(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនប្រមាណ៦០-៧០% ក្នុងវិស័យដឹកជញ្ជូនក្នុងប្រទេសកម្ពុជា អាចប្រឈមនឹងការបិទ ឬក្ស័យធន បើសិនជាបញ្ហាកូវីដ-១៩ នៅតែបន្ដការរីករាលដាល និងអូសបន្លាយយូរ។

លោកថា ក្រុមហ៊ុនក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា ប្រមាណ៣០ភាគរយ បានកំពុងជួបប្រទះនូវបញ្ហា ដោយសារកូវីដ-១៩ ខណៈដែលរហូតមកដល់ពេលនេះ មានក្រុមហ៊ុនខ្លះបានព្យួរការងារ និងក្រុមហ៊ុនខ្លះបានបិទតែម្ដង។

ឧកញ៉ា ស៊ិន ចន្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនប្រមាណ៣០% កំពុងជួបនូវបញ្ហា ខណៈរហូតមកដល់ពេលនេះ មានការព្យួរការងារ និងបិទ [..] ៦០ទៅ៧០% កំពុងតែប្រឈម ហើយបើសិនជាពន្យាររហូតដល់បំណាច់ឆ្នាំ យើងអាចមានការបិទ ឬក៏ក្ស័យធន»

ប្រធានសមាគមភស្តុភារកម្មកម្ពុជារូបនេះលើកឡើងថា ក្នុងវិស័យដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា មានការប្រឈមជាច្រើន ចាប់តាំងពីចាប់ផ្ដើម ផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានធ្លាក់ចុះនូវទំនិញនាំចេញ-នាំចូល ព្រមទាំងធ្លាក់ចុះនូវចំណូលក៏ដូចជាការងារជាច្រើន។

ជាមួយគ្នានោះ ឧកញ៉ា ស៊ិន ចន្ធី បានគូសបញ្ជាក់ថា កម្ពុជាក៏មានដំណោះស្រាយជាបន្ដបន្ទាប់, ត្រៀមនូវផែនការផ្សេងៗក្នុងការអនុវត្ដ និងផែនការ ទប់ស្កាត់នូវវិធានការ ដើម្បីរក្សានូវសុវត្ថិភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។

លោកថា មានក្រុមហ៊ុនមួយចំនួនមានចំណូល អាចបន្ដនូវដំណើរការជាធម្មតា ប៉ុន្ដែមានចំនួនតិច ប្រមាណ១០ភាគរយប៉ុណ្ណោះ ប៉ុន្ដែភាគច្រើន៦០ទៅ៧០ភាគរយ បានជួបនូវបញ្ហា។

លោករំពឹងទុកថា វិស័យដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា អាចនឹងមានភាពល្អប្រសើរ និងអាចមានការងើបឡើងវិញ នូវការងារ និងសេវាទាំងឡាយ ក្រោយមានការយកចិត្ដទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ លោកបានបង្ហាញនូវមោទភាព ដែលប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយបានចាក់ថ្នាំពីរដូស ក៏ដូចជាដូសជំរុញច្រើនជាងគេ ក្រោមការដឹកនាំរបស់សម្ដេចតេជោផងដែរ៕