(ភ្នំពេញ)៖ គិតមកទល់ពេលនេះ ក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd លើការរុករករ៉ែមាស ដែលទទួលបានសិទ្ធិ ពីរាជរដ្ឋាភិបាលកម្ពុជា ចម្រាញ់មាសបានជាង២១០គីឡូក្រាមហើយ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ លោក យស មុនីរ៉ាត់ អនុរដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់យ៉ាងដូច្នេះថា «មកទល់ពេលនេះ យើងស្លមាសបានជាង២១០គីឡូក្រាម (ភាពសុទ្ធចន្លោះប្រហែលពី៨៥-៩៥%)»

លោក យស មុនីរ៉ាត់ បានឲ្យដឹងថា កម្ពុជាទើបតែនាំចេញបានមួយជើង ប្រហែលជាង៥៩គីឡូក្រាម យកទៅបន្សុទ្ធនៅប្រទេសអូស្ត្រាលី ដើម្បីទទួលបានគុណភាព ៩៩.៩៩% ហើយក៏កំពុងរៀបចំ បែបបទនាំចេញបន្តទៀត (ដល់គយរួចហើយ) ប្រហែលជាង១០០គីឡូក្រាមទៀតឆាប់ៗនេះ។

បន្ថែមពីនោះទៀត លោក យស មុនីរ៉ាត់ បានបញ្ជាក់ថា ចំពោះតម្លៃមាស អាស្រ័យលើហាងឆេងអន្តរជាតិ ដែលប្រែប្រួលប្រហាក់ប្រហែលនឹង តម្លៃ៥៨,០០០ដុល្លារ ក្នុងមួយគីឡូក្រាមមាស ដែលកម្ពុជានឹងទទួលចំណូលពីសួយសារ ៣% នៃចំណូលដែលលក់ដុលបានសរុប។

គូសបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនមួយ របស់អូស្ត្រាលី ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល។ ទីតាំងដែលក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍន៍រ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា ហើយបើតាមផែនការក្រុមហ៊ុន អាចផលិតមាសបាន ប្រមាណ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។

ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្ដើម សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

បើតាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ៤០លានដុល្លារ ក្នុងមួយឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕