(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាអន្តរាគមន៍ក្នុងទំហំប្រមាណ ៧១៩លានដុល្លារ ប៉ុន្តែដោយសារមានព្រឹត្តិការណ៍ ២០ កុម្ភៈ ទំហំថវិកាសម្រាប់អន្តរាគមន៍កូវីដ១៩ អាចកើនដល់ ១.៤៥៤លានដុល្លារ។

 ការឱ្យដឹងបែបនេះ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានធ្វើឡើងដែល គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាសភាស្តីពីការស្វែងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ Zoom ដោយមានការចូលរួមពី លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ដូចបណ្តាប្រទេសនានានៅលើសកលលោកដែលឆ្នាំ២០២០ ជាឆ្នាំដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា មានការលំបាកបំផុតជាប្រវត្តិសាស្រ្តធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះក្នុងអត្រា -៣,១% ដោយសារការធ្លាក់ចុះតម្រូវការសកល ការបង្អាក់ដល់ខ្សែច្រវាក់ផលិតកម្មសកលដែលបង្កឡើងដោយជំងឺកូវីដ១៩។ សម្រាប់ឆ្នាំ២០២១ ពីដើមឡើយកម្ពុជារំពឹងថាមានកំណើន ៤,០% ប៉ុន្តែព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ រួមនឹងវត្តមានវីរុសបំប្លែងថ្មី Detal បានធ្វើឱ្យកំណើនមាននៅត្រឹម២,៤%។

លោកអគ្គបណ្ឌិតសភាចារ្យ បានបន្តថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច៤,៨% នៅឆ្នាំ២០២២ ដោយសារកម្ពុជាមានលទ្ធភាពស្តារសេដ្ឋកិច្ចបានឡើងវិញ ក្នុងរយៈពេលឆាប់ដោយសារយុទ្ធនាការចាក់វ៉ាក់សំាងដល់ពលរដ្ឋ បង្កើតឱ្យមានស៊ំាក្នុងសហគមន៍ធ្វើឱ្យសង្គមជាតិមានប្រក្រតីភាព។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ រដ្ឋាភិបាលបានបញ្ចេញថវិកាអន្តរាគមន៍ក្នុងទំហំប្រមាណ ៧១៩លានដុល្លារ ក្នុងយុទ្ធនាការការពារអាយុជីវិតប្រជាពលរដ្ឋ រក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងការទ្រទ្រង់សកម្មភាពអាជីវកម្ម ប៉ុន្តែដោយសារមានព្រឹត្តិការណ៍ ២០ កុម្ភៈ ទំហំថវិកាសម្រាប់អន្តរាគមន៍កូវីដ១៩ អាចមានដល់ ១.៤៥៤លានដុល្លារ»

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានសង្កត់ធ្ងន់ថា ការដែលមានថវិកាប្រើប្រាស់នៅគ្រាអាសន្នមិនមែនជាការដៃដន្យនោះទេ ប្រាក់សន្សំនេះកើតចេញពីការគិតគូរប្រកបដោយភាពមធ្យ័តប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។

លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗដែលរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេលជាងមួយទសវត្សមកនេះ ដោយធានាបាននូវសុខសន្តិភាពពេញលេញស្ថិរភាពនយោបាយ និងវឌ្ឍនភាពឈានឡើងជាលំដាប់ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពធូរធារ និងសុខដុមរមនា។

លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានបន្តថា «ទោះបីជាក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ កម្ពុជាយើងប្រឈមនឹងវិបត្តិជំងឺរាតត្បាតកូវីដ១៩ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងណាក្តី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលយើងនៅតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានកាត់បន្ថយផល់ប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចឱ្យស្ថិតក្នុងកម្រិតទាប»

«អ្វីដែលពិសេសនិងគួរឱ្យកត់សម្គាល់នោះ គឺក្នុងកាលៈទេសៈ នៃវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការសង្គ្រោះ ការពារអាយុជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលទទួលរងដោយជំងឺនេះ ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ ដោយមិនបានទទួលការព្យាបាល បានថែទាំងអ្នកកើតជំងឺកូវីដដោយមិនគិតថ្លៃ និងបានប្តេជ្ញាចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដជូនប្រជាជនឱ្យបានយ៉ាងតិច ១០លាននាក់ នៅក្នុងឆ្នាំនេះ។

យុទ្ធសាស្ត្រវ៉ាក់សាំងនេះ បានទទួលជោគជ័យគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតនេះដោយសារតែមាន ការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចនាយករដ្ឋមន្ត្រី និងដោយមានការចូលរួមគាំទ្រពីប្រទេសជាមិត្ត សហគមន៍អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋរបស់យើង»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី។

ថ្នាក់ដឹកនាំរដ្ឋសភារូបនេះ បានសង្កត់ធ្ងន់ថា ស្ដារសេដ្ឋកិច្ចសង្គមឱ្យងើបឡើងវិញ គឺអាស្រ័យទាំងស្រុងទៅលើល្បឿននៃការចាក់វ៉ាក់សាំង និងការគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ។ ក្នុងបរិបទនេះចាំបាច់ត្រូវធ្វើការកែទម្រង់ឱ្យបានហ្មត់ចត់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីឱ្យស្របទៅនឹងសភាពការណ៍ជាក់ស្ដែង បំពេញទៅនឹងតម្រូវការបន្ទាន់ និងចាំបាច់របស់ប្រជាពលរដ្ឋប្រើប្រាស់ធនធានហិរញ្ញវត្ថុ ឱ្យបានប្រសើរបំផុតដោយធ្វើការបែងចែកថវិកាទៅលើវិស័យជាអាទិភាពនានា គាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសង្គម ព្រមទាំងកសាងបាននូវភាពស៊ាំ ត្រូវលើកកម្ពស់ការស្ដារ និងការងើបឡើងវិញប្រកបដោយភាពធន់ បរិយាប័ន្ន និងបៃតង៕