ្ធនៃប្រទេសទាំងពីរ។

លោកក៏បានជម្រាបជូន លោកស្រីឯកអគ្គរដ្ឋទូត អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង់ការរីករាលដាល នៃជំងឺកូវីដ-១៩ ជាពិសេស យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់សម្រាប់ការស្តារទ្បើងវិញ នូវសេដ្ឋកិច្ចសង្គម។

ក្នុងកិច្ចជំនួបនេះ លោករដ្ឋមន្រ្ដី និងលោកស្រីឯកអគ្គរដ្ឋទូត បានផ្លាស់ប្តូរយោបល់ លើវឌ្ឍនភាពពាណិជ្ជកម្មអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ហើយបានពិភាក្សា លើការជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរផងដែរ។

ក្នុងនោះ កិច្ចពិភាក្សា បានធ្វើការកត់សម្គាល់ ពីការរីកចំរើនជាបន្ដបន្ទាប់ និងឯកភាពបន្តលើការពង្រឹងទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគី ឲ្យកាន់តែប្រសើរទ្បើង មួយកម្រិតទៀត ជាការពិសេស ការឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ។

លោករដ្ឋមន្រ្ដី បានជម្រាបជូនអំពីផលិតផលកសិកម្មសក្តានុពល របស់កម្ពុជាដែលជាតម្រូវការក្នុងទីផ្សារឥណ្ឌា ហើយបានស្នើឲ្យភាគីឥណ្ឌាបង្កើនការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការនាំចូលបន្ថែមនូវម៉ាស៊ីនកសិកម្មផ្សេងៗ ជាដើម។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវការគាំទ្រ ក្នុងការជំរុញធុរកិច្ច និងវិនិយោគឥណ្ឌាមកកាន់កម្ពុជាបន្ថែម ហើយក៏បានលើកទ្បើង អំពីបំណងក្នុងការបង្កើតនូវវេទិកាផ្គូរផ្គងធុរកិច្ច រវាងភាគីទាំងពីរក្នុងពេលអនាគតដ៏ខ្លី ផងដែរ។

លោករដ្ឋមន្ដ្រី និងលោកស្រី បានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ និងបន្តសហការ និងគាំទ្រគា្នទៅវិញទៅមក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម សំដៅជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគ ឲ្យកាន់តែកាន់ទ្បើងជាបន្តបន្ទាប់ទៀត៕