(ភ្នំពេញ)៖ កម្ពុជាកំពុងរៀបចំផែនការមេ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS-Intelligent Transport System) ដើម្បីជំរុញវិស័យដឹកជញ្ជូននៅកម្ពុជា ឲ្យកាន់តែមានដំណើរការបានល្អបន្ថែមទៀត ខណៈបច្ចុប្បន្ននេះវិស័យដឹកជញ្ជូនៅកម្ពុជា ពុំទាន់បានឆ្លើយតបនឹងតម្រូវការ បានគ្រប់គ្រាន់នៅឡើយទេ។ គម្រោងនេះគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២២ និងគ្រោងដាក់ដំណើរការសាកល្បងក្នុងឆ្នាំ២០២៣។

នេះបើតាមលោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោកដឹកនាំកិច្ចប្រជុំ ឲ្យដឹងក្នុងកិច្ចប្រជុំ ជាមួយសមភាគីកូរ៉េ ដើម្បីពិភាក្សាលើគម្រោងរៀបចំផែនការ មេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ សម្រាប់ប្រទេសកម្ពុជា ក្រោមការគាំទ្ររបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ តាមរយៈប្រព័ន្ធវីដេអូ។

លោក ឈួន វ៉ន់ បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ជាពិសេសក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ និងមជ្ឈមណ្ឌលស្រាវជ្រាវកូរ៉េ ដែលបានផ្តល់ការគាំទ្រដល់ការរៀបចំផែនការមេ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ សម្រាប់ប្រទេសកម្ពុជា។

លោកបានបន្ថែមថា «បច្ចុប្បន្ននេះបច្ចេកវិទ្យាទំនើប ពិតជាផ្ដល់ឱកាសឱ្យយើងទាំងអស់គ្នា បានអភិវឌ្ឍវិស័យដឹកជញ្ជូន ឱ្យមានការរីកចម្រើនរួមមាន៖ ឡានដើរដោយថាមពលអគ្គិសនី កំពុងមានការប្រើប្រាស់នាពេលបច្ចុប្បន្នជាដើម។ ដើម្បីសម្របខ្លួននឹងការរីកចម្រើន នៃបច្ចេកវិទ្យានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវការធ្វើបច្ចុប្បន្នភាព និងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃឱ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាទាក់ទងនឹងការដឹកជញ្ជូន ដែលកំពុងប្រឈមនាបច្ចុប្បន្ននេះ និងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួង ក្នុងការសម្របសម្រួលជាមួយក្រសួង- ស្ថាប័នពាក់ព័ន្ធ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងឡាយ ដើម្បីអភិវឌ្ឍគម្រោងនេះឱ្យបានជោគជ័យ»

លោកបានបញ្ជាក់ថា ការរៀបចំផែនការមេ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ នឹងអាចបញ្ចប់ក្នុងរយៈពេលមួយឆ្នាំ តាមផែនការដែលបានកំណត់ ដើម្បីគ្រប់ភាគីពាក់ព័ន្ធទាំងឡាយរួមគ្នា អនុវត្តឱ្យមានបានជោគជ័យ។

សូមជម្រាបជូនថា សាធារណរដ្ឋកូរ៉េ បានអនុម័តគម្រោងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ក្រោមរូបភាពជាជំនួយអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance) ដើម្បីជួយធ្វើឱ្យប្រសើរឡើង ដល់វិស័យដឹកជញ្ជូនកម្ពុជា ដោយមានការចូលរួមសហការពី ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ក្រសួងដែនដី ហេដ្ឋា រចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ និងសមាគមសាងសង់នៅបរទេសរបស់កូរ៉េផងដែរ។

សូមជម្រាបថា ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ជាបច្ចេកវិទ្យាទំនើបអាចប្រើប្រាស់ ដើម្បីគ្រប់គ្រងបណ្តាញផ្លូវថ្នល់ ជួយសម្រួលដល់ការងារគ្រប់គ្រង និងត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូន ក្នុងពេលវេលាជាក់ស្តែង ប្រមូល និងប្រើប្រាស់ព័ត៌មានចរាចរណ៍ ក្នុងពេលវេលាជាក់ស្តែង មិនបង្កផលប៉ះពាល់បរិស្ថាន និងជាប្រព័ន្ធប្រមូលទិន្នន័យ និងព័ត៌មានយកមកវិភាគ និងជួយឱ្យដំណើរការចរាចរណ៍ប្រព្រឹត្តទៅដោយរលូន។

គម្រោងនេះគ្រោងនឹងបញ្ចប់ក្នុងខែសីហា ឆ្នាំ២០២២ គ្រោងដាក់ដំណើរការសាកល្បង ក្នុងឆ្នាំ២០២៣នៅព្រលានយន្តហោះថ្មីរបស់កម្ពុជា ទីក្រុងរណបជុំវិញរាជធានីភ្នំពេញ និងនៅតាមបណ្តាញផ្លូវជាតិសំខាន់ដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ទោះបីស្ថិតនៅក្នុងបរិបទនៃការ ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ៕