(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានអនុញ្ញាតឲ្យលោក PABLO KANG ឯកអគ្គរាជទូតនៃប្រទេសអូស្រ្ដាលី ប្រចាំកម្ពុជា ជួបពិភាក្សាការងារ តាមប្រព័ន្ធ Video Conference នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។

ក្នុងជំនួបពិភាក្សានេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្ដែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលអូស្រ្ដាលី ដែលតែងតែបន្តផ្ដល់ការគាំទ្រទាំងបច្ចេទេស និងហិរញ្ញវត្ថុសម្រាប់កិច្ចអភិវឌ្ឍនៅកម្ពុជា ស្ទើរលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ជំហានទី១ និង ២ (Cambodia Agricultural Value Chain Program) ដែលផ្ដោតលើស្ដារ និង កសាងប្រព័ន្ធធារាសាស្រ្ដកសិកម្ម, ការលើកកម្ពស់ពាណិជ្ជូនីយកម្មកសិកម្ម និងភាពធន់កសិកម្ម ជាដើម។

ក្នុងឱកាសនោះ លោក PABLO KANG បានជម្រាបជូន លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី នូវវឌ្ឍនភាពនៃគម្រោងនានា ដែលទទួលបានការគាំទ្រ ដោយរដ្ឋាភិបាលអូស្រ្តាលី ដូចជា៖ គំនិតផ្ដួច-ផ្ដើមភាពជាដៃគូមេគង្គ-អូស្រ្ដាលី (Mekong-Australia Partnership), មជ្ឈមណ្ឌលមេគង្គ-អូស្រ្ដាលីសម្រាប់ទឹក និងប្រព័ន្ធធារាសាស្រ្ដ (Mekong-Australia Centre for Water and Irrigation), ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I) និង ការវិនិយោគកសិ-ចំណីអាហារ ។

ទន្ទឹមនេះ លោកអគ្គរាជទូត ក៏បានលើកឡើងនូវសំណើផ្តល់គាំទ្រដល់កម្ពុជា លើកិច្ចការមួយចំនួនទៀត ដូចជា៖ ការសិក្សាបុរេសមិទ្ធិ ក្នុងការបង្កើតសួនកសិ-ឧស្សាហកម្ម, កម្មវិធីពន្លកចំណេះ និងការគាំទ្រដល់កម្ពុជា ក្នុងការធ្វើប្រធាននៃកិច្ចប្រជុំ កំពូលអាស៊ាននាពេលខាងមុខ។

បន្ថែមពីនេះ លោកអគ្គរាជទូតក៏បានជម្រាបជូន លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី អំពីកម្មវិធីអភិវឌ្ឍន៍ ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ ដែលមានថវិកាគាំទ្រប្រមាណ៩០លានដុល្លារអូស្រ្តាលី និងអាទិភាពសំខាន់ៗ ដែលនឹងផ្តោតសម្រាប់កម្មវិធីជំហានបន្ទាប់នេះ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ លោកអគ្គរាជទូត អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់ការគាំទ្រហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសប្រកបដោយប្រសិទ្ធភាពខ្ពស់កន្លងមក។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានសំដែងនូវសេចក្តីរីករាយ និងការគាំទ្រចំពោះសំណើ បន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសបន្ថែមដល់កម្ពុជា និង កម្មវិធីអភិវឌ្ឍន៍ក្នុងជំហានបន្ទាប់ របស់រដ្ឋាភិបាលអូស្រ្តាលីផងដែរ។

ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា អាទិភាពចំពោះមុខរបស់រដ្ឋាភិបាល គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ និង ការកសាងសមត្ថភាពកម្ពុជា ដើម្បីអាចរស់នៅជាមួយជំងឺកូវីដ-១៩ ក្នុងរយៈពេលមធ្យម និង វែង ហើយអំឡុងពេលនេះ រាជរដ្ឋាភិបាលកំពុងរៀបចំ ផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ដោយផ្តោតលើគោលការណ៍គន្លឹះចំនួន៣គឺ ការងើបឡើងវិញ កំណែទម្រង់ និង ភាពធន់ (៣Rs) ដែលផ្តោតលើការគាំទ្រវិស័យអាទិភាពជាច្រើន ជាពិសេសវិស័យដែលរងផលប៉ះ-ពាល់ខ្លាំងដោយវិបត្តិជំងឺកូវីដ-១៩។

ក្នុងន័យនេះ ជំនួយហិរញ្ញវត្ថុ និង បច្ចេកទេសរបស់រដ្ឋាភិបាលអូស្រ្តាលី គឺមានលក្ខណៈស្របគ្នាទៅនឹងអាទិភាពគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលនឹងរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងអនុវត្តផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។

ទន្ទឹមនេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់យោបល់ជូន លោកអគ្គរាជទូត ធ្វើការពិភាក្សាបន្ថែម ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើយ៉ាងណា ឲ្យគម្រោងអភិវឌ្ឍន៍ទាំងនោះ មានលក្ខណៈបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក និងមានភាពប្រទាក់ក្រឡាគ្នា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអូស្រ្ដាលី តែងតែយកចិត្តទុកដាក់ និង ផ្តល់នូវកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ដល់កម្ពុជា លើស្ទើរគ្រប់វិស័យ និង ចំទិសដៅ និងសូមជូនពរ លោក PABLO KANG ឲ្យទទួលបាននូវជោគជ័យ ជាបន្តបន្ទាប់ទៀត សម្រាប់ការបំពេញភារកិច្ចនៅកម្ពុជា និងបានប្រកាសឲ្យមានការចុះហត្ថលេខាធិការ លើអនុស្សារណៈនៃការយោគយល់គ្នាលើគម្រោង នៃការសិក្សាបុរេសមិទ្ធិ នៃការបង្កើតសួនកសិ-ឧស្សាហកម្ម រវាងតំណាងឧត្តមក្រុមប្រឹក្សាសេដ្ឋ-កិច្ចជាតិ និង តំណាងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា៕