(ភ្នំពេញ)៖ ប្រធានសមាគមន៍អ្នកដាំមៀនប៉ៃលិន ព្រមទាំងប្រជាកសិករដាំមៀនប៉ៃលិន បានសម្ដែងក្ដីរំភើបក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ចំពោះចំណាត់ការក្នុងការប្រមូលទិញផ្លែមៀនពីប្រជាពលរដ្ឋ ដែលជួបបញ្ហាក្នុងការនាំចេញ។

នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។

ចំពោះចំណាត់ការជួយដល់ប្រជាពលរដ្ឋនេះ ធ្វើឲ្យកសិករដាំមៀនប៉ៃលិន រំភើបរីករាយ ព្រោះលែងបារម្ភផ្លែមៀនដែលដល់ពេលប្រមូលផល ត្រូវជ្រុះចោល ខណៈពេលពួកគាត់កំពុងជួបប្រទះបញ្ហា។

 លោក សួស ស៊ីយ៉ាត ប្រធានសហគមន៍អ្នកដាំមៀនប៉ៃលិន បានថ្លែងថា «នេះជាដំណឹងរីករាយបំផុតសម្រាប់ខ្ញុំ ជាអ្នកប្រកបរដាំមៀនប៉ៃលិននេះ។ ការជួយអន្ដរគមន៍របស់សម្ដេចតេជោ ក្នុងគ្រានេះពិតជាធ្វើឲ្យខ្ញុំរំភើបមែនទែន ព្រោះបានជួយដល់អ្នកដាំមៀនប៉ៃលិនទាំងអស់ ដែលកំពុងជួបបញ្ហាក្នុងការនាំចេញ។ ខ្ញុំគ្មានអ្វីក្រៅអំពីការថ្លែងអំណរគុណ និងសូមជូនពរសម្ដេចតេជោ ហ៊ុន សែន សូមជួបប្រទះតែសុខភាពល្អ បន្ដដឹកនាំប្រទេសកម្ពុជា ឲ្យកាន់តែឈានឆ្ពោះទៅរកភាពរីកចម្រើនបន្ដទៀត»

លោក សួស ស៊ីយ៉ាត បានថ្លែងទៀតថា សហគមន៍មានសមាជិកជាង១០០គ្រួសារ និងប្រមូលផលបានប្រមាណជាង៥ម៉ឺនតោនក្នុងមួយឆ្នាំ ប្រសិនបើផ្លែមៀនមានទិន្នផលល្អ ក្នុងមួយគ្រួសារអាចប្រមូលបានចន្លោះ៣០-៥០តោន ទៅតាមចំនួនហិចតានៃចំការ។

អ្នកស្រី ជា លាភ អ្នកដាំមៀនប៉ៃលិន ក្នុងខេត្តប៉ៃលិន បានថ្លែងថា «ក្នុងនាមជាប្រជាពលរដ្ឋ ដែលប្រកបរបរដាំមានប៉ៃលិននេះ ខ្ញុំសប្បាយចិត្តមែនទែន ដែលទទួលបានដំណឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសជួយទិញមៀនប៉ៃលិន ពីប្រជាកសិករទាំងអស់ ខណៈដែលយើងកំពុងតែជួបបញ្ហាក្នុងការនាំចេញនេះ។ ខ្ញុំសូមជូនពរសម្ដេចតេជោ ឲ្យមានសុខភាពល្អរឹងមាំ បន្ដដឹកនាំប្រទេសទេស ទៅរកភាពរីកចម្រើនបន្ថែមទៀត»។

អ្នកស្រីបន្ថែមថា «សម្ដេចតេជោ ហ៊ុន សែន មិនដែលទុកកូនចៅ ដែលកំពុងជួបប្រទះការលំបាកចោលនោះឡើយ មិនថាមានបញ្ហាអ្វីក៏ដោយសម្ដេចតេជោ តែងតែជួយដល់កូនចៅគ្រប់ពេលវេលា»

អ្នកស្រីបន្ដថា ឥឡូវនេះខាងមន្ទីរពាណិជ្ជកម្មខេត្ត កំពុងប្រជុំជាមួយសហគមន៍មៀនប៉ៃលិន ដើម្បីស្រង់យកទិនិ្នន័យឲ្យជាក់លាក់ ពីចំនួនមៀនក្នុងខែសីហានេះ ដើម្បីប្រមូលទិញពីប្រជាកសិករ។ ពេលនេះលែងជាក្ដីបារម្ភ និងជាបញ្ហាសម្រាប់អ្នកដាំមៀនប៉ៃលិនទៀតហើយ ដោយសារតែមានរាជរដ្ឋាភិបាល ជាអ្នកប្រមូលទិញ។

សូមបញ្ជាក់ថា សម្រាប់បងប្អូនប្រជាកសិករដែលមានផល្លានុផល ផ្លែមៀន ឬតាង៉ែន សូមទំនាក់ទំនងមកក្រុមការងាររបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងចាប់ផ្តើមទទួលទិញពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះតទៅ។ ទីកន្លែងទទួលទិញ នៅតារាងបាល់ទាត់ខេត្តបាត់ដំបង ជិតសាលាភូមិភាគ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖

*ទី១៖ លោក សេង ឌីលីន សមាជិកក្រុមលេខារបស់សម្ដេចតេជោ ហ៊ុន សែន ទូរស័ព្ទលេខ៖ 097 777 3737
*ទី២៖ លោក ស៊ុន ម៉េងហៃ ជំនួយការផ្ទាល់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ទូរស័ព្ទលេខ៖ 088 903 7777។