(ភ្នំពេញ)៖ រយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់ប្រមាណ៥៩៧លានដុល្លារ កើនឡើង០.៩៥ភាគរយ ខណៈការនាំចូលពីជប៉ុន ក្នុងទឹកប្រាក់ប្រមាណ៣៤៨លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

របាយការណ៍បានឲ្យដឹងទៀតថា ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ សម្រេចបានសរុបប្រមាណ៩៤៥លានដុល្លារ ធ្លាក់ចុះ២.៧៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួន៩៧២លានដុល្លារ។

ទំនិញដែលត្រូវបាននាំចេញពីកម្ពុជា ទៅជប៉ុនរួមមាន៖ វាយណ្ឌភាព, ស្បែកជើង, ស្បៀងអាហារ និងគ្រឿងអេឡិចត្រូនិក ជាដើម -ល-។ ចំណែកឯជប៉ុន នាំចូលមកកម្ពុជា រួមមាន៖ ស្បៀងអាហារ, ទំនិញឧស្សហកម្ម, ផលិតផលពេទ្យ, គ្រឿងម៉ាស៊ីន, ឡាន និងគ្រឿងអេឡិចត្រូនិក ជាដើម -ល-។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះថា បច្ចុប្បន្ននេះទោះជានៅក្នុងតំណាក់កាល ប្រឈមនឹងវិបត្តិកូវីដ១៩ក្តី ក៏ចរន្តពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន នៅប្រព្រឹត្តទៅជាធម្មតា។

គូសបញ្ជាក់ថា ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញ ទៅកាន់ប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារ ខណៈការនាំចូលពីជប៉ុន ចូលមកប្រទេសកម្ពុជាវិញ ក្នុងទំហំទឹកប្រាក់ជាង៦៣៧លានដុល្លារ។

គិតត្រឹមខែកក្កដា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគសរុបចំនួន២១១គម្រោង ក្រោមទុនវិនិយោគសរុប ៣,១៤០លានដុល្លារអាមេរិក៕