(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មស្វាគមន៍ និងជំរុញឲ្យផ្សារ Franchise បរទេសដែលបានចូលមកកម្ពុជា លក់នូវផលិតផលខ្មែរ។

ជាមួយគ្នានេះ ក្រសួងក៏ស្នើដល់អ្នកផលិតក្នុងស្រុក ពង្រឹងគុណភាពស្ដង់ដារផលិតផលរបស់ខ្លួន ដើម្បីដាក់លក់លើទីផ្សារFranchise បរទេសទាំងនេះ ព្រោះថាកាលណាផលិតផលរបស់ខ្មែរមានគុណភាពល្អ, មានគ្រប់តម្រូវការ និងមាននិរន្ដរភាពនៃការផ្គត់ផ្គង់ មិនយូរមិនឆាប់នោះទេ ផលិតផលខ្មែរនឹងមានកេរ្ដិ៍ឈ្មោះល្អ ព្រមទាំងមានការចាប់អារម្មណ៍យ៉ាងច្រើនពីសាធារណជន។

ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងស្របនឹងការចូលមកដល់ផ្សារទំនើបរបស់ថៃ គឺ 7-Eleven ដែលបានបើកដំណើរការលើកដំបូងនៅកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។

លោក ប៉ែន សុវិជាតិ បានឲ្យដឹងថា «កម្ពុជាតែងតែជំរុញឲ្យទីផ្សារទាំងនោះ (Franchise បរទេស) ទទួលលក់នូវផលិតផលកម្ពុជា ជាក់ស្ដែងចំពោះទំនិញស្រស់ដូចជាបន្លែ ផ្លែឈើ និងអាហារកែច្នៃខ្លះ មិនអាចនាំចូលបាននោះទេ ច្បាស់ជាត្រូវការទិញពីប្រជាកសិករនៅកម្ពុជា»

លោកអនុរដ្ឋលេខាធិការ បានលើកឧទាហរណ៍ផ្សារម៉ាក្រូ ដែលបានទទួលទិញបន្លែផ្លែឈើ ត្រីសាច់ គ្រឿងសមុទ្រពីកម្ពុជា ដោយមិនបានបញ្ជាទិញទាំងស្រុងពីប្រទេសថៃឡើយ។ ដូចគ្នានឹងផ្សារទំនើប 7-Eleven ក៏នឹងទទួលក់ផលិតផលខ្មែរផងដែរ។

«គេអាចបញ្ជាទិញទំនិញយើងបាន លុះត្រាតែទំនិញរបស់យើងមានគុណភាព មាននិរន្ដភាពនៃការផ្គត់ផ្គង់ និងជាប្រភេទទំនិញ ដែលមានការទទួលស្គាល់ផងដែរ។ កាលណាទំនិញរបស់យើងមានគ្រប់តម្រូវការដែលគេចង់បាន ហើយបានដាក់លក់លើទីផ្សាររបស់គេហើយនោះ មិនយូរមិនឆាប់នោះទេ ទំនិញរបស់កម្ពុជានឹងមានកេរ្ដិ៍ឈ្មោះល្អ ព្រមទាំងការចាប់អារម្មណ៍ច្រើនពីអតិថិជន ជាអ្នកប្រើប្រាស់មិនខាន»។ នេះជាការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ។

លោកបន្តថា ប្រទេសកម្ពុជាមានសុខសន្ដិភាព ទីផ្សារមានស្ថិរភាព ទើបធ្វើឲ្យអាជីវកម្មមានឈ្មោះល្បីៗជាច្រើន លើពិភពលោក បាននាំគ្នាចាប់អារម្មណ៍លើទីផ្សារកម្ពុជា ដែលនេះជាមោទនភាពរបស់កម្ពុជា ហើយកម្ពុជាក៏មិនភ្លេចផងដែរ ចំពោះការជំរុញឲ្យទីផ្សារបរទេស ទទួលទិញផលិតផលខ្មែរ។

លោកលើកឡើងថា ប្រជាពលរដ្ឋលក់រាយជាមុខរបរចាប់ហួយតាមផ្ទះ មិនគួរព្រួយបារម្ភ ចំពោះការចូលមកដល់របស់ 7-Eleven នេះទេ។ ដោយសារតែការលក់តាមផ្ទះនេះ មិនចំណាយច្រើនដូចការលក់នៅក្នុងផ្សារទំនើបនោះឡើយ ដូច្នេះ 7-Eleven មិនអាចសម្លាប់របររបស់អ្នកលក់ចាប់ហួយនោះឡើយ៕