(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ផ្សារខេមបូឌាត្រេដ (Cambodia Trade) បង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម គ្រោងនឹងដាក់ដំណើរការនៅដើមខែតុលា ឆ្នាំ២០២១នេះ។

ផ្សារ Cambodia Trade បង្កើតឡើងដើម្បីបង្កភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពជូន ដល់អតិថិជន និងសហគ្រាសធុនតូច និងមធ្យមកម្ពុជា។

លោក ប៉ែន សុវិជាតិ បានថ្លែងឲ្យដឹងថា «នៅពេលដែលយើងមានប្រព័ន្ធទូរទាត់រួចរាល់ មានទំនិញដាក់លក់លើទីផ្សារហើយនោះ ការដាក់ដំណើរការផ្លូវការនៃផ្សារ Cambodia Trade គ្រោងនឹងដាក់នៅខែតុលា ឆ្នាំ២០២១ខាងមុខនេះ។ តាមគម្រោងដើមខែតុលាខាងមុខនេះ ផ្សាររបស់យើងអាចមានឧបករណ៍គ្រប់គ្រាន់ ទាំងប្រព័ន្ធភស្ដុងភាព និងប្រព័ន្ធទូទាត់ជាដើម»

លោកបានបញ្ជាក់ថា ជាក់ស្ដែងយើងមានប្រព័ន្ធទូទាត់ហើយ ដោយក្រសួងពាណិជ្ជកម្ម បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយធនាគារវីង ដើម្បីដាក់ឱ្យប្រើប្រាស់ សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីង សម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដនេះ។

លោកបានបន្ថែមថា ចំពោះការបង្កើតផ្សារ Cambodia Trade នេះមិនមែនផ្ដោតលើតែសហគ្រាសធុនតូច និងមធ្យមនៅក្រៅប្រទេសនោះទេ ប៉ុន្ដែសូមអំពាវនាវដល់ក្រុមហ៊ុន ដែលនៅក្រៅប្រទេស មកដាក់លក់លើទីផ្សារ។ ក្រសួងរំពឹងថា ផ្សារអេឡិចត្រូនិកនេះ មិនលក់ដូរតែទីផ្សារក្នុងស្រុកនោះទេ ប៉ុន្ដែជួយជំរុញឲ្យការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យម អាចលក់ទំនិញមានគុណភាព បម្រើឲ្យការនាំចេញផងដែរ។

លោកបានបញ្ជាក់ថា «ផ្សារ Cambodia Trade បានជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យមបានមួយផ្នែកធំ ពិសេសអ្នកទើបចាប់ផ្ដើមអាជីវកម្មដំបូង និងអ្នកដែលមានសមត្ថភាពផលិតបានរឹងមាំ ឬអ្នកមានទំនិញដាក់លក់ អាចចូលរួមបានទាំងអស់លើទីផ្សារអេឡិចត្រូនិករបស់ហើយនេះ សម្រាប់អាជីវកម្មក៏មិនបានកំណត់ថា ជាអាជីវកម្មប្រភេទណា ទើបអាចដាក់លក់លើទីផ្សារបានដែរ ឲ្យតែជាប្រភេទអាជីវកម្មលក់ទំនិញត្រូវបានស្វាគមន៍ ព្រោះយើងចង់ជំរុញផលិផលដែលជាទំនិញខ្មែរ ចំពោះសហគ្រាសធុនតូច និងមធ្យមដែលផលិតទំនិញ អាហារកែច្នៃ ត្រូវបានលើកទឹកចិត្តផងដែរ»

សូមជម្រាបថា ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយធនាគារវីង ( ខេមបូឌា) ម.ក ដើម្បីដាក់ឱ្យប្រើប្រាស់ សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីង សម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ ( Cambodia Trade) របស់ក្រសួងពាណិជ្ជកម្ម ដើម្បីបង្កភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពជូនដល់អតិថិជន និងសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ MoU នេះក៏សហការក្នុងការផ្តល់វគ្គបណ្តុះបណ្តាលក្នុងការបង្កើនសមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុបែបឌីជីថល សម្រាប់សហគា្រសធុនតូច និងមធ្យមនៅកម្ពុជា។

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតី លោក ប៉ាន សូរស័ក្ក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងការចុះហត្ថលេខាជាផ្លូវការរវាង លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ហាន ប៉េងក្វាង អគ្គនាយកធនាគារវីង ( ខេមបូឌា) ម.ក៕