(ភ្នំពេញ)៖ សាធារណជនហាក់ងាកមកចាប់អារម្មណ៍ លើការជួញដូរលើទីផ្សារមូលបត្រ កាន់តែច្រើនជាងមុន ដោយសារតែពួកគាត់ យល់ដឹងច្រើនអំពីផ្សារមូលបត្រកម្ពុជា បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាល និងយល់ឃើញថា ការជួញដូរអាចរកប្រាក់ចំណេញបាន ដោយចាប់ផ្ដើមពីទុនបន្ដិចបន្ដួច។

ជាក់ស្ដែងទោះស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ក្ដី ប៉ុន្ដែនៅតែមានសាធារណជនមកបើកគណនីជាច្រើន នៅរយៈពេល៨ខែ ឆ្នាំនេះ មានគណនីថ្មី ដែលបានបើកមានរហូតដល់ ៣០៧៧គណនី។ នេះបើតាមការបញ្ជាក់ពីលោក ទ្រី តៃហ៊ី មន្ត្រីគ្រប់គ្រងជាន់ខ្ពស់នៃផ្សារមូលបត្រកម្ពុជា ថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក ទ្រី តៃហ៊ី បានថ្លែងថា «អំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផុសផុលច្រើនពីសាធារណជន ក្នុងការបើកគណនីជួញដូរ ជាក់ស្ដែងក្នុងឆ្នាំ២០២០ មានគណនីជួញដូរ ដែលបានបើកមាន ៤,២៦៦គណនី និងឆ្នាំ២០២១នេះ មានគណនីជួញដូរចំនួន៣,០៧៧គណនី គិតត្រឹមខែសីហា។ គិតតាំងពីពេលចាប់ផ្ដើម នៃការបើកដំណើរការផ្សារមូលបត្រកម្ពុជា មានគណនីជួញដូរចំនួន៣០២៣៧គណនី»

លោកបានបញ្ជាក់ថា «កត្តាដែលធ្វើឲ្យមានការមកបើកគណនីច្រើន ដោយសារតែពួកគាត់យល់ដឹងច្រើន ពីវិស័យមូលបត្រ តាមរយៈការបណ្ដុះបណ្ដាលជាហូរហែរ ។ មួយវិញទៀតសាធារជនជឿជាក់ថា វិស័យមូលបត្រអាចរកប្រាក់ចំណេញបាន ការវិនិយោគមានភាពងាយស្រួល និងចាប់ផ្ដើមវិនិយោគ ដោយដើមទុនតិចតួច ព្រមទាំងជឿជាក់ថា ចន្លោះ៣-៥ឆ្នាំទៀតនឹងមានក្រុមហ៊ុនជាច្រើនទៀត មកចុះបញ្ជីបោះផ្សាយលក់មូលបត្រកាន់តែច្រើន ដែលធ្វើឲ្យការវិនិយោគកាន់តែទាក់ទាញ»

លោកបានបន្ថែមទៀតថា កាន់តែចាប់អារម្មណ៍ ដោយសារតែសាធារណជន ឃើញធនាគារដ៏ធំប្រចាំកម្ពុជា គឺធនាគារអេស៊ីលីដា បានមកចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ដែលនេះជាគន្លឹះមួយក្នុងការទាក់ទាញសាធារណជន។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ក៏នៅតែមានអតិថិជនបិទបញ្ជីជួញដូរ មានក្នុងបរិមាណតិចតួចប៉ុណ្ណោះ ក្នុងមួយឆ្នាំអាចមានចន្លោះ៣នាក់។

ផ្សារមូលបត្រកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមបញ្ជ្រាបចំណេះដឹង អំពីការជួញដូរ ការវិនិយោគផ្សេងៗពីវិស័យមូលបត្រ ដល់សាធារណជនជាច្រើនផងដែរ។ ជាក់ស្ដែងកន្លងមកផ្សារមូលបត្រកម្ពុជា តែងតែរៀបចំសិក្ខាសាលានានា ក្នុងការចែករំលែកចំណេះដឹង ដល់សាធារណជន ទោះបីពេលនេះស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ក្ដី ក៏នៅបន្ដសកម្មភាពរបស់ខ្លួន តាមរយៈការ Live ផ្ទាល់តាម Facebook Page ផងដែរ។

ក្នុងនោះផ្សារមូលបត្រកម្ពុជា បានបើកការបង្រៀន និងឆ្លើយសំនួរដោយផ្ទាល់លើ Facebook Page របស់ខ្លួនរៀបចំម្ដងក្នុងមួយសប្ដាហ៍ និងជារៀងរាល់ថ្ងៃសុក្រ វេលាម៉ោង៣៖០០នាទីរសៀល។ ក្រោមប្រធានបទផ្សេងៗដូចជា៖ វេទិការក្រុមហ៊ុនចុះបញ្ជី ដើម្បីអនុញ្ញាតឱ្យវិនិយោគិនបានជួប ដោយផ្ទាល់ ជាមួយនឹងក្រុមហ៊ុនចំបញ្ជី ដើម្បីទទួលបានព័ត៌មានថ្មីៗពីអាជីវកម្ម និងផែនការខាងមុខ៕