(ភ្នំពេញ)៖ ជាសហគ្រិនមួយរូបរបស់កម្ពុជា លោក លឹម សុជាតិ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Laskmi Prime Investment បានលើកទឹកចិត្តដល់សហគ្រិនកម្ពុជាផ្សេងៗទៀតថា ក្នុងកាលៈទេសៈពេលនេះសម្រាប់អាជីវកម្ម ដែលបានឈរជើងមកដល់ពេលបច្ចុប្បន្ននេះ គួរបន្ដរិះរកមធ្យបាយគ្រប់បែបយ៉ាង ដើម្បីជំរុញវិស័យអាជីវកម្មរបស់ខ្លួន បន្ដដំណើរទៅមុខ។

លោកលើកឡើងថា ពេលនេះមិនមែនជាពេលមួយ ដែលត្រូវដេកគិតខ្វល់ខ្វាយថា ពេលណាជំងឺកូវីដ១៩ នឹងផុតរលត់នោះទេ ប៉ុន្ដែជាពេលមួយដែលត្រូវត្រៀមខ្លួនឲ្យជាប់ជានិច្ច ក្នុងការចាប់យកឱកាសជំរុញវិស័យអាជីវកម្មរបស់ខ្លួនឲ្យមានសក្ដានុពល នៅពេលដែលជំងឺកូវីដ១៩នេះ បានថមថយ ឬពេលដែលពិភពលោកទាំងមូល ចាប់ផ្ដើមបើកជើងហោះហើរ លែងរិតត្បិតការធ្វើដំណើរ។

លោក លឹម សុជាតិ លើកឡើងយ៉ាងដូច្នេះក្នុងកម្មវិធីស្ដីពី «តើកូវីដ-១៩ ប៉ះពាល់អ្វីខ្លះដល់អាជីវកម្ម? តើត្រូវដោះស្រាយយ៉ាងណា សម្រាប់ធុរកិច្ចនៅកម្ពុជា»? រៀបចំឡើងដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា។

លោក លឹម សុជាតិ បានថ្លែងថា «សម្រាប់អ្នកដែលបានបើកអាជីវកម្ម និងអាចទ្រាំទ្ររួចក្នុងពេលកូវីដ១៩ និងអាចឈរជើងមកដល់ពេលនេះ មានន័យថា អាជីវកម្មរបស់ពួកគាត់រស់ហើយ ហើយពេលនេះមិនមែនជាពេលត្រូវខ្វល់ខ្វាយថា តើជំងឺកូវីដ១៩នឹងបាត់ពេលណាទេ ប៉ុន្ដែជាពេលដែលសហគ្រិន អ្នករកស៊ីត្រូវត្រៀមខ្លួនជានិច្ច ដើម្បីស្ដារអាជីវកម្មឡើងវិញ នៅពេលស្ថានភាពបានធូរស្រាល»

លោកបានបន្ដថា «ពេលនេះម្ចាស់អាជីវកម្មគួរតែគិតគូរ និងត្រៀមខ្លួនថាគួរធ្វើបែបណា ដើម្បីឲ្យអាជីវកម្មបន្ដរស់ និងរីកចម្រើន នៅពេលដែលពិភពលោកបើកប្រទេសឡើងវិញ លែងសូវរឹតត្បិតការធ្វើដំណើរ។ មែនទែន ទៅតាមគំនិតខ្ញុំឆ្នាំ២០២២នេះ ទោះបីជាជំងឺកូវីដ១៩នៅមានក្ដី, ហើយប្រទេសទាំងអស់ទទួលបានវ៉ាក់សាំងការពាររួចរាល់ ប្រទេសទាំងអស់អាចនឹងបើកសេដ្ឋកិច្ចឡើងវិញ ដូច្នេះសហគ្រិនត្រូវត្រៀមខ្លួនចំពោះអាជីវកម្មរបស់ខ្លួន បន្ទាប់ការបើកសេដ្ឋកិច្ចឡើងវិញ»៕