(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់ក្រុមការងារបច្ចេកទេសអន្តរក្រសួងទទួលបន្ទុករៀបចំការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ពង្រីកវិសាលភាព ក្នុងការផ្ដល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតតាមប្រព័ន្ធឌីជីថល ឲ្យគ្របដណ្ដប់ដល់វិស័យផ្សេងៗទៀត និងបន្តបញ្ចូលនូវសេវាសំខាន់ៗ និងចាំបាច់នានា សម្រាប់ផ្តល់នូវការសម្រួលបន្ថែមដល់ការធ្វើធុរកិច្ចនៅកម្ពុជា។

ការណែនាំបែបនេះធ្វើឡើងក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមក្នុងពិធីប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ជាការពិតដំណាក់កាលទី២ គ្រាន់តែជាការចាប់ផ្តើម នៃដំណើរនៃការផ្តល់សេវាប្រភេទនេះ តាមប្រព័ន្ធអនឡាញតែប៉ុណ្ណោះ។ ក្នុងន័យនេះ ខ្ញុំសូមស្នើក្រុមការងារខិតខំពង្រីកវិសាលភាព នៃប្រព័ន្ធផ្តល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត និងបន្តគ្របដណ្ដប់ ដល់វិស័យផ្សេងៗទៀត និងបន្តបញ្ចូលនូវសេវាសំខាន់ៗ និងចាំបាច់នានា សម្រាប់ផ្តល់នូវការសម្រួលបន្ថែម ដល់ការធ្វើធុរកិច្ចនៅកម្ពុជា»

លើសពីនោះទៀត ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានស្នើឲ្យក្រុមការងារអន្តរក្រសួង រៀបចំការចុះបញ្ជីអាជីវកម្ម តាមថ្នាល បច្ចេកវិទ្យាព័ត៌មាន បន្តខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ប្រកបដោយស្មារតីបុរេសកម្ម និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់ការគាំទ្រជាប្រចាំ ដោះស្រាយនូវបញ្ហាប្រឈមផ្នែកបច្ចេកទេស ឬបញ្ហាប្រឈមផ្សេងទៀត ដែលនឹងអាចកើតមាន ក្រោយការដាក់ឲ្យដំណើរការនៃប្រព័ន្ធនេះ ដើម្បីកែលម្អប្រព័ន្ធ ឲ្យកាន់តែមានភាពរលូនឆ្លើយតបនឹងតម្រូវការជាក់ស្តែង របស់អ្នកប្រើប្រាស់។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកទឹកចិត្ត ឲ្យគ្រប់តួអង្គពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយ ឲ្យបានទូលំទូលាយនូវថ្នាល បច្ចេកវិទ្យាព័ត៌មាននេះផងដែរ។

លោក គង់ មារី អនុរដ្ឋលេខាធិក្រសួងសេដ្ឋកិច្ច និងជាក្រុមការងារបច្ចេកទេសអន្តរក្រសួង ទទួលបន្ទុករៀបចំការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានបញ្ជាក់ថា នៅឆ្នាំក្រោយវិសាលភាពផ្ដល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតតាមប្រព័ន្ធឌីជីថល នៅត្រូវអនុវត្តន៍លើក្រសួងស្ថាប័នមួយចំនួនទៀតដូចជា ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងបរិស្ថានជាដើម ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ នឹងពង្រីវិសាលភាពលើសេវាបន្ថែមផងដែរ។

សូមជម្រាបថា សេវាចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, ទាំងដំណាក់កាលទី១ និងទី២ នេះ ត្រូវបានដាក់ឲ្យអនុវត្ត លើថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange-CamDX) ដែលអនុញ្ញាតឲ្យក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល អាចផ្លាស់ប្តូរគ្នាបាន នូវទិន្នន័យស្តីពីក្រុមហ៊ុន-សហគ្រាស និងទិន្នន័យពាក់ព័ន្ធ ដោយរលូន និងសង្គតិភាព ដោយមិនតម្រូវឲ្យធុរជន ឬប្រជាពលរដ្ឋត្រូវបំពេញ ឬផ្តល់ទិន្នន័យដដែលៗពីស្ថាប័នមួយ ទៅស្ថាប័នមួយទៀត៕